លោក​អភិបាលអូលីវីយ៉េ អញ្ជើញ​គ្រីស្ត​បរិស័ទ​ស្ដាប់ព្រះបន្ទូល​តាម​រយៈបច្ចេកវិទ្យា

«នៅក្នុងខែព្រះហសគមន៍ប្រកាសដំណឹងល្អ ខ្ញុំអញ្ជើញបងប្អូនរស់នៅជាមួយព្រះបន្ទូលយ៉ាងជិតស្និទ្ធប្រចាំថ្ងៃ ដោយភ្ជាប់ជាមួយ APPLICATION ដែលបង្កើតដោយមជ្ឈមណ្ឌលអប់ជំនឿកាតូលិកសន្តអ៊ីរេណេ និងការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមនានារបស់ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក(CSC)។» នេះជាប្រសាសន៍របស់លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស៊្លេរ ថ្លែងនៅក្នុងធម្មទេសនាទៅកាន់គ្រីស្តបរិស័ទប្រមាណជាង៣០០នាក់ នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពន់ ក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ក្រុងភ្នំពេញ។
នៅក្នុងធម្មទេសនា នាថ្ងៃទី១៦ តុលា លោកអភិបាលបញ្ជាក់ទៀតថា នៅពេលដែលព្រះបន្ទូលរបស់ជាម្ចាស់ធ្វើការ ព្រះវិញ្ញាណដ៏វិសុទ្ធធ្វើការ នាំឱ្យព្រះសហគមន៍របស់យើងទៅជាព្រះសហគមន៍របស់ព្រះជាម្ចាស់។
លោកបន្ថែមថា មូលដ្ឋានរបស់យើងជាគ្រីស្តបរិស័ទគឺការអប់រំបំភ្លឺពីព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈព្រះបន្ទូលដែលជាគោលនៃជំនឿនៃការអប់រំជីវិតរបស់យើង ហើយយើងមិនត្រឹមតែនិយាយ ប៉ុន្តែយើងរស់នៅតាមព្រះបន្ទូលដើម្បីឱ្យបេសកកម្មរបស់យើងពោរពេញទៅដោយតម្លៃ។
លោកអភិបាលភូមិភាគភ្នំពេញថ្លែងនៅក្នុងកិច្ចសម្ភាសរបស់សារព័ត៌មានកាតូលិកថា «ព្រះបន្ទូលជាមូលដ្ឋាននៃជីវិតរបស់យើង ដើម្បីប្រៀនប្រដៅឱ្យយើងខ្លួនឯងនិងអ្នកដទៃកែប្រែចិត្តគំនិត ដឹងខុសត្រូវ រស់នៅតាមររបៀបសុចរិត»។
ក្នុងខែនៃការប្រកាសដំណឹងល្អ លោកអភិបាលអូលីវីយ៉េ បានជំរុញឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់បន្ថែមទៀតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានារបស់ព្រះសហគមន៍កាតូលិក ទាំងបណ្តាញសង្គមផងដែរ ដោយចំណាយពេលវេលា ត្រឹមតែ៥-១០នាទី ដើម្បីស្ដាប់ឬអានព្រះបន្ទូល ដើម្បីណែនាំឱ្យជីវិតរបស់យើងភ្លឺស្វាងពីមួយថ្ងៃទៅមួយថ្ងៃ។
អ្នកស្រី គឹម ពិសី វ័យ៤០ឆ្នាំ ជាគ្រីស្តបរិស័ទនៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន និយាយថា «ពីមុនខ្ញុំមិនសូវចាប់អារម្មណ៍ទៅនឹងព្រះបន្ទូលដែលបានផ្សព្វផ្សាយរាល់ថ្ងៃនេះទេ ទោះបីជាមានសារនៅក្នុងទូរស័ព្ទក៏ដោយ។»
អ្នកស្រីបន្ថែមថា ប្រសាសន៍របស់លោកអភិបាលនៅថ្ងៃនេះ បានឲ្យគាត់ភ្ញាក់ស្មារតី។ អ្នកស្រីបញ្ជាក់ថា «ពេលខ្លះយើងសប្បាយជាមួយទូរសព្ទ មើលតែហ្វេសប៊ុកលើរឿងឥតប្រយោជន៍ ហើយភ្លេចចំណុចនេះ»។
ការរស់នៅប្រចាំថ្ងៃដោយភ្ជាប់នឹងព្រះបន្ទូលជារឿងសំខាន់ នេះជាអ្វីដែលគ្រីស្តបរិស័ទដូចរួបគាត់ត្រូវធ្វើ។ អ្នកម្ដាយមានកូន៣ក្នុងបន្ទុកបាននិយាយទៀតថា «កុំឱ្យជំពាក់ថ្ងៃអាទិត្យ ទោះបីជាការងារហត់នឿយក៏ដោយ»។
អ្នកស្រីពិសីលើកឡើងទៀតថា «ខ្ញុំមានមោទនភាពដែលកូនប្រុសចាប់អារម្មណ៍ព្រះបន្ទូលដោយអានព្រះគម្ពីរចប់ក្នុងរយៈពេលជាងមួយខែ» ។
ជាមួយគ្នានេះដែរ លោក ថុង ថន អាយុ៣៩ឆ្នាំ ជាគ្រីស្តបរិស័ទម្នាក់ទៀតលើកឡើងថា ក្នុងរយៈពេល៣ខែចុងក្រោយនេះ «ខ្ញុំត្រូវត្រៀមខ្លួនជាគ្រីស្តបរិស័ទគំរូមួយនៅក្នុងគ្រួសារ និងនៅក្នុងសង្គម ដើម្បីប្រកាសដំណឹងល្អ។»
លោកបន្ថែមថា លោកនឹងខិតខំផ្សារភ្ជាប់ជីវិតទៅនឹងព្រះបន្ទូលតាមរយៈការផ្សាយរបស់ព្រះសហគមន៍។ លោកបញ្ជាក់ថា លោកត្រូវនាំកូនមកព្រះវិហារទៀងទាត់ ចូលរួមអភិបូជា និងត្រូវយល់ពីអត្ថន័យព្រះបន្ទូលព្រះជាម្ចាស់។
លោបន្ថែមថា ការអានព្រះបន្ទូលជារបៀបមួយជួយលោកឱ្យចេះទប់អារម្មណ៍នៅពេលខឹងកូនៗផងដែរ។
នៅក្នុងខែតុលានេះ សម្ដេចប៉ាបជំរុញឱ្យព្រះសហគមន៍កាតូលិកក្នុងសាកលលោកទាំងមូល អធិដ្ឋានសម្រាប់ការប្រកាសដំណឹងល្អ។ ដោយឡែកព្រះសហគមន៍ភូមិភាគភ្នំពេញក៏បានជំរុញឱ្យគ្រីស្តបរិស័ទអធិដ្ឋាន ស្ដាប់ព្រះបន្ទូល និងអនុវត្តព្រះបន្ទូលនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីប្រកាសដំណឹងល្អ៕
ដោយដាលីស

Facebook
Twitter
LinkedIn