គ្រូបង្រៀន​ជា​អ្នក​សាង​អនាគត​កុមារ

លោកគ្រូ អ្នកគ្រូសាលាមត្តេយ្យនិង​បឋម ក្នុងព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង​ចំនួន​៣៥នាក់ បាន​ចូលរួម​សិក្ខាសាលា ស្តីអំពី «យើងជាអ្នកកសាងអនាគតរបស់កុមារ» ដែលរៀបចំឡើងដោយក្រុម​ដូនជី​បុត្រីព្រះនាងម៉ារីជាទីពឹងពំនាក់ (FMA) នៃសាលេស៊ាន​ដុន​បូស្កូ កាលពីថ្ងៃទី១២-១៥ ខែតុលា ធ្វើ​នៅសាលាដុនបូស្កូជ្រៃកោងបាត់ដំបង ស្ថិតនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ខេត្តបាត់ដំបង

ដូនជី ដៅធី មីហាញ ជាដូនជីFMA និង​ជា​គ្រូឧទ្ទេស មាន​ប្រសាសន៍ថា គោលដៅសំខាន់​ គឺ​​ឲ្យគ្រូបង្រៀន​ដឹងច្បាស់លាស់អំពី​តួនាទី​របស់​គាត់​ជា​​គ្រូសាលាមត្តេយ្យ​។ 

ដូនជី​បន្ថែម​ថា កុមារ​ក៏ជា​តំណាងរបស់ព្រះជាម្ចាស់ដែរ​ ហើយការ​បង្រៀន​ គឺ​មិនត្រូវ​ប្រកាន់ថា ជាកូនអ្នកមាន ឬកូនអ្នកក្រ អ្នកមិនពូកែ ឬពូកែនោះទេ។

ដូនជី​មីហាញ​ឲ្យ​ដឹងទៀតថា ក្នុងសិក្ខាសាលានេះ «ខ្ញុំបានចែករំលែកជាមួយគ្រូ អំពីគម្រោងរក្សាការពារក្មេង និងជំនាញបង្រៀនក្មេងក្នុងការរស់នៅប្រចាំថ្ងៃ គឺឲ្យក្មេងៗដឹងថាអ្វីដែលជាគ្រោះថា្នក់ និងអ្វីដែលល្អ។»

«គុណភាព និងគុណធម៌» ជា​រឿង​សំខាន់​ដែល​គ្រូត្រូវ​តែ​មាន ហើយ​ការ​ប្រើ​ពាក្យសម្តី​ទៅកាន់​កុមារ​គឺ​ត្រូវតែ​ជា​របៀប​វិជ្ជមាន។ គ្រូឧទ្ទេស​រូប​នេះ​បន្តថា ទោះបីពេលខ្លះកុមារ​នោះ​​ខូចបន្តិចក្តី ប៉ុន្តែគ្រូត្រូវមានរបៀបក្នុងការលើកទឹកចិត្តដល់សិស្ស ដើម្បីប្តូរនិងកែកូនសិស្ស។

លោក ឌី ចាន់ឧត្តម ជាគ្រូបង្រៀននៅសាលាបឋមសិក្សាឧបការគុណ ក្នុង​ខេត្ត​កំពង់ឆ្នាំងបានលើកឡើងថា ការអប់រំដល់កុមារគឺមានសារៈសំខាន់ ដោយសារវាជាមូលដ្ឋានគ្រឹះដំបូង និងជាពន្លកថ្មីដើម្បីអនាគតរបស់ពួកគាត់។

សព្វ​ថ្ងៃនេះ លោក​ចាន់​ឧត្តម​កំពុង​បង្រៀន​កុមារ​ដែល​រស់នៅ​លើ​ទឹក​ទន្លេ។​ លោក​បាន​លើក​ឡើង​ថា កុមារដែលរស់នៅលើទឹក គឺពួកគាត់អត់មានការអប់រំពីម្តាយឪពុកទេ ដោយសារតែឪពុកម្តាយមិនបានរស់នៅជាមួយពួកគាត់ ដោយ​ត្រូវទៅធ្វើការរកប្រាក់ ដូច្នេះហើយ​ មានតែ​គ្រូបង្រៀន​ប៉ុណ្ណោះ​ដែល​អាច​ជួយ​​ណែនាំ និងអប់រំពួកគាត់។

កញ្ញា យ៉ុង យី ជាអ្នកគ្រូសាលាមត្តេយ្យសន្តីតេរេសា នៃព្រះសហគមន៍ចំណោម ខេត្ត​បន្ទាយមានជ័យ​ឲ្យដឹងថា សិក្ខាសាលានេះ បានជួយ​ដល់​គាត់​​និងលោកគ្រូ អ្នកគ្រូផ្សេងទៀតអាចទទួលបទពិសោធន៍ថ្មីៗពីដូនជី​មីហាញ​ និង​យល់ដឹង​អំពី​វិធី​ដែល​អាច​បង្រៀន​កុមារ​តូចៗ​​រៀនស្គាល់ពីជីវិតខ្លួនឯង។

ក្រោយបញ្ចប់សិក្ខាសាលានេះ លោក​គ្រូអ្នកគ្រូទាំងអស់​បាន​ទទួល​​វិញ្ញាបនបត្របញ្ជាក់​ពីការ​ចូលរួម​ផងដែរ។

លោកគ្រូ អ្នកគ្រូដែលបានមកចូលរួម មកពីសាលានេះ​ព្រះសហគមន៍​កាតូលិក​ដូចជា សាលាមត្តេយ្យសន្តយ៉ូសែបតាហែន សាលាមត្តេយ្យសន្តអន់ដ្រេនិគម  សាលាមត្តេយ្យសន្តប៉ូលស្នឹង សាលាមត្តេយ្យដុនបូស្កូជ្រៃកោង   សាលាមត្តេយ្យមាតានៃសន្តិភាពប៉ោយប៉ែត  សាលាមត្តេយ្យសន្តីតេរេសាចំណោម  សាលាមត្តេយ្យពន្លកថ្មីបាត់ដំបង  សាលាមត្តេយ្យព្រះកុមារយេស៊ូទំពូង  សាលាមត្តេយ្យសន្តអន់តូនខ្នាចរមាស​  សាលាមត្តេយ្យគោកជ័រ​  និងសាលាបឋមសិក្សាឧបការគុណកំពង់ឆ្នាំង៕

ដោយសេង ​មួយ

Facebook
Twitter
LinkedIn