អត្ថបទគម្ពីរ ​ថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ ២០២២

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអម៉ូស អម ៦,១.៤-៧

អស់អ្នកដែលរស់ដោយឥតកង្វល់នៅក្រុងស៊ីយ៉ូន និងអស់អ្នកដែលរស់យ៉ាងសុខស្រួលនៅលើភ្នំសាម៉ារីអើយ! អ្នករាល់គ្នាមុខជាត្រូវវេទនាពុំខាន! អ្នករាល់គ្នាសម្រាកនៅលើគ្រែរចនាដោយភ្លុក អ្នករាល់គ្នាទម្រេតយ៉ាងច្រអូសនៅលើកម្រាលព្រំ បរិភោគសាច់ចៀម និងកូនគោបំប៉ន។ អ្នករាល់គ្នាប្រឹងច្រៀងឡូឡា ទាំងលេងពិណកំដរចង់ធ្វើដូចស្ដេចដាវីឌ។ អ្នករាល់គ្នាផឹកស្រានៅក្នុងពែងធំៗ អ្នករាល់គ្នាលាបទឹកអប់ដ៏មានតម្លៃ តែអ្នករាល់គ្នាឥតឈឺចាប់ចំពោះការវិនាសរបស់កូនចៅលោកយ៉ូសែបទេ។ ហេតុនេះហើយ បានជាអ្នករាល់គ្នាត្រូវខ្មាំងកៀរយកទៅជាឈ្លើយមុនគេ។ ពួកខ្ជិលច្រអូសដូចអ្នករាល់គ្នា នឹងលែងស្គាល់ការសប្បាយទៀតហើយ។

ទំនុកតម្កើងលេខ ១៤៦ (១៤៥), ៥.៧-១០ បទពាក្យ ៧

អ្នកដែលព្រះលោកយ៉ាកុបជួយសង្គ្រោះផុតព្រួយហើយសង្ឃឹម
ទុកចិត្ដលើព្រះគ្មានអ្វីផ្ទឹមរស់ដោយញញឹមគ្មានភិតភ័យ
ព្រះអង្គរកយុត្ដិធម៌ឱ្យដល់អ្នកទន់ខ្សោយមិនកែគេច
ចែកអាហារដល់អ្នកឃ្លានស្រេកហើយទ្រង់សម្រេចលែងអ្នកទោស
ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ហើយលើកអស់អ្នកដែលនៅរស់
អស់ក្ដីសង្ឃឹមគ្មានអ្វីសោះស្រឡាញ់អ្នកស្មោះត្រង់ល្អជា
ព្រះម្ចាស់គាំទ្រជនបរទេសមេម៉ាយ និងអស់ក្មេងកំព្រា
តែទ្រង់ធ្វើឱ្យគម្រោងការមនុស្សខូចពាលាវិនាសបង់
១០ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យអស់កល្បជានិច្ចតយូរលង់
ឱក្រុងស៊ីយ៉ូនដ៏រឿងរុងព្រះអ្នកនឹងគ្រងរាជ្យតទៅ

អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ធម ៦,១១-១៦

ចំពោះលោកប្អូនវិញ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់អើយ! ចូរស្វែងរកសេច​ក្ដី​សុចរិត ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ជំនឿ សេចក្ដីស្រឡាញ់ ចិត្ដអត់ធ្មត់ ចិត្ដស្លូតបូត។ ត្រូវពុះពារតយុទ្ធសម្រាប់ជំនឿឱ្យបានល្អប្រសើរ ហើយឈោង​ចា​ប់យកជីវិតអស់កល្បជានិច្ច ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅលោកប្អូនមក ឱ្យទទួ​លជីវិតអស់កល្បជានិច្ចនេះ ដូចលោកប្អូនបានទទួលស្គាល់ក្នុងពេលប្រកាសជំនឿយ៉ាងល្អប្រពៃ នៅចំពោះមុខមនុស្សជាច្រើនដែលជាសាក្សី។ នៅចំពោះព្រះ​ភក្រ្ដ​ព្រះជាម្ចាស់ដែលប្រទានឱ្យអ្វីៗទាំងអស់មានជីវិត និងនៅចំពោះព្រះភក្រ្ដព្រះគ្រីស្ដយេស៊ូដែលបានផ្ដល់សក្ខីភាពដោយប្រកាសជំនឿយ៉ាងល្អប្រពៃនៅមុខលោកប៉ុនពីឡាត ខ្ញុំសុំដាស់តឿនលោកប្អូនថា ចូរប្រតិបត្ដិតាមវិន័យឱ្យបានល្អឥតខ្ចោះ ឥតកំហុស រហូតដល់ពេលព្រះយេស៊ូគ្រីស្ដជាព្រះអម្ចាស់នៃយើងយាងមក។ ព្រះជាម្ចាស់នឹងបង្ហាញព្រះគ្រីស្តឱ្យគេឃើញនៅពេលកំណត់។ ព្រះជា​ម្ចាស់ប្រកបដោយសុភមង្គល មានតែព្រះអង្គមួយគត់ដែលជាព្រះអធិបតី ព្រះអង្គជាព្រះមហាក្សត្រធំលើសមហាក្សត្រនានា ជាព្រះអម្ចាស់ធំលើសអម្ចាស់នានា មានតែព្រះអង្គមួយគត់ដែលមានព្រះជន្មអមតៈ ព្រះអង្គគង់នៅក្នុងពន្លឺដែលគ្មាននរណាអាចចូលជិតបានឡើយ ហើយក៏គ្មានមនុស្សណាបានឃើញ និងអាច​ឃើញព្រះអង្គបានដែរ សូមលើកតម្កើងព្រះកិត្ដិនាម និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជានិច្ច! អាម៉ែន!

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ករ ៨,៩

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់យេស៊ូគ្រីស្ដមានសម្បត្ដិដ៏ច្រើន ទ្រង់បានដាក់ខ្លួនមកជាអ្នកក្រ ដើម្បីឱ្យបងប្អូនបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៦,១៩-៣១

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាថា៖ «មានបុរសម្នាក់ជាអ្នកមាន គាត់ប្រើសុទ្ធតែសម្លៀកបំពាក់ល្អៗ ធ្វើពីក្រណាត់សំពត់ថ្លៃៗ។ គាត់រស់នៅដោយសប្បាយ មានម្ហូបអាហារឆ្ងាញ់ៗបរិបូរណ៌រាល់ថ្ងៃ។ មានបុរសម្នាក់ទៀតជាអ្នកក្រ ឈ្មោះឡាសារ គាត់កើតដំបៅពេញខ្លួន ហើយតែងដេកនៅមាត់ទ្វាររបងផ្ទះអ្នក​មាននោះ។ អ្នកឡាសារ ចង់បរិភោគកម្ទេចម្ហូបអាហារដែលជ្រុះពីតុអ្នកមាននោះណាស់ ហើយមានឆ្កែមកលិទ្ធដំបៅគាត់ទៀតផង។ ថ្ងៃមួយ អ្នកក្រនោះស្លាប់ទៅ ពួកទេវទូតនាំគាត់យកទៅដាក់ក្បែរលោកអប្រាហាំនៅស្ថានបរមសុខ។ រីឯអ្នក​មានក៏​​​ស្លាប់​​ដែរ គេយកសពគាត់ទៅបញ្ចុះក្នុងផ្នូរ។ នៅស្ថានមនុស្សស្លាប់ អ្នកមាននោះរងទុក្ខទារុណកម្មយ៉ាងខ្លាំង គាត់ងើបមុខទៅលើ ឃើញលោក​អប្រាហាំ​ពីចម្ងាយ ហើយឃើញអ្នកក្រឡាសារនៅក្បែរលោកដែរ។ គាត់ស្រែកអង្វរលោក​អប្រាហាំថា៖ «លោកឪពុកអើយ! សូមអាណិតមេត្ដាខ្ញុំផង!។ សូមលោកឪពុក​ប្រាប់ឡាសារ ឱ្យយកម្រាមដៃជ្រលក់ទឹកបន្ដក់លើអណ្ដាតខ្ញុំបន្ដិច ព្រោះនៅក្នុង​ភ្លើងនេះ ខ្ញុំឈឺចុកចាប់ណាស់»។ លោកអប្រាហាំមានប្រសាសន៍ថា៖ «កូន​អើយ! ចូរនឹកចាំថា កាលកូនមានជីវិតនៅឡើយ កូនស្គាល់តែសប្បាយ រីឯឡាសារវិញ គ្នាស្គាល់តែទុក្ខ។ ឥឡូវនេះ ឡាសារបានសុខក្សេមក្សាន្ដហើយ តែកូនវិញ កូន​ត្រូវឈឺចុកចាប់។ ម្យ៉ាងទៀត មានលំហមួយយ៉ាងធំ ខណ្ឌយើងពីអ្នករាល់គ្នា ទោះបីអ្នកណាចង់ឆ្លងពីស្ថាននេះទៅរកអ្នករាល់គ្នា ក៏ឆ្លងមិនបានឡើយ ទោះបីមានអ្នកណាចង់ឆ្លងពីអ្នករាល់គ្នាមករកយើង ក៏ឆ្លងមិនបានដែរ»។ អ្នកមាននោះ​អង្វរថា៖«លោកឪពុកអើយ! សូមលោកឪពុកមេត្ដាចាត់ឡាសារឱ្យទៅផ្ទះឪពុកខ្ញុំផង ខ្ញុំមានបងប្អូនប្រាំនាក់។ សូមឱ្យឡាសារទៅប្រាប់គេឱ្យដឹងខ្លួន កុំឱ្យគេមកកន្លែងរងទុក្ខទារុណ កម្មនេះ»។ លោកអប្រាហាំឆ្លើយថា៖ «បងប្អូនរបស់កូន​បាន​​ឮ​​ពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និងពាក្យប្រៀនប្រដៅរបស់អស់លោកព្យាការីហើយ ឱ្យគេធ្វើតាមពាក្យលោកទាំងនោះចុះ!»។ អ្នកមានតបទៅលោកអប្រាហាំថា៖«ទេ! លោកឪពុក! ទាល់តែមានអ្នកណាម្នាក់ពីចំណោមមនុស្សស្លាប់ទៅប្រាប់គេ ទើបគេកែប្រែចិត្ដគំនិត»។ ប៉ុន្ដែ លោកអប្រាហាំឆ្លើយតបវិញថា៖ «ប្រសិនបើគេមិនធ្វើតាមពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និងពាក្យប្រៀន​ប្រ​ដៅរបស់ព្យាការីទេ ទោះបីមានមនុស្សស្លាប់បានរស់ឡើងវិញទៅប្រាប់គេក៏ដោយ ក៏គេមិនព្រមជឿដែរ»។

Facebook
Twitter
LinkedIn