​​គ្រីស្ត​បរិស័ទចាំបាច់​ធ្វើកិច្ចការមេត្តាករុណា​និង​អធិដ្ឋាន​សម្រាប់អ្នក​ស្លាប់

បុណ្យភ្ជុំជាពេលវេលាដែល នឹកឃើញដល់មរណបុគ្គលទាំងឡាយតាមរបៀបប្រពៃណីនៅប្រទេសកម្ពុជា ហើយ​សម្រាប់ព្រះសហគមន៍កាតូលិក យើងគោរពដល់វិញ្ញាណក្ខន្ធ និងនឹកដល់ជីវិតរបស់យើងដែលបានស្រឡាញ់ព្រះជាម្ចាស់និងបងប្អូនឯទៀតៗ។ នេះ​ជា​ប្រសាសន៍​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ នា​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២២។​

លោក​អភិបាល​មាន​ប្រសាសន៍ទៀត​ថា យើងអធិដ្ឋានសម្រាប់បងប្អូនដែលស្លាប់ ដើម្បីឱ្យគេជម្រះចិត្តគំនិតរបស់គេម្ដងទៀតរហូតដល់អាចមើលឃើញព្រះជាម្ចាស់ផ្ទាល់ភ្នែក។​ លោក​បន្ថែមថា នៅពេលនេះ យើង​ក៏​​អធិដ្ឋាន​សូមព្រះអង្គថែរក្សាបងប្អូនរបស់យើងដែលទទួលមរណភាព និងលើកលែងទោសឲ្យ​ពួកគាត់។

លោក​អភិបាល​រំឭក​គ្រីស្ត​បរិស័ទ​ទាំងអស់ឱ្យ​ត្រៀម​ខ្លួនជានិច្ច ព្រោះជីវិតមិនទៀងទាត់ អាច​មាន​ជំងឺ ឬគ្រោះថ្នាក់ចរាចរណ៍ ដោយ​មិន​ដឹង​ជាមុន។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ ពេល​រស់នៅ​ប្រចាំ​ថ្ងៃ គឺ​ត្រូវ​យកចិត្តទុកដាក់សួរសុខទុក្ខអ្នកជំងឺ អ្នកជាប់ឃុំឃាំង ផ្ដល់​ម្ហូបដល់អ្នកស្រេកឃ្លាន និងឱ្យអាវទៅមនុស្សខ្លួនទទេ និង​រៀបចំបុណ្យសពត្រឹមត្រូវសម្រាប់អ្នកស្លាប់ ទាំងនេះ​ជគឺជា​កិច្ចការទាំង៧នៃធម៌មេត្តា​ករុណាដែលគ្រីស្ត​បរិស័ទ​ត្រូវតែធ្វើ។

លោក​អភិបាល​អូលីវីយ៉េ ដាស់​តឿន​គ្រីស្ត​បរិស័ទ​ឱ្យ “យកចិត្តទុកដាក់ស្រឡាញ់ព្រះជាម្ចាស់និងបងប្អូនឯទៀតៗពេញមួយជីវិត” ដោយ​ស្រលាញ់និងគោរពអ្នកដទៃ ដោយដាក់ខ្លួនជាអ្នកបម្រើជាអ្នកដែលមានសេចក្ដីស្រឡាញ់និងសុខសន្តិភាព។

នៅក្នុងឱកាសនេះដែរ លោកអភិបាលស្នើឱ្យគ្រីស្តបរិស័ទឱ្យចូលព្រះវិហារទៀងទាត់ដើម្បីឱ្យជំនឿកាន់​តែ​មាំមួន។

កម្មវិធីបុណ្យភ្ជុំនេះ ប្រារព្ធឡើងនៅព្រះវិហារសន្តម៉ាទីន ក្នុងភូមិ២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោក លេង ហុង តំណាងគណ:កម្មការនៃព្រះសហគមន៍ត្រែងត្រយឹងនិងកំពង់ស្ពឺ ថ្លែងថា ព្រះសហគមន៍មានអំណរសប្បាយនិងភាពកក់ក្តៅដោយលោក​អភិបាល​បាន​មក​សួរ​សុខ​ទុក្ខ​ក្នុង​​ឱកាសបុណ្យភ្ជុំ ជាឱកាសមួយនឹកដល់ទាំងមនុស្សរស់ និងអ្នកស្លាប់ និងទូលសូមព្រះជាម្ចាស់ប្រោសវិញ្ញាណក្ខន្ធរបស់​ពួកគាត់ឱ្យបានរួមរស់ជាមួយព្រះជាម្ចាស់ និង​ជា​ពេល​​ចួបជុំគ្នាដើម្បីធ្វើកិច្ចការធម៌មេត្តាករុណាដល់អ្នកជុំវិញខ្លួន។

ព្រះសហគមន៍​ត្រែង​ត្រយឹង មាន​គ្រីស្តបរិស័ទចំនួន ៣០គ្រួសារ ដែលមានចំនួនសរុប១០៨នាក់ ដែល​ភាគ​ច្រើន​ពួកគាត់​បាន​ផ្លាស់ទីលំនៅមកពីព្រះសហគមន៍ចំប៉ា និងផ្លូវត្រី ក្នុង​ខេត្ត​កណ្តាល៕

ដោយដាលីស

Facebook
Twitter
LinkedIn