ក្រុមជំទង់ភូមិភាគភ្នំពេញជួបជុំគ្នារិះគិតពី បរិស្ថានជាជីវិត

ជំទង់​ចំនួន​១៤០នាក់ មក​ពី​​មណ្ឌលសកម្មភាពទាំង​៩របស់​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ ដែលមាន​អាយុ​ចាប់​ពី​១៣ដល់​១៨ឆ្នាំ បាន​ចូលរួម​កម្មវិធី​បោះ​ជំរំ​ ស្តីអំពី​ “បរិស្ថានជាជីវិត” ដែលរៀបចំដោយក្រុមការិយាល័យជំទង់ ភូមិភាគភ្នំពេញ ​ដែល​ធ្វើ​ឡើង​នៅឌឹវ៉ាញ​ភ្នំវល្លិ៍ (The Vine Phnom Vor) នៃ​ខេត្ត​កែប៧-៩ ខែ​តុលា​នេះ។

តាមការឱ្យដឹងពីអ្នកស្រី នូវ ម៉ាលីន អ្នកទទួលខុសត្រូវផ្នែកជំទង់ នៃការិយាល័យ យុវជន ជំទង់ កុមារ និងគ្រួសារភូមិភាគភ្នំពេញ បានឱ្យដឹងថា ជំនួបជំទង់ភូមិភាគភ្នំពេញឆ្នាំ ២០២២ នេះ ផ្តោត​សំខាន់​លើ​គុណតម្លៃនៃបរិស្ថាន និង​ឈ្វេងយល់​អំពី​ស្នាព្រះហស្ដ​របស់​ព្រះជាម្ចាស់។

អ្នកស្រីម៉ាលីនបន្ថែមថា យើងក៏ចង់ឱ្យជំទង់ចេះស្រឡាញ់ ការពារបរិស្ថាន និងទទួល​បទ​ពិសោធការ​ស្នាក់នៅ​​ព្រៃភ្នំ ឬគេងតង់ដោយឆ្លងកាត់ឧបសគ្គមានអាកាសធាតុប្លែកពីផ្ទះរបស់ពួកគាត់ និងសំខាន់បំផុតចង់ឲ្យគាត់ស្គាល់​ព្រះជាម្ចាស់កាន់តែច្បាស់តាមរយៈការអធិដ្ឋាន ចូលរួមជាបូជានិងច្រៀងសរសើរតម្កើងព្រះជាម្ចាស់។

ជំទង់​ទាំងនេះ​ ភាគ​ច្រើន​គឺ​ជា​ពុទ្ធ​បរិស័ទ ហើយ​មាន​ខ្លះ​កំពុង​រៀន​អប់រំជំនឿ និង​​មាន​សកម្មភាព​ជា​មួយ​ព្រះសហគមន៍​ក្នុងក្រុម​កាយឫទ្ធិ។

ក្នុង​កម្មវិធី​បោះ​ជំរំ​រយៈពេល​២​ថ្ងៃ​នេះ ជំទង់​ទាំង​អស់​បាន​យល់​ដឹង​អំពី​អ្វីទៅជា​បរិស្ថាន និង​សារៈប្រយោជន៍​របស់​វា ព្រមទាំង​របៀប​នៃ​ការ​ថែរក្សា​ឲ្យ​បាន​ល្អ ដែល​ណែនាំ​ដោយ​កញ្ញា​ប៉ាញ ចិន្តាមកពីអង្គការ​ជេស្វីតសឺវីស​កម្ពុជាផ្នែកបរិស្ថាន ឱ្យជំទង់​រិះគិតអំពី ការបំពុលទឹក ការបំពុលខ្យល់ ព្រៃឈើ និងសំរាម ដោយគិតពីហេតុផល ផលប៉ះពាល់ វិធានការនៃការកាត់បន្ថយនិងគ្រប់គ្រង។

កញ្ញា ប៉ាញ ចិន្ដា វាគ្មិនបានបញ្ជាក់ថា សព្វ​ថ្ងៃ​​មនុស្ស​យើង​កំពុង​រស់នៅ ដោយ​អភិវឌ្ឍ​និង​​ផ្លាស់ប្ដូរលឿននៃ​របត់​សង្គម​ ដែល​បង្ក​ឲ្យ​មាន​ការបម្រែបម្រួលអាកាសមានដូចជា​ ទឹកជំនន់ ខ្យល់ព្យុះ ទឹកជំនន់ ភ្លើងឆេះព្រៃជាដើម។

អ៊ុយ គឹមឡុង អាយុ​១៤​ឆ្នាំ​ កំពុង​រៀន​អប់រំ​ជំនឿ នៅ​ព្រះសហគមន៍​កំពង់​អំពិល​នៃ​​​ខេត្ត​តាកែវ បាន​ឲ្យដឹងថា  នេះ​ជាលើកទី​១​​ដែល​គាត់​បាន​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ។ ក្រោយ​ឈ្វេង​យល់អំពី​បរិស្ថាន គឹម​ឡុង​យល់​ថា “បរិស្ថានមានសារៈសំខាន់ជួយផ្ដល់អ៊ុកហ្ស៊ីហ្សែន និងជាជម្រកដល់សត្វនិងមនុស្ស ​និងក្រៅពីព្រៃឈើ បរិស្ថានក៏ជាអ្វីៗដែលនៅជុំវិញខ្លួនយើងដែរ ហើយកាចោលសំរាមគ្មានសណ្ដាប់ធ្នាប់ ធ្វើឱ្យបរិស្ថានគ្មានសោភណ្ឌភាព និងប៉ះពាល់ដល់សុខភាព”។

ទាក់ទិនទៅនឹងសារ:នៃបរិស្ថាននេះដែរ ង៉ូវ ឆយី មកពីព្រះសហគមន៍គីរីវង់ រៀបរាប់ថា «ប្រសិនបើគ្មានបរិស្ថានយើងក៏គ្មានជីវិតរស់នៅសព្វថ្ងៃនេះដែរ។» ឆយី​បន្ថែម​ថា  «យើងរស់នៅលើផែនដីនេះត្រូវថែរក្សាបរិស្ថានដោយអាចចូលរួមគ្នាម្នាក់បន្តិចៗដើម្បីឱ្យផែនដីយើងមានជីវិតបានយូរអង្វែង។»

ជាមួយ​ការ​យល់​ដឹង​បន្ថែម​អំពី​ជីវចម្រុះ​និង​បរិស្ថាន លោក​អភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ អភិបាល​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ​ សង្ឃឹមថា នៅក្នុងរយៈពេលបីថ្ងៃនេះអាចជួយជំទង់និងកុមារភ្ញាក់ស្មារតីនៅក្នុងការបង្កើតទំនាក់ទំនងថ្មីទាំងធម្មជាតិទាំងជាមួយបងប្អូនទាំងជាមួយគ្រួសារនិងទាំងជាមួយព្រះជាម្ចាស់ ដើម្បីឱ្យអនាគតពួកគាត់ក្លាយទៅជាមនុស្សពេញវ័យដ៏ពេញលក្ខណៈ។

លោកអភិបាលបន្តថា «នៅពេលដែលយើងនិយាយអំពីបរិស្ថាន​ យើងមិននិយាយត្រឹមតែអំពីដើមឈើនិងផ្កា ប៉ុន្តែគឺគ្រប់ទំនាក់ទំនងដែលយើងមាននៅក្នុងពិភពលោក។»

លោ​កអភិបាល​អូលីវីយ៉េ បន្ថែមថា​ ទំនាក់ទំនងជាមួយឪពុកម្ដាយ សាលារៀន មិត្តភក្កិ និងសង្គមទូទៅជាពិសេសជាមួយព្រះជាម្ចាស់ ដែលជាបរិស្ថានរបស់យើង ដើម្បីណែនាំឱ្យយើងជាមនុស្សដែលបានទទួលជីវិតពីព្រះជាម្ចាស់ អាចរស់នៅក្នុងបរិស្ថាន ដូច្នេះយើង​ត្រូវ​ចេះគោរពគ្នា គោរពឪពុកម្ដាយបងប្អូន សាសនានិងព្រះជាម្ចាស់ ដែលណែនាំឱ្យយើងទៅជាគ្រួសារដ៏សុខសាន្តមួយ​នៅ​លើផែន​ដី៕

ដោយដាលីស

Facebook
Twitter
LinkedIn