ភូមិភាគ​ភ្នំពេញ​ជំរុញ​ឱ្យ​គ្រួសារ​គ្រីស្តបរិស័ទ​ប្រកាស​ដំណឹងល្អ​

ព្រះសហគមន៍ភូមិភាគភ្នំពេញ ជំរុញឱ្យគ្រីស្តបរិស័ទ​ប្រកាសដំណឹងល្អ​តាមរយ:​ក្រុមគ្រួសារ​ ដោយមានផែនការទំនាក់ទំនងជាមួយក្រុមគ្រួសារផ្ទាល់ខ្លួន ​ជាមួយក្រុមគ្រួសារផ្សេងទៀត និងជាមួយ​ព្រះជាម្ចាស់។

កម្ម​វិធី​នេះ​ប្រព្រឹត្តទៅ​នា​ថ្ងៃ​ទី​២៣ តុលា​ ២០២២ ដឹកនាំដោយលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ នៅ​ព្រះវិហារ​សន្តសិលានិង​សន្តប៉ូល ភ្នំពេញ​ថ្មី ដោយ​មាន​គ្រីស្ត​បរិស័ទ​ជាក្រុមគ្រួរសារ​ចូលរួម​ជាច្រើនកុះករ ជាពិសេស​មាន​តំណាង​ក្រុមគ្រួសារ​កាតូលិក​ទាំង​៩មណ្ឌលសកម្មភាព​ចូលរួម​ផងដែរ។

​លោក​អភិបាល​ណែនាំ​គ្រីស្ត​បរិស័ទ​ឱ្យ​រីកចម្រើន​នៅក្នុង​ជីវិត​ជា​គ្រីស្ត​បរិស័ទ​​ដោយ ​ត្រូវ​ដាក់​ខ្លួន​និងទទួលស្គាល់ជាមនុស្សតូចតាច និង​សូមព្រះអង្គប្រទានក្ដីស្រឡាញ់ ក្ដី​សង្ឃឹម និងជំនឿយ៉ាងរឹងមាំ។ លោក​បញ្ជាក់​ថា ការដាក់ខ្លួន​ទទួល​ស្គាល់​ពី​ព្រំដែន​និង​ចំណុច​ខ្សោយរបស់ខ្លួន នាំឱ្យ​​​​​​បង្កើត​ទំនាក់​ទំនងជាមួយព្រះជាម្ចាស់ នៅក្នុងគ្រួសារនិង​ជាមួយ​មនុស្ស​ឯទៀតៗ។

លោកអភិបាល​បញ្ជាក់​ថា​​យើង​បង្កើត​ទំនាក់​ទំនង​ជាមួយ​ព្រះជាម្ចាស់​បាន​លុះត្រាតែ​ យើង​ដាក់​ខ្លួន​ទទួល​ស្គាល់​​ឋានៈ​របស់​យើង​ជា​មនុស្ស​ទាប និងយក​គំរូ​គ្រួសារ​ដ៏វិសុទ្ធមាន​សន្ត​យ៉ូសែប ព្រះនាង​ម៉ារី និង​ព្រះ​កុមារ​យេស៊ូ។

ជាមួយ​គ្នា​នេះ​ដែរ លោក​បូជាចារ្យ​ទទួល​បន្ទុក​ថែទាំគ្រួសារគ្រីស្ត​បរិស័ទ​ភូមិភាគភ្នំពេញ អ៊ុន សុន ​មាន​ប្រសាសន៍ថា ទិវាក្រុម​គ្រួសារយ៉ាង​ឱឡារិក​នៅក្នុង​ថ្ងៃនេះ​ដើម្បី​បង្ហាញ​អំពីបេសកកម្មដែលព្រះសហគមន៍ត្រូវប្រកាសដំណឹងល្អ និង​ឱ្យ​គ្រួសារ​ទទួល​ស្គាល់​តម្លៃជាជីវិតជាគ្រួសារគ្រីស្ត​បរិស័ទ​ហើយ​រៀន​រស់នៅ​តាម​របៀប​ជា​សហគមន៍​គ្រីស្តបរិស័ទ។

ក្នុងនាមជាបូជាចារ្យ​ទទួលខុសត្រូវថែទាំក្រុមគ្រួសារគ្រីស្ត​បរិស័ទ​ភូមិភាគភ្នំពេញ លោក​មាន​គម្រោង​នឹង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ ដោយ​មាន​ទាំង​ការ​អប់រំ​មុន​ពេល​រៀបចំ​អាពាហ៍ពិពាហ៍ រហូត​ដល់​ជីវិត​ជាគ្រួសារ។

លោក​បញ្ជាក់ថា លោក​បានរៀបចំឯកសារកម្មវិធីអធិដ្ឋាននិង​កម្មវិធីអប់រំ​មួយ​ចំនួន​សម្រាប់​ឪពុកម្តាយ​និង​កូនៗ​​របស់​ពួកគាត់ ព្រោះកូនៗ​ទាំងនេះ​នឹងមាន​ការ​ត្រាស់​ហៅពីព្រះជាម្ចាស់​ ហើយ​ការត្រាស់ហៅ​នឹង​មាន​ លុះត្រាតែ​គ្រួសារ​នោះ​ចេះអប់រំចេះណែនាំកូនរបស់ខ្លួន។

កន្លង​មក​ព្រះសហគមន៍ភូមិភាគ​ភ្នំពេញ​បាន​រិះគិត​អំពី​ក្រុម​គ្រួសារ​ តែ​ក្រោយ​មក​ក៏​បាន​ផ្អាក​មួយរយៈដោយសារ​​​កូវីដ-១៩ ដោយ​ផ្តោត​សំខាន់​លើ​ជីវិត​គ្រួសារ​នៃការប្រកាស​ដំណឹងល្អ។

ហើយ​នៅ​ក្នុងទិវា​នេះ លោក​អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ស្នើ​សុំ​ឲ្យ​បូជាចារ្យទទួល​ខុស​ត្រូវ​នៅតាម​មណ្ឌល​សកម្មភាព​ទាំង​៩ ប្រមូល​ក្រុម​គ្រួសារ​ និង​ថ្វាយអភិបូជា​ ទទួល​ព្រះពរ​និង​រិះ​គិត​អំពី​ជីវិត​គ្រួសារ​រួម​ជាមួយគ្នា។​

លោកអភិបាលអូលីវីយ៉េ​មានប្រសាសន៍ថា «គ្រួសារដែល​ជាមូលដ្ឋាន​គ្រឹះ​នៃ​សង្គម​និង​ជា​មូលដ្ឋានគ្រឹះនៃព្រះសហគមន៍ផងដែរ។»

លោកអភិបាល​​បញ្ជាក់ថា «ខ្ញុំមាន​របៀប​សម្រាប់​ក្រុម​គ្រួសារ​ដែល​រៀបការ​ហើយ​ឲ្យ​រួមគ្នា​ធ្វើ​ដំណើរ​ ជាពិសេសគ្រួសារដែលមានសមាជិក​ជាអន្តរសាសនា​និង​គ្រួសារ​ដែល​មាន​បញ្ហាផងដែរ ដោយទទួលបាន​ការលើកទឹកចិត្តពី​ក្រុមគ្រួសារ​ផ្សេងៗ និង​ពី​ព្រះសហគមន៍​ ដើម្បីឱ្យគេមានសេចក្តីសុខ និងមានកម្លាំងថែមទៀត។»

«តាមរយៈ​ការណែនាំ​របស់​លោកអភិបាល ថ្មីៗ​នេះខ្ញុំ​នឹង​ខិតខំ​រស់នៅ​ជាគ្រួសារ​គំរូ​ដល់​គ្រួសារផ្សេងៗទៀត» ជាការរៀបរាប់របស់​លោកអន វិចិត្រ អាយុ៣៩ឆ្នាំ ជា​តំណាង​ គ្រួសារ​នៅព្រះវិហារ​សន្តសិលា​និងសន្តប៉ូល​ភ្នំពេញថ្មី​​។

លោក​វិចិត្រ​បន្តថា «គ្រួសារ​ខ្ញុំ​​ខ្វះភាពកក់ក្ដៅដោយមិនសូវបាន​មើលឃើញពីអត្ថន័យ​ជីវិត​ជា​គ្រួសារ ​ជាពិសេស​ការអប់រំ​ដល់កូនចៅរបស់យើងសព្វថ្ងៃ»។

លោក​បញ្ជាក់ថា ការអប់រំកូនចៅនេះគឺណែនាំឱ្យ​ពួកគាត់​យកចិត្តទុកដាក់ រស់នៅ​សមរម្យដោយធ្វើជាគំរូរបស់គាត់តាមរយៈពាក្យសម្ដី​និង​សកម្មភាពល្អៗ​ ជាពិសេស​នៅ​ក្នុង​ជំនឿ ដូចជា​ចូលវិហារ អធិដ្ឋាន និងស្ដាប់ព្រះបន្ទូល​ជាអ្វី​ដែល​សំខាន់​សម្រាប់​ផ្លូវ​វិញ្ញាណ និងអាចឱ្យ​គាត់មើលឃើញនិងចង់អនុវត្តតាម​។

នៅក្នុង​ទិវាថ្ងៃនេះ លោក​អភិបាល​ផ្ដល់​នូវ​អនុសាសន៍​ដល់ក្រុមគ្រួសារនៅក្នុង​ការ​ប្រកាស​​​ដំណឹង​ល្អ ដែល​រួម​មាន ប្រកាសដំណឹងល្អតាមរយៈ​វប្បធម៌និង​ជីវិត​រស់នៅ​ប្រចាំ​​ថ្ងៃ​របស់ខ្លួន បង្កើត​ទំនាក់ទំនងនៅក្នុង​គ្រួសារ​ផ្ទាល់ខ្លួន​និង​ជា​មួយ​គ្រួសារ​ដទៃ​​ដោយ​ស្ដាប់​គ្នា​ ​ លើក​លែងទោស​ឱ្យគ្នា​ និងមិន​មើល​ងាយ​គ្នា ម្យ៉ាងទៀតគឺ​ត្រូវរៀន​ទំនាក់​ទំនង​​ជាមួយ​ព្រះជាម្ចាស់​ដើម្បី​ឱ្យ​គ្រួសារ​​ចាក់គ្រឹះនៃក្នុងប្រទេសកម្ពុជា​តាមរយៈ​គ្រួសារព្រះសហគមន៍ ។

ក្នុងនោះដែរ លោកអភិបាល​បាន​ប្រាប់​អំពី​ គម្រោងការដែល​​ភូមិភាគភ្នំពេញនឹង​ត្រូវ​អនុវត្ត​សម្រាប់​ក្រុម​គ្រួសារនោះ​រួម​មាន អប់រំ​យុវជន​ដែល​ត្រៀម​ខ្លួន​រៀបអាពាហ៍ពិពាហ៍ រៀបចំ​​មេរៀន​និងឯកសារ​ច្បាស់លាស់ដើម្បីអប់រំគូស្រករមុនពេលរៀបការឱ្យ​មានចិត្តតែមួយ មាន​ភក្ដីភាព​ជានិច្ច និងអប់រំកូន រួមនិងរៀបចំ​ពីរបៀប​ធ្វើ​អគ្គសញ្ញា​អាពាហ៍ពិពាហ៍ឲ្យ​បានត្រឹម​ត្រូវ និងត្រូវគិតពីកន្លែងសំណាក់ធម៌ជាគ្រួសារ៕

ដោយដាលីស

More Photos: https://catholiccambodia.org/?p=28647

Facebook
Twitter
LinkedIn