លោកអភិបាល​គីគេ៖ សន្តិភាព​កើ​តឡើង​ដោយ​ការ​សហការគ្នា​

នៅ​ក្នុងជំនួបរវាង​សាសនា​ អង្គការ​ក្រៅរដ្ឋាភិបាល និងមន្ត្រី​រាជការ ក្នុង​ខេត្ត​បាត់​ដំបង ក្នុងទិវា​សន្តិភាពពិភពលោកលើកទី២០ លោក​ទេព​​ ច័ន្ទ​ពិសិដ្ឋ (គីគេ) អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​បាត់ដំបង​មាន​ប្រសាសន៍​ថា​ ការ​ជួបជុំ​គ្នា​រវាង​អន្ត​រ​សាសនា​នៅ​ក្នុង​តំបន់​បាត់ដំបង បាន​ជំរុញ​ឲ្យ​មាន​​សាមគ្គីភាព​ កសាង​សន្តិភាព​រួម​គ្នា​ និងចេះ​លើកទឹក​ចិត្ត​គ្នាទៅវិញ​ទៅមក​។

នេះជា​សកម្មភាព​ពិសេស​ដែល​នាំ​ឲ្យ​បងប្អូន​មាន​សេចក្តីសង្ឃឹម​ និង​ជា​គំរូ​តូច​មួយ​ដើម្បី​ឲ្យ​អ្នក​ជំនាន់​ក្រោយ ចេះ​យក​បញ្ហាមក​ដោះស្រាយ​ និង​លើកទឹកចិត្ត​គ្នា​​។ លោក​បន្ថែម​ថា «សកម្មភាព​នេះ​មាន​តម្លៃ​ណាស់​សម្រាប់​អន្តរសាសនា​របស់​យើង។»

លោកអភិបាល​គីគេ ជា​អភិបាល​ទទួល​បន្ទុក​ផ្នែក​ទំនាក់ទំនង​អន្តរសាសនា​សម្រាប់​ព្រះសហគមន៍​កាតូលិក​នៅ​កម្ពុជា​ ​បន្ថែមថា យើង​ត្រូវ​ធ្វើ​ដំណើរ​រួម​គ្នា ជួយ​លើកទឹកចិត្ត​និង​ជំរុញ​គ្នាទៅវិញ​ទៅ​មក​ដើម្បី​ឲ្យ​សាសនិក​នីមួយៗ​ចេះ​រួម​គ្នា​កសាង​សន្តិភាព​។

លោក​អភិបាលគីគេ​​បាន​រំលឹកថា ប្រទេស​កម្ពុជា​ក្រោយ​សង្គ្រាម គឺមាន​មីន​ច្រើន​ដែល​នាំ​ឲ្យ​ប្រជាជន​ភ័យ​ខ្លាច ហើយ​ទទួល​រង​ផល​ប៉ះពាល់​ពី​វា​ក៏​ច្រើន​ដែរ។​ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជាដែល​​ជា​ប្រទេសមួយតូច​ ​មាន​ច្បាប់​លុប​បំបាត់​គ្រាប់​មិន​ទាន់​ផ្ទុះ​ ​ ដែល​នេះ​ជា​ជោគ​ជ័យ​មួយ​ ហើយ​​លទ្ធផលនេះ​ បាន​ដោយសារ​ ការ​ចេះ​សហការ​គ្នា​ រវាង​អង្គការ​ រដ្ឋាភិបាល​ និង​សាសនា​។

លោក​បញ្ជាក់ថា ការ​កសាង​សន្តិភាព​គឺ​ត្រូវ​ចូលរួម​ដោយ​គ្មាន​ការ​​ប្រកាន់​ គ្មានការ​​ច្រណែន ទើប​ទទួល​បាន​ជោគ​​។ «ការ​កសាង​សន្តិភាព​ គឺ​មិន​បាន​ចាប់​ផ្តើម​តែ​ថ្ងៃនេះ ប៉ុណ្ណោះទេ គឺ​ធ្វើពីយូរ​ហើយតាំង​តែ​ពី​២៥​ឆ្នាំមក​ហើយ​នៅក្នុងប្រទេសកម្ពុជា។» លោកអភិបាល​បញ្ជាក់។

លោក​បន្ថែម​ថា ជាមួយ​គ្នានេះ ដើម្បី​ឲ្យ​ពិភពលោក​បាន​យល់​ច្បាស់​អំពី​អសន្តិសុខ​ ដែល​កើត​ពី​គ្រាប់​មិន​ទាន់​ផ្ទុះ​នេះ ​ព្រះសហគមន៍កាតូលិក បាន​បញ្ជូន​មនុស្ស​មួយចំនួន​ដែលរង​គ្រោះ​ដោយសារ​គ្រាប់​មីន​ ទៅ​ចែក​បទ​ពិសោធ​នៅ​ស្ទើរគ្រប់​កន្លែង​នៅ​ក្នុងពិភពលោក។

ព្រះសហគមន៍​នៅ​ក្នុងភូមិភាគ​បាត់​ដំបង​បាន​ធ្វើ​កិច្ច​ការ​ជាច្រើន​ ដើម្បី​ស្តារ​លទ្ធភាព​អ្នក​មាន​ពិការភាព​ដោយសារ​គ្រាប់​មីន ដោយ​បង្កើត​ជា​មណ្ឌល​ទទួល​កុមា​រពិការ​ហៅថា អារ៉ូប៉េ និង​ចែក​រទេះ​ជន​ពិការ​ដល់​អ្នក​ភូមិ​ជាច្រើន​ដោយ​មាន​ការ​សហការ​ជាមួយ​អង្គការ​ជេស្វីតសឺរីស​កម្ពុជា។

​នៅ​ឆ្នាំ​ ១៩៩៩​ អនុសញ្ញា​ហាមឃាត់​គ្រាប់បែក​ប្រឆាំង​មនុស្ស​ ដែល​កម្ពុជា​ជា​ភាគី​ហត្ថលេខី​ បាន​ចូល​ជា​ធរមាន​។​ អនុសញ្ញា​អន្តរជាតិ​នេះ​ ហាមឃាត់​ការ​ប្រើប្រាស់​ ការ​ស្តុក​ទុក​ ការ​ផលិត​ និង​ការ​ផ្ទេរ​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ ហើយ​តម្រូវ​ឲ្យ​មានការ​បំផ្លាញ​គ្រាប់​មីន​កប់​ដី​ទាំងអស់​ និង​កំណត់​ថា​រដ្ឋ​ជា​សមាជិក​ត្រូវ​ជួយ​ដល់​ជន​រង​គ្រោះ​នៃ​គ្រាប់​មីន​កប់​ដី​។​

ក្នុងទិវា​សន្តិភាព​ពិភព​លោក​លើក​ទី​២០​ក្នុងឆ្នាំ​នេះ ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ «បញ្ចប់ការរើសអើង កសាងសន្តិភាព» ដែល​ព្រះសហគមន៍​កាតូលិក​ពេទ្យ​យាយ​ជី​ធ្វើ​ជា​ម្ចាស់​ផ្ទះ កាលពី​ថ្ងៃទី​២១ ខែកញ្ញា​កន្លង​ទៅ​ នៅ​ភូមិ​រំចេក​១ ឃុំ​រតនៈ ស្រុក​ស្វាយប៉ោ ខេត្ត​បាត់ដំបង។

កម្មវិធីនេះ មាន​តំណាង​សាសនា​ដែល​រួម​មាន​គ្រីស្ត​សាសនា​និកាយកាតូលិក និង​ប្រូតេស្តង់ ពុទ្ធសាសនា ឥស្លាម​សាសនា​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ រួម​និង​មន្ត្រី​រាជការក្នុង​ខេត្ត​បាត់ដំបង​​ផងដែរ។

សន្តិភាព​ជា​អ្វីដែល​មនុស្ស​ម្នាក់តែង​ប្រាថ្នា​ចង់​បាន​ ប៉ុន្តែ​ពេល​ខ្លះ​មនុស្ស​បាន​ចាប់​យក​ភាព​រើសអើង​មក​ជំនួស​វិញ។ នេះ​បើ​តាម​សង្ឃដីកា​របស់​ព្រះយសបញ្ញា វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសកលវិទ្យាល័យសីហុនរាជ ខេត្តបាត់ដំបង។

ព្រះតេជគុណ​ មាន​សង្ឃដីកា​ថា «ពេលខ្លះយើងភ្លេចថាយើងក៏រើសអើងខ្លួនឯងដែរ។ ការរើសអើង ខ្លួនឯងគឺយើងមិនពេញចិត្តនូវអ្វីដែលខ្លួនយើងមាន។»

ព្រះប្រធាន​សកលវិទ្យាល័យ អង្គនេះ​មាន​ដីកា​ទៀត​ថា  ការកសាង​សេចក្តីសង្ឃឹម និងមានសុទិដិ្ឋនិយម ជាឥទ្ធិពល សម្រាប់ព្យាបាលរបួសនៅក្នុងខ្លួន  ហើយ​ក្រោយ​មក​អាច​ផ្សព្វ​ផ្សាយ​ សេចក្តីសង្ឃឹម សេចក្តីស្រឡាញ់ និងព្រហ្មវិហារធម៌ ដល់​មនុស្សជុំវិញខ្លួនបាន។

ស្របពេលជាមួយគ្នានោះដែរ យុវនមកពីសហគមន៍បាហៃខាង​និកាយ​ប្រូតេស្តង់ ឈ្មោះអ៊ឹង សាត  បានលើក​ឡើងថា យើង​ទាំងអស់គ្នាត្រូវការសន្តិភាព​ ព្រោះយើងចង់រស់នៅដោយចុះសម្រុងគ្នា សាមគ្គីគ្នា លើកទឹកចិត្តគ្នា និងចេះគោរពឲ្យតម្លៃគ្នា ជាពិសេសរួមគ្នាអភិវឌ្ឍន៍ប្រទេស ជាតិឲ្យមានការរីកចម្រើនទៅខាងមុខ។

កញ្ញាឈុន សុខឿន មកពីព្រះសហគមន៍កាតូលិកបាត់ដំបង ឲ្យដឹង​ថា នេះ​ជា​លើក​ទី១​ដែល​គាត់​បាន​ចូលរួម​ក្នុងកម្មវិធីនេះ ហើយ​ឃើញថា ទំនាក់ទំនងល្អ​រវាង​សាសនា​និង​សាសនា​មាន​ភាព​ល្អប្រសើរ​ « យើងសាមគ្គីគ្នា យើងសហការគ្នា និងចែករំលែកបទពិសោធគ្នាទៅវិញទៅមក។»

នៅក្នុងកម្មវិធីនេះក៏មានការអធិដ្ឋានតាមជំនឿសាសនារៀងៗខ្លួន ជាពិសេស យុវជនមកពី គ្រប់សាសនា បានរួមគ្នាគូរគំនូរ និងធ្វើបទបង្ហាញពីសន្តិភាព។

មុន​បិទ​បញ្ចប់​កម្មវិធី​ អ្នក​ចូលរួម​ទាំង​អស់​បាន​រួម​គ្នា​ដាំ​កូន​ឈើ​ក្នុង​បរិវេណព្រះសហគមន៍កាតូលិកបាត់ដំបង  ដោយ​មានបំបួសដើមពោធិ៍មួយដើមតាមរបៀបព្រះពុទ្ធសាសនា​ និងព្រលែងសត្វព្រាប​ដែលតំណាងឲ្យសន្តិភាព៕

ដោយ សេង មួយ

Facebook
Twitter
LinkedIn