អត្ថបទគម្ពីរ ថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ ២០២២

សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ

កាលពីកុមារ លោកវ៉ាំងសង់ (១៥៨១-១៦៦០) ឃ្វាលសត្វ តែគាត់មានបំណងទៅជាបូជាចារ្យ។ លុះទទួលមុខងារជាបូជាចារ្យរួចហើយ លោកភ្ញាក់ស្មារតី ដោយទុក្ខវេទនាគ្រប់យ៉ាងនៃប្រជាជនក្រីក្រ។​ ដូច្នេះ លោកបង្កើតក្រុមគ្រួសារបព្វជិតពីរ ក្នុងគោលបំណងជួយអ្នកក្រីក្រ និងនាំដំណឹងល្អជូនអ្នកស្រែ ព្រមទាំងណែនាំទេវវិទ្យាល័យសម្រាប់អប់រំយុវជនដែលចង់ទៅជាបូជាចារ្យ។ លោកឧស្សាហ៍អធិដ្ឋាន។ លោកតែងតែពោលថា៖ “ព្រះជាម្ចាស់នឹងប្រទានអ្វីៗទាំងអស់ដល់អ្នកអធិដ្ឋាន”។

សូមថ្លែងព្រះគម្ពីរលោកយ៉ូប យប ៣,១-៣.១១-១៧.២០-២៣

លោកយ៉ូបចាប់ផ្ដើមនិយាយ ហើយដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក។ លោក​យ៉ូបមានប្រសាសន៍ថា៖«សូមឱ្យថ្ងៃដែលខ្ញុំបានកើតមកនោះ ក្លាយទៅជាថ្ងៃអពមង្គល!​ រីឯយប់ដែលគេពោលថា មានកូនប្រុសម្នាក់ចាប់ផ្ទៃហើយនោះ ជាយប់អពមង្គលដែរ!​ ហេតុអ្វីបានជាខ្ញុំមិនស្លាប់តាំងពីក្នុងផ្ទៃម្ដាយ? ហេតុអ្វីបានជាខ្ញុំមិនផុតដង្ហើមនៅពេល​ចេញពីផ្ទៃម្ដាយ? ហេតុអ្វីបានជាមានភ្លៅម្ដាយចាំទទួលខ្ញុំ ហើយមានដោះចាំបំបៅខ្ញុំ​ដូច្នេះ? ប្រសិនបើខ្ញុំស្លាប់តាំងពីកាលណោះ​ ​ម្លេះសមខ្ញុំបានសម្រាកយ៉ាងសុខស្រួល​ក្នុងផ្នូររួមជាមួយស្ដេច និងមន្រ្ដីទាំងប៉ុន្មាននៃផែនដី ជាអ្នកដែលបានកសាងប្រាសាទ​សិលាទុកសម្រាប់ខ្លួន។ ខ្ញុំមុខជាបានសម្រាកជាមួយពួកមេដឹកនាំ ដែលមានមាស​​ប្រាក់ពេញផ្ទះ។ ប្រសិនបើខ្ញុំគ្មានជីវិត គឺដូចកូនរលូត ឬដូចកូនក្មេងដែលមិនធ្លាប់ឃើញពន្លឺថ្ងៃនោះប្រសើរជាង។ នៅក្នុងផ្នូរមនុស្សអាក្រក់លែងមានសកម្មភាព​ទៀតហើយ រី​ឯអ្នកដែលនឿយហត់ អស់កម្លាំង នឹងនាំគ្នាសម្រាក។ ហេតុអ្វីព្រះជាម្ចាស់ប្រទានឱ្យមនុស្សដែលត្រូវវេទនា ស្គាល់ពន្លឺថ្ងៃ ហើយផ្តល់ជីវិតឱ្យអ្នកដែលស្គាល់​តែទុក្ខលំបាក? គេទន្ទឹងរងចាំសេចក្តីស្លាប់ តែមិនឃើញសេចក្តីស្លាប់មកទេ។ គេ​ប្រាថ្នាចង់បានសេចក្តីស្លាប់ ជាងទ្រព្យសម្បត្តិទៅទៀត។ ប្រសិនបើគេរកបានផ្នូរ​សម្រាប់ខ្លួន នោះគេមុខជាសប្បាយរីករាយឥតឧប្បមា។ ប៉ុន្តែ​ ខ្ញុំជាមនុស្សម្នាក់ដែល​រកច្រកចេញពុំរួច ដ្បិតព្រះជាម្ចាស់បានដាក់របងព័ទ្ធជុំវិញខ្ញុំ។

ទំនុកតម្កើងលេខ ៨៨ (៨៧) ,២-៨ បទព្រហ្មគីតិ

បពិត្រព្រះអម្ចាស់ទ្រង់ជាព្រះសង្គ្រោះខ្ញុំ
ថ្ងៃយប់ខ្ញុំស្រែកយំអង្វរសុំក្តីមេត្តា
សូមឱ្យពាក្យអង្វរខ្ញុំឮខ្ទ័រដល់សោតា
សូមទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ផងណាសូរសម្រែក
ព្រោះដ្បិតទូលបង្គំមានទុក្ខធំខ្លាំងអនេក
ខ្លោចផ្សាជាពន់ពេកក្តីស្លាប់ស្រែកហៅកៀកកិត
គេចាត់ទុករូបខ្ញុំក្នុងចំណោមអ្នកដែលជិត
ហៀបនឹងអស់ជីវិតឬនៅជិតអ្នកដែលស្លាប់
ខ្លួនខ្ញុំដេកស្តូកស្តឹងគ្មានទីពឹងសែនអួរអាប់
បីដូចមនុស្សស្លាប់ទ្រង់លែងរាប់រកនឹកនា
ព្រះអង្គបានបង់បោះរូបខ្ញុំរស់នៅកំព្រា
ឱ្យរងទុក្ខវេទនាសែនរងាក្នុងរណ្តៅ
ព្រះពិរោធព្រះអង្គសង្កត់ចងខ្ញុំទុកនៅ
ដូចទឹកបោកសំដៅរារាំងផ្លូវទូលបង្គំ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សមកក្នុងពិភពលោកនេះ ដើម្បីបម្រើគេ ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សទាំងអស់ផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៥១-៥៦

លុះជិតដល់ថ្ងៃកំណត់ដែលព្រះយេស៊ូត្រូវយាងលាចាកលោកនេះទៅ ព្រះអង្គ​សម្រេចព្រះហប្ញទ័យយាងទៅក្រុងយេរូសាឡឹម។ ព្រះអង្គចាត់អ្នកខ្លះឱ្យទៅមុន។​ អ្នកទាំងនោះចេញដំណើរទៅដល់ភូមិមួយរបស់អ្នកស្រុកសាម៉ារីដើម្បីរៀបចំកន្លែង​ថ្វាយព្រះអង្គ ប៉ុន្ដែ អ្នកស្រុកពុំព្រមទទួលព្រះអង្គឱ្យស្នាក់ឡើយ ព្រោះព្រះអង្គយាងឆ្ពោះទៅក្រុងយេរូសាឡឹម។ សាវ័កយ៉ាកុប និងយ៉ូហានឃើញដូច្នោះ ក៏ទូលព្រះអង្គថា៖«បពិត្រព្រះអម្ចាស់! តើព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំ ហៅរន្ទះភ្លើងមកកម្ទេចអ្នកទាំងនេះឬ?» ព្រះយេស៊ូបែរទៅរកគេ ហើយស្ដីបន្ទោសគេយ៉ាងខ្លាំង។ បន្ទាប់មក ព្រះអង្គយាងឆ្ពោះទៅកាន់ភូមិមួយផ្សេងទៀតជាមួយសាវ័ក។

Facebook
Twitter
LinkedIn