សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ១,១-១០
ខ្ញុំប៉ូល ព្រះជាម្ចាស់សព្វព្រះហប្ញទ័យតែងតាំងជាសាសនទូតរបស់ព្រះគ្រីស្ដយេស៊ូ សូមជម្រាបមកបងប្អូនជាប្រជារាស្រ្ដដ៏វិសុទ្ធនៅក្រុងអេភេសូ ដែលជឿលើព្រះគ្រីស្ដយេស៊ូ។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រីស្ដប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្ដដល់បងប្អូន។ សូមលើកតម្កើងព្រះជាម្ចាស់ និងព្រះបិតារបស់ព្រះយេស៊ូគ្រីស្ដ ដែលជាព្រះអម្ចាស់នៃយើង! ព្រះអង្គបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ដ។ ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ដ តាំងពីមុនកំណើតពិភពលោកមក ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហប្ញទ័យស្រឡាញ់យើង។ ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ដ ស្របនឹងព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ ដើម្បីឱ្យយើងកោតសរសើរសិរីរុងរឿងនៃព្រះហប្ញទ័យប្រណីសន្ដោស ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ដោយយើងរួមក្នុងអង្គព្រះគ្រីស្ដនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះគ្រីស្ដ និងលើកលែងទោសឱ្យយើងបានរួចពីបាបតាមព្រះហប្ញទ័យប្រណីសន្ដោសដ៏លើសលប់របស់ព្រះអង្គ។ ព្រះជាម្ចាស់ប្រណីសន្ដោសយើងយ៉ាងខ្លាំងបំផុត គឺទ្រង់ប្រទានឱ្យយើងមានតម្រិះ និងប្រាជ្ញាវាងវៃគ្រប់យ៉ាង។ ព្រះអង្គបានប្រោសឱ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំងនៃព្រះហប្ញទ័យរបស់ព្រះអង្គតាមព្រះបំណងដ៏សប្បុរសដែលទ្រង់បានសម្រេចទុកជាមុនក្នុងព្រះហឫទ័យព្រះអង្គផ្ទាល់។ ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗសព្វសារពើដែលនៅលើមេឃ និងនៅលើផែនដីឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ដជាម្ចាស់តែមួយ។
ទំនុកតម្កើងលេខ ៩៨ (៩៧) ,១-៦ បទកាកគតិ
១ | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | កុំភ្លេចឡើយណា |
ដ្បិតទ្រង់ប្រព្រឹត្ត | សព្វកិច្ចអស្ចារ្យ | ដោយឫទិ្ធចេស្ដា | |
យកជ័យជម្នះ | ។ | ||
២ | ព្រះម្ចាស់បង្ហាញ | ប្រជាឱ្យឃើញ | ពីការសង្គ្រោះ |
ព្រះអង្គសម្ដែង | ឱ្យគេទាំងអស់ | ឃើញសុចរិតស្មោះ | |
របស់ព្រះអង្គ | ។ | ||
៣ | ព្រះអង្គនៅតែ | សម្ដែងឥតប្រែ | ករុណាត្រចង់ |
ព្រះទ័យស្មោះស្ម័គ្រ | អ៊ីស្រាអែលផង | សុចរិតឥតហ្មង | |
ចង់ចាំទាំងអស់ | ។ | ||
មនុស្សម្នាមូលមីរ | រស់នៅគ្រប់ទី | ឆ្ងាយទាំងស្រីប្រុស | |
នៃភពផែនដី | ឃើញការសង្គ្រោះ | ព្រះម្ចាស់របស់ | |
យើងគ្រប់គ្នា | ។ | ||
៤ | ជនទាំងប្រុសស្រី | នៅលើផែនដី | រៀបចំអង្គា |
អបអរសាទរ | ថ្វាយព្រះនាមា | ស្រែកហ៊ោរខ្ញៀវខ្ញា | |
ដោយតូរ្យតន្រ្ដី | ។ | ||
៥ | សូមផ្ញើចិត្តកាយ | ដេញទាំងពិណថ្វាយ | ព្រះធ្លាប់ប្រណី |
ព្រោះព្រះអង្គនោះ | ធ្លាប់ថ្នមបមបី | ថែទាំងយប់ថ្ងៃ | |
រៀងរាល់វេលា | ។ | ||
៦ | ចូរនាំគ្នាផ្លុំ | ត្រែស្នែងប្រគុំ | ថ្វាយព្រះរាជា |
អបអរសាទរ | អង្គព្រះនាមា | ខ្ពស់លើពសុធា | |
គ្មានអ្វីស្មើព្រះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! អ្នកដែលចូលចិត្តធម្មវិន័យរបស់ព្រះអង្គ ព្រមទាំងសញ្ជឹងគិតអំពីធម្មវិន័យទាំងយប់ទាំងថ្ងៃ ពិតជាមានសុភមង្គលមែន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,៤៧-៥៤
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកធម្មាចារ្យថា៖«អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរឱ្យព្យាការី ដែលបុព្វបុរសរបស់អ្នករាល់គ្នាបានសម្លាប់។ អ្នករាល់គ្នាធ្វើដូចច្នេះ បញ្ជាក់ថា អ្នករាល់គ្នាសមគំនិតនឹងអំពើដែលបុព្វបុរសរបស់អ្នករាល់គ្នាបានប្រព្រឹត្ត គឺគេបានសម្លាប់ពួកព្យាការី ហើយអ្នករាល់គ្នាបានសង់ផ្នូរ។ ហេតុនេះហើយ បានជាព្រះជាម្ចាស់ប្រកបដោយព្រះប្រាជ្ញាញាណ មានព្រះបន្ទូលថា៖«យើងនឹងចាត់ព្យាការី ព្រមទាំងទូតរបស់យើងជាច្រើនឱ្យទៅរកគេ តែគេនឹងសម្លាប់ខ្លះ ព្រមទាំងបៀតបៀនខ្លះទៀតផង»។ ដូច្នេះ មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ព្រោះបុព្វបុរសរបស់គេបានសម្លាប់ព្យាការី តាំងតែពីកំណើតពិភពលោកមក គឺចាប់តាំងពីលោកអបិល រហូតដល់លោកសាការី ដែលត្រូវគេសម្លាប់នៅត្រង់ចន្លោះទីអាសនៈ និងទីសក្ការៈ។ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ព្រោះតែឃាតកម្មទាំងនោះជាមិនខាន។ «ពួកធម្មាចារ្យអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានបិទមាគ៌ាមិនឱ្យគេចូលទៅស្គាល់ព្រះជាម្ចាស់។ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងឃាត់អស់អ្នកដែលចង់ចូលមិនឱ្យគេចូកទៀតផង»។ ពេលព្រះយេស៊ូយាងចាកចេញពីទីនោះ ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ី នាំគ្នាប្រឆាំងនឹងព្រះអង្គយ៉ាងខ្លាំង ហើយដេញដោលសួរព្រះអង្គអំពីរឿងផ្សេងៗជាច្រើនដែលសុទ្ធសឹងតែជាកលល្បិចរកចាប់កំហុសព្រះអង្គ។