សន្តអ៊ីញ៉ាស នៅក្រុងអន់ទីយ៉ូក
ជាអភិបាល និងជាមរណសាក្សី
“គ្រីស្តបរិស័ទបានបោះឆ្នោតជ្រើសរើសលោកអ៊ីញ៉ាសឱ្យធ្វើជាអភិបាលព្រះសហគមន៍ក្រុងអន់ទីយ៉ូក តពីអភិបាលដែលបានបន្តមុខងារពីលោកសិលាមក។ អាជ្ញាធរបានបញ្ជូនលោកពីស្រុកស៊ីរ៉ីទៅក្រុងរ៉ូម ដើម្បីឱ្យសត្វសាហាវហែកស៊ី ព្រោះលោកធ្វើសាក្សីថ្វាយព្រះគ្រីស្ត។ ដល់ក្រុងស្មៀរណា ជាទីក្រុងលោកប៉ូលិការបូសរស់នៅ។ លោកសរសេរលិខិតប្រាំពីរច្បាប់ដ៏មានខ្លឹមសារខ្ពង់ខ្ពស់តាមរបៀបគ្រីស្តទូតប៉ូល។ ក្នុងលិខិតនោះ លោកយកចិត្តទុកដាក់ប្រៀនប្រដៅគ្រីស្តបរិស័ទឱ្យរួបរួមគ្នាជាធ្លុងតែមួយក្នុងព្រះសហគមន៍។ លោកក៏បង្ហាញបំណងរបស់លោក គឺលោកចង់ទៅរស់នៅជាមួយព្រះគ្រីស្ត៖ “ខ្ញុំជាស្រូវរបស់ព្រះជាម្ចាស់ ធ្មេញសត្វសាហាវមុខជាកិនទំពារស្រូវនោះ ដើម្បីឱ្យទៅជាអាហារដ៏និម្មលរបស់ព្រះគ្រីស្ត”។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ១,១៥-២៣
បងប្អូនជាទីស្រឡាញ់!
កាលពីមុន បងប្អូនស្លាប់ព្រោះតែកំហុស និងអំពើបាបរបស់បងប្អូនទៅហើយ។ ពីដើម បងប្អូនរស់នៅតាមរបៀបលោកកីយ៍នេះ គឺតាមវត្ថុស័ក្ដិសិទ្ធដែលគ្រប់គ្រងពិភពលោកនេះ ហើយដែលមានឥទ្ធិពលលើអស់អ្នកដែលប្រឆាំនឹងព្រះជាម្ចាស់ នៅបច្ចុប្បន្នកាលនេះ។ រីឯយើងទាំងអស់គ្នាវិញ ពីដើម យើងក៏ដូចពួកគេដែរ យើងបណ្ដោយខ្លួនទៅតាមតណ្ហាលោភលន់នៃលោកីយ៍នេះ យើងប្រព្រឹត្តអំពើផ្សេងៗ ស្របតាមទំនើងចិត្តលោកីយ៍ និងតាមគំនិតរបស់យើង។ ពីកំណើតមក យើងជាមនុស្សដែលត្រូវតែទទួលទោសពីព្រះជាម្ចាស់ ដូចមនុស្សឯទៀតៗដែរ ក៏ប៉ុន្តែ ព្រះជាម្ចាស់ដែលតែងតែមានព្រះហបឫទ័យអាណិតមេត្តាដ៏ច្រើនពន់ប្រមាណនោះ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងបំផុត គឺទោះបីយើងស្លាប់ដោយសារអំពើបាបរបស់យើងហើយក៏ដោយ ក៏ព្រះអង្គបានប្រោសប្រទានឱ្យយើងមានជីវិតរស់រួមជាមួយព្រះគ្រីស្ដវិញដែរ។ ព្រះជាម្ចាស់បានសង្គ្រោះបងប្អូន មកពីព្រះអង្គមានព្រះហឫទ័យប្រណីសន្ដោស។ ព្រះអង្គបានប្រោសយើងឱ្យមានជីវិតដ៏រុងរឿង រួមជាមួយព្រះគ្រីស្ដយេស៊ូ និងឱ្យយើងអង្គុយលើបល្ល័ង្កនៅស្ថានបរមសុខរួមជាមួយព្រះអង្គដែរ។ ព្រះអង្គបង្ហាញព្រះហឫទ័យសប្បុរសចំពោះយើងក្នុងអង្គព្រះគ្រីស្ដយេស៊ូដូច្នេះ ដើម្បីបង្ហាញឱ្យមនុស្សគ្រប់ជំនាន់ខាងមុខស្គាល់ព្រះហឫទ័យប្រណីសន្ដោសដ៏ប្រសើរលើសលប់បំផុតរបស់ព្រះអង្គ។ ព្រះអង្គសង្គ្រោះបងប្អូន មកពីព្រះអង្គមានព្រះហឫទ័យប្រណីសន្ដោសដោយសារបងប្អូនមានជំនឿ។ ការសង្គ្រោះមិនមែនមកពីបងប្អូនទេ គឺជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្តអំពើល្អដែរ ដើម្បីកុំឱ្យនរណាម្នាក់អួតខ្លួនបាន។ យើងជាស្នាព្រះហស្ដដែលព្រះជាម្ចាស់បានបង្កើតមក ក្នុងអង្គព្រះគ្រីស្ដយេស៊ូ ដើម្បីឱ្យយើងប្រព្រឹត្តអំពើល្អ ដែលព្រះអង្គបានបម្រុងទុកជាមុនបម្រាប់ឱ្យយើងប្រព្រឹត្តតាម។
ទំនុកតម្កើងលេខ ១០០ (៩៩) ,១-៥ បទកាកគតិ
១ | មនុស្សលើផែនដី | ទាំងប្រុសទាំងស្រី | ចូរអបអរឡើង |
សាទរព្រះម្ចាស់ | ជាព្រះថ្កុំថ្កើង | ព្រះម្ចាស់នៃយើង | |
កុំរាឡើយណា | ។ | ||
២ | នាំគ្នាគោរព | ទាំងថ្ងៃទាំងយប់ | ដោយចិត្តជ្រះថ្លា |
នាំគ្នាមកជិត | អង្គព្រះចេស្ដា | ច្រៀងហ៊ោរខ្ញៀវខ្ញា | |
ដោយអរសប្បាយ | ។ | ||
៣ | ចូរដឹងគ្រប់គ្នា | ថាព្រះម្ចាស់ជា | ព្រះយើងគ្រប់កាយ |
ជាព្រះអម្ចាស់ | ពិតឥតក្លែងក្លាយ | បង្កើតយើងហើយ | |
ទ្រង់ថែថ្នាក់ថ្នម | ។ | ||
៤ | យើងនាំគ្នីគ្នា | ចូលកុំរួញរា | ដំណាក់សក្កិសម |
ទាំងអរព្រះគុណ | ព្រះម្ចាស់ឧត្តម | សរសើរបង្គំ | |
ព្រះនាមព្រះអង្គ | ។ | ||
៥ | ដ្បិតព្រះអម្ចាស់ | ទ្រង់សប្បុរសណាស់ | ករុណាហ្មត់ហ្មង |
គង់នៅស្ថិតស្ថេរ | អង្វែងកន្លង | ស្មោះស្ម័គ្រច្បាស់ច្បង | |
អស់កល្បតទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,៣
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គល! ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៣,១៣-២១
ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះយេស៊ូថា៖«លោកគ្រូ! សូមលោកមានប្រសាសន៍ប្រាប់បងខ្ញុំឱ្យយកកេរមត៌កមកចែកខ្ញុំផង»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅបុរសនោះថា៖«តើនរណាបានតែងតាំងខ្ញុំឱ្យធ្វើជាចៅក្រមចែកទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា?»។ រួចព្រះអង្គមានព្រះបន្ទូលទៅបណ្ដាជនថា៖«ចូរប្រយ័ត្ន! កុំលោភលន់ចង់បានទ្រព្យសម្បត្តិឱ្យសោះ។ ទោះបីមនុស្សមានសម្បត្តិបរិបូណ៌យ៉ាងណាក៏ដោយ ក៏ជីវិតគេមិនអាស្រ័យនៅលើទ្រព្យសម្បត្តិនោះឡើយ»។ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេថា៖ «មានបុរសម្នាក់ជាសេដ្ឋី ដីធ្លីរបស់គាត់បានផ្ដល់ភោគផលយ៉ាងបរិបូណ៌។ គាត់រិះគិតក្នុងចិត្តថា “ខ្ញុំគ្មានកន្លែងដាក់ភោគផលទាំងអស់របស់ខ្ញុំទេ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្ដេច?”។ គាត់គិតទៀតថា៖«ខ្ញុំត្រូវតែធ្វើយ៉ាងនេះ គឺរុះជង្រុកទាំងប៉ុន្មានរបស់ខ្ញុំចោល ហើយសង់ ជង្រុកឱ្យធំៗជាងនេះ រួចខ្ញុំនឹងប្រមូលស្រូវ ព្រមទាំងភោគផលទាំងអស់មកដាក់ក្នុងជង្រុកថ្មីនោះ។ បន្ទាប់មក ខ្ញុំនឹងនិយាយប្រាប់ខ្លួន ឯងថា ឱខ្ញុំអើយ! មានសម្បតិ្តយ៉ាងច្រើនបរិបូណ៌បម្រុងទុកចិញ្ចឹមជីវិតសម្រាប់ច្រើនឆ្នាំ ខ្ញុំត្រូវសម្រាកគិតតែស៊ីផឹកសប្បាយទៅ!»។ ប៉ុន្ដែ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់សេដ្ឋីនោះថា «នែ៎! មនុស្សឆោតល្ងង់អើយ! យប់នេះ យើងនឹងផ្ដាច់ជីវិតអ្នកហើយ។ ដូច្នេះ ទ្រព្យសម្បត្តិដែលអ្នកបានប្រមូលទុកសម្រាប់ខ្លួនអ្នកនឹងបានទៅជារបស់នរណាវិញ?។ អ្នកណាប្រមូលទ្រព្យសម្បត្តិទុកសម្រាប់តែខ្លួនឯង ហើយគ្មានសម្បត្តិសួគ៌នៅក្នុងខ្លួន អ្នកនោះប្រៀបបីដូចជាសេដ្ឋីនោះដែរ»។