អត្ថបទគម្ពីរ ថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ៦,១-៩

បងប្អូនជាទីស្រឡាញ់!
ដោយបងប្អូនគោរពកោតខ្លាចព្រះគ្រីស្ដ ដែលត្រូវគោរពចុះចូលគ្នាទៅវិញទៅមក។ កុមា‌រា​កុមា‌រី​អើយ ចូរ​ស្ដាប់​បង្គាប់​មាតា‌បិតា ដោយ​យល់​ដល់​ព្រះ‌អម្ចាស់​ ធ្វើ​ដូច្នេះ ទើប​ត្រឹម​ត្រូវ។ «ចូរ​គោរព​មាតា‌បិតា  (នេះ​ជា​វិន័យ​ទីមួយដែល​មាន​ទាំង​ព្រះ‌បន្ទូល​សន្យា​ជាប់​មក​ជា​មួយ​ផង) ដើម្បី​ឱ្យបាន​សេចក្ដី​សុខ និង​មាន​អាយុ​វែង​នៅ​លើ​ផែន‌ដី​នេះ»​។ រីឯ​បង‌ប្អូន​ដែល​ជា​ឪពុក​វិញ កុំ​ធ្វើ​ឱ្យ​កូន​របស់​ខ្លួន​មួម៉ៅ​នោះ​ឡើយ តែ​ត្រូវ​អប់រំ​វា​ដោយ​ពាក្យ​ប្រៀន‌ប្រដៅ និង​ដំបូន្មានស្រប​តាម​ព្រះ‌អម្ចាស់។ បង‌ប្អូន​ជា​ខ្ញុំ​បម្រើ​អើយ ចូរ​ស្ដាប់​បង្គាប់​ម្ចាស់​របស់​ខ្លួន​ក្នុង​លោក​នេះ ដោយ​គោរព​កោត​ខ្លាច​ញាប់​ញ័រ និង​ដោយ​ចិត្ត​ស្មោះ​សរ ដូច​ស្ដាប់​បង្គាប់​ព្រះ‌គ្រីស្ត​ដែរ មិន​ត្រូវ​ធ្វើ​ដូច្នេះ ដើម្បី​គ្រាន់​តែឱ្យ​ម្ចាស់​ទាំង​នោះ​ឃើញ​ថា បង‌ប្អូន​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ឡើយ គឺ​ត្រូវ​ធ្វើ​ដូច​ជា​ខ្ញុំ​បម្រើ​ព្រះ‌គ្រីស្ត ដែល​យក​ចិត្ត​ទុក​ដាក់ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់។ ត្រូវ​បម្រើ​ម្ចាស់​ដោយ​ស្ម័គ្រ​ចិត្ត ដូច​បម្រើ​ព្រះ‌អម្ចាស់ ពុំ​មែន​បម្រើ​មនុស្ស​ទេ ដោយ​ដឹង​ថា​មនុស្ស​ម្នាក់ៗ ទោះ​ជា​អ្នក​ងារ ឬ​អ្នក​ជា​ក្តី នឹង​ទទួល​រង្វាន់​ពី​ព្រះ‌អម្ចាស់ តាម​អំពើ​ល្អ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ រីឯ​បង‌ប្អូន​ដែល​ជា​ម្ចាស់​វិញ ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នក​បម្រើ​របស់​បង‌ប្អូន​បែប​នោះ​ដែរ គឺ​មិន​ត្រូវ​គំរាម​កំហែង​គេ​ឡើយ។ តោង​ដឹង​ថា ទាំង​ពួក​គេ ទាំង​បង‌ប្អូន​មាន​ម្ចាស់​តែ​មួយ​នៅ​ស្ថាន​បរម‌សុខ ហើយ​ព្រះ‌អង្គ​មិន​រើស​មុខ​នរណា​សោះ​ឡើយ។

ទំនុកតម្កើងលេខ ១៤៥(១៤៤),១០-១៤ បទកាកគតិ

១០បពិត្រព្រះម្ចាស់សត្វលោកទាំងអស់មានច្រើនពេកក្រៃ
នាំគ្នាតម្កើងរុងរឿងសិរីរាស្រ្ដទាំងប្រុសស្រី
ក៏ថ្កើងទ្រង់ដែរ
១១គេនឹងរៀបរាប់ព្រះរាជ្យគួរគាប់រុងរឿងស្ថិតស្ថេរ
របស់ព្រះអង្គឥតមានប្រួលប្រែអានុភាពឥតកែ
ព្រះអង្គនៅគង់
១២ដើម្បីឱ្យមនុស្សទាំងស្រីទាំងប្រុសគ្រប់គ្នាបានដឹង
ពីការអស្ចារ្យរបស់ព្រះអង្គរស្មីរឿងរុង
ចិញ្ចែងចិញ្ចាច
១៣ព្រះរាជ្យព្រះអង្គស្ថិតនៅយូរលង់ពេញដោយអំណាច
គ្រងរាជ្យអស់កល្បព្រោះទ្រង់ជាសេ្ដចបារមីអង់អាច
ស្ថិតយូរវស្សា
ព្រះអម្ចាស់តែងគោរពឥតក្លែងបន្ទូលសន្យា
អ្វីដែលទ្រង់ធ្វើសុទ្ធតែអស្ចារ្យសប្បុរសមេត្តា
ករុណាអាសូរ
១៤ព្រះអង្គលើកស្ទួយអ្នកហេវហត់ព្រួយដួលយំស្រែកថ្ងូរ
ទ្រង់លើកអ្នកអស់សង្ឃឹមឱ្យឈរពង្រឹងជំហរ
ឱ្យល្អវិញបាន

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១៣,២៩

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ត្រាស់ហៅយើងជាមនុស្សមកពីទិសទាំងបួន ឱ្យចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៣,២២-៣០

ព្រះ‌យេស៊ូ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​កាត់​តាម​ក្រុង តាម​ភូមិ​នានា ព្រម​ទាំង​ប្រៀន‌ប្រដៅ​អ្នក​ស្រុក​ផង។ មាន​បុរស​ម្នាក់​ទូល​សួរ​ព្រះ‌អង្គ​ថា៖«បពិត្រ​ព្រះ‌អម្ចាស់! អ្នក​ដែល​ព្រះ‌ជាម្ចាស់​សង្គ្រោះមាន​ចំនួន​តិច​ទេ​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖«ចូរ​ខំ​ប្រឹង​ចូល​តាម​ទ្វារ​ចង្អៀត។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មាន​មនុស្ស​ជា​ច្រើន​ខំ​ចូល​ដែរ ក៏​ប៉ុន្តែ គេ​មិន​អាច​ចូល​បាន​ឡើយ។ កាល​ណា​ម្ចាស់​ផ្ទះ​ក្រោក​ទៅ​បិទ​ទ្វារ​ជិត​ហើយ អ្នក​រាល់​គ្នា​នឹង​ឈរ​នៅ​ខាង​ក្រៅគោះ​ទ្វារ​ផ្ទះ​ទាំង​អង្វរ​ថា “ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​ទ្វារឱ្យយើង​ខ្ញុំ​ផង”។ ម្ចាស់​ផ្ទះ​នឹង​តប​មក​អ្នក​រាល់​គ្នា​ថា “យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ!”។ អ្នក​រាល់​គ្នា​មុខ​ជា​ជម្រាប​លោក​ថា “យើង​ខ្ញុំ​ធ្លាប់​បរិភោគ​ជា​មួយ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ធ្លាប់​ប្រៀន‌ប្រដៅ​យើង​ខ្ញុំ​នៅ​តាម​ភូមិ​ដែរ”។ លោក​នឹង​ប្រាប់​អ្នក​រាល់​គ្នា​វិញ​ថា “ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ! ចូរ​ថយ​ចេញឱ្យឆ្ងាយ​ពី​យើង​ទៅ យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ!”។ កាល​អ្នក​រាល់​គ្នា​ឃើញ​លោក​អប្រាហាំ លោក​អ៊ីសាក លោក​យ៉ាកុប និង​ព្យាការីទាំង‌ឡាយស្ថិត​នៅ​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់ តែ​ព្រះ‌អង្គ​ចោល​អ្នក​រាល់​គ្នា​ឱ្យ​នៅ​ខាង​ក្រៅ អ្នក​រាល់​គ្នា​នឹង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ។ មាន​មនុស្ស​មក​ពី​ទិស​ទាំង​បួន ចូល​រួម​ពិធី​ជប់‌លៀង​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់។ ពេល​នោះ អ្នក​ខ្លះ​ដែល​នៅ​ខាង​ក្រោយ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ រីឯ​អ្នក​ខ្លះ​ដែល​នៅ​ខាង​មុខនឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​វិញ»។

Facebook
Twitter
LinkedIn