អត្ថបទគម្ពីរ ថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ ២០២២

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រទី ២ ២ពង្ស ៥,១៤-១៧

មេបញ្ជាការកងទ័ពស៊ីរី ឈ្មោះលោកណាម៉ាន់កើតជំងឺឃ្លង់។ លោកចុះទៅ​ក្នុងទន្លេយ័រដាន់ ហើយមុជក្នុងទឹកចំនួនប្រាំពីរដង តាមពាក្យដែលព្យាការីអេលីសេបានប្រាប់ ស្រាប់តែសាច់របស់លោកឡើងស្អាត ដូចសាច់កូនក្មេង លោកក៏បាន​​​ជាស្អាតបរិសុទ្ធ។ លោកត្រឡប់មក​ជួបអ្នកជំនិតរបស់ព្រះជាម្ចាស់ជាមួយពួក​បម្រើរបស់លោក។ ពេលទៅដល់ លោកឈរនៅមុខព្យាការីជម្រាបថា៖«ខ្ញុំប្របាទ​​ដឹងច្បាស់​ថា នៅលើផែនដីទាំងមូល ក្រៅពីព្រះរបស់ជនជាតិអ៊ីស្រាអែល គ្មានព្រះ​​ណាផ្សេងទៀតឡើយ! ឥឡូវនេះ សូមលោក​មេត្ដាទទួលជំនូនពីខ្ញុំប្របាទផងចុះ»។ លោកអេលីសេមានប្រសាសន៍តបវិញថា៖«ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ដែល​មានព្រះជន្មគង់នៅ ហើយដែលខ្ញុំគោរពបម្រើថា ខ្ញុំមិនទទួលជំនូនអ្វី​ពី​លោកទេ!»។ លោកណាម៉ាន់ទទូចអង្វរសូមឱ្យព្យាការីទទួល តែព្យាការីមិនព្រម​ទទួលជាដាច់ខាត​។ លោកណាម៉ាន់ក៏មានប្រសាសន៍ថា៖«បើលោកមិនព្រម​ទេនោះ សូមមេត្ដាអនុញ្ញាតឱ្យខ្ញុំប្របាទយកដីផ្ទុកលើខ្នងលាពីរដឹកទៅផង ដ្បិត​​​​ចាប់តាំងពីពេលនេះតទៅ ខ្ញុំប្របាទមិនថ្វាយតង្វាយដុតទាំងមូល ឬយញ្ញបូជា​ចំពោះព្រះដទៃ ក្រៅពីព្រះអម្ចាស់ឡើយ។

ទំនុកតម្កើងលេខ ៩៨ (៩៧), ១-៤.៦ បទកាកគតិ

ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំភ្លេចឡើយណា
ដ្បិតទ្រង់ប្រព្រឹត្ដសព្វកិច្ចអស្ចារ្យដោយឫទ្ធិចេស្ដា
យកជ័យជម្នះ
ព្រះម្ចាស់បង្ហាញប្រជាឱ្យឃើញពីការសង្គ្រោះ
ព្រះអង្គសម្ដែងឱ្យគេទាំងអស់ឃើញសុចរិតស្មោះ
របស់ព្រះអង្គ
ព្រះអង្គនៅតែសម្ដែងឥតប្រែករុណាត្រចង់
ព្រះទ័យស្មោះស្ម័គ្រអ៊ីស្រាអែលផងសុចរិតឥតហ្មង
ចងចាំទាំងអស់
មនុស្សម្នាមូលមីររស់នៅគ្រប់ទីឆ្ងាយទាំងស្រីប្រុស​
នៃភពផែនដីឃើញការសង្គ្រោះព្រះម្ចាស់របស់
យើងគ្រប់ៗគ្នា
មនុស្សទាំងប្រុសស្រីនៅលើផែនដីរៀបចំអង្គា
អបអរសាទរថ្វាយព្រះនាមាស្រែកហ៊ោខ្ញៀវខ្ញារ
ដោយតូរ្យតន្រ្ដី
ចូរនាំគ្នាផ្លុំត្រែស្នែងប្រគុំថ្វាយព្រះរាជា
អបអរសាទរអង្គមហាក្សត្រាខ្ពស់លើលោកា
គ្មានអ្វីស្មើព្រះ

អត្ថបទទី២៖ សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ២ធម ២,៨-១៣

ចូរនឹកដល់ព្រះយេស៊ូគ្រីស្ដដែលទទួលព្រះជន្មដ៏រុងរឿង ព្រះអង្គជាប់ព្រះញាតិវង្សនឹងព្រះបាទដាវីឌ ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។ ខ្ញុំរងទុក្ខលំបាក​​ព្រោះតែដំណឹងល្អនេះរហូតដល់ត្រូវគេចាប់ចង ដូចជាបានប្រព្រឹត្ដអំពើអា​ក្រក់។ រីឯព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ គេពុំអាចចាប់ចងបានឡើយ។ ហេតុនេះ​ហើយ បានជាខ្ញុំសុខចិត្ដស៊ូទ្រាំគ្រប់យ៉ាង ដោយយល់ដល់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ដើម្បីឱ្យគេទទួលការសង្គ្រោះ ដោយរួមក្នុងអង្គព្រះគ្រីស្ដយេស៊ូ ព្រមទាំងទទួលសិរីរុងរឿងដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចនោះដែរ។ ពាក្យនេះគួរឱ្យជឿ គឺថាប្រសិនបើយើងរួមស្លាប់ជាមួយព្រះអង្គ យើងក៏នឹងមានជីវិតរួមរស់ជាមួយព្រះអង្គដែរ។ ប្រសិនបើយើងស៊ូទ្រាំ យើងនឹងបានគ្រងរាជ្យជាមួយព្រះអង្គ។ ប្រសិនបើយើងបដិសេធមិនទទួលស្គាល់ព្រះអង្គ ព្រះអង្គក៏នឹងបដិសេធមិនទទួលស្គាល់យើងវិញដែរ។ ប្រសិនបើយើងមិនស្មោះត្រង់ ព្រះអង្គ​នៅ​​តែស្មោះត្រង់ដដែល ដ្បិតព្រះអង្គពុំអាចបដិសេធព្រះអង្គផ្ទាល់បានឡើយ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១០៧,៨

អាលេលូយ៉ា! អាលេលូយ៉ា!
សូមអរព្រះគុណព្រះអម្ចាស់ ព្រះអង្គមានព្រះហប្ញទ័យមេត្ដាករុណា!។
សូមអរព្រះគុណព្រះអង្គដែលបានប្រព្រឹត្ដស្នាព្រះហស្ដដ៏អស្ចារ្យសម្រាប់មនុស្សលោក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧,១១-១៩

ព្រះយេស៊ូកំពុងយាងឆ្ពោះទៅក្រុងយេរូសាឡឹម ព្រះអង្គយាងកាត់តាមស្រុក​​​សាម៉ារី និងស្រុកកាលីឡេ។ ពេលព្រះអង្គយាងចូលក្នុងភូមិមួយ មានមនុស្ស​ឃ្លង់​ដប់នាក់មករកព្រះអង្គ។ គេឈរពីចម្ងាយស្រែកឡើយថា៖«លោកគ្រូយេស៊ូ​អើយ! សូមអាណិតអាសូរ យើងខ្ញុំ​ផង»។ ព្រះយេស៊ូទតមើលគេ ហើយមានព្រះបន្ទូល​ថា៖«ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួនឱ្យពួកបូជាចារ្យឃើញចុះ»។ ពេលអ្នកទាំង​នោះ​ចេញដំណើរទៅ គេក៏បានជាស្អាតបរិសុទ្ធទាំងអស់គ្នា។ ពេលឃើញខ្លួន​បាន​​​​​ជាសះស្បើយដូច្នេះ មានម្នាក់ក្នុងចំណោមអ្នកទាំងនោះត្រឡប់មកវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ដោយបន្លឺសំឡេងខ្លាំងៗផង។ គាត់ក្រាប​ទាប​​​ព្រះបាទាព្រះយេស៊ូ ឱនក្បាលដល់ដី ហើយអរព្រះគុណព្រះអង្គ។ អ្នកនោះជាអ្នក​ស្រុកសាម៉ារី។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«តើទាំងដប់នាក់មិនបានជាស្អាតបរិសុទ្ធគ្រប់ៗគ្នាទេឬ ចុះប្រាំបួននាក់ទៀតនៅឯណា? មានតែជនបរទេសម្នាក់នេះវិលត្រឡប់មកវិញ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់!»។ ព្រះ​យេស៊ូមានព្រះបន្ទូលទៅគាត់ទៀតថា៖«ចូរក្រោកឡើង អញ្ជើញទៅចុះ ជំនឿ​របស់អ្នកបានសង្គ្រោះអ្នកហើយ»។

Facebook
Twitter
LinkedIn