អត្ថបទគម្ពីរ ​ថ្ងៃសុក្រទី២៣ ខែកញ្ញា ឆ្នាំ ២០២២

សន្តពីយ៉ូ ជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា

សូមថ្លែងព្រះគម្ពីរសាស្ដា សស ៣,១-១១

អ្វីៗដែលមាននៅផែនដី សុទ្ធតែកើតឡើងតាមពេលកំណត់របស់វា។ មានពេល​កើតមានពេលស្លាប់ មានពេលដាំ មានពេលដក។ មានពេលផ្ដួលរំលំ មានពេលសង់។​ មានពេលយំ មានពេលសើច មានពេលសោយសោក មានពេលរាំសប្បាយ។ មានពេល​គ្រវែងដុំថ្ម មានពេលរើសដុំថ្ម មានពេលឧិបថើប មានពេលមិនព្រមឧិបថើប។ មាន​ពេលស្វែងរក មានពេលបាត់បង់ មានពេលថែទាំ មានពេល​បោះចោល។ មានពេល​ហែក មានពេលដេរភ្ជិតឡើងវិញ មានពេលនៅស្ងៀម មានពេលនិយាយ។ មានពេល​ស្រឡាញ់ មានពេលស្អប់ មានពេលធើ្វសង្គ្រាម មានពេលសន្ដិភាព។ តើអ្នកដែលខំប្រឹងប្រែងធើ្វការយ៉ាងលំបាកបានទទួលផលអ្វីខ្លះ? ខ្ញុំសង្កេតឃើញ​ថា ព្រះជាម្ចាស់បានប្រគល់ការងារយ៉ាងនឿយហត់ឱ្យមនុស្សលោកធើ្វ។ អ្វីៗដែល​ព្រះអង្គធើ្វសុទ្ធតែល្អស្អាតតាមពេលរបស់វា។ ទោះបីមនុស្សពុំអាចយល់ពីស្នាព្រះហស្ដដែលព្រះជាម្ចាស់បានធើ្វ ចាប់ពីដើមរហូតដល់ចុងបញ្ចប់ក្ដី ក៏ព្រះអង្គប្រទានឱ្យគេចេះគិតអំពីពេលវេលាដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចដែរ។

ទំនុកតម្កើងលេខ ១៤៤ (១៤៣) ,១-៤ បទព្រហ្មគីតិ

សូមលើតម្កើងព្រះជាអម្ចាស់ដ៏ឧត្តម
ជាថ្មដានៃខ្ញុំធំរឹងមាំមួនបំផុត
ព្រះអង្គបានបង្ហាត់ខ្ញុំចេះស្ទាត់ការប្រយុទ្ធ
ធើ្វសឹកឥតភ័យស្លុតចេញតយុទ្ធខ្មាំងជិតជុំ
ទ្រង់សម្ដែងហប្ញទ័យករុណាក្រៃចំពោះខ្ញុំ
ជាកំពែងរឹងមាំការពារខ្ញុំយ៉ាងអង់អាច
ព្រះអង្គជាជម្រកខ្ញុំមកជ្រកឥតភ័យខ្លាច
ទ្រង់ប្រគល់អំណាចឱ្យខ្ញុំអាចមានថ្វីដៃ
ឱព្រះជាអម្ចាស់តើមនុស្សគឺជាអ្វី
ទើបទ្រង់យកព្រះទ័យត្រាប្រណីមិនឈរឈប់
តើមនុស្សលោកីយ៍គេជាអ្វីទើបទ្រង់សព្វ
ព្រះទ័យមិនឈរឈប់ទោះថ្ងៃយប់នឹករិះរេ
មនុស្សលោកប្រៀបផ្ទឹមមួយដង្ហើមប៉ុណ្ណោះទេ
អាយុជីវិតគេមិនទៀងទេគ្រប់ៗគ្នា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១០,៤៥

អាលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សមកក្នុងពិភពលោកនេះ ដើម្បីបម្រើគេព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,១៨-២២

ថ្ងៃមួយ ព្រះយេស៊ូអធិដ្ឋានដាច់ឡែកពីបណ្ដាជន ក្រុមសាវ័កក៏នៅជាមួយព្រះអង្គ​ដែរ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមហាជនទាំងឡាយថា ខ្ញុំជានរណា?»។​ ក្រុមសាវ័កទូលឆ្លើយថា៖ «អ្នកខ្លះថា លោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថា លោក​ជាព្យាការីអេលី ហើយអ្នកខ្លះទៀតថា លោកជាព្យាការីម្នាក់ពីសម័យបុរាណដែល​រស់ឡើងវិញ»។ ព្រះយេស៊ូសួរទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជា​នរណាដែរ?។ លោកសិលាទូលព្រះអង្គថា៖ «លោកជាព្រះគ្រីស្ដដែលព្រះជាម្ចាស់​ចាត់ឱ្យមក»។ ព្រះយេស៊ូក៏ហាមប្រាមគេមិនឱ្យនិយាយប្រាប់នរណាជាដាច់ខាត់។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «បុត្រមនុស្សត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួក​ព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកធម្មាចារ្យ នឹងបោះបង់លោកចោល ថែមទាំងសម្លាប់​លោកទៀតផង។ ប៉ុន្ដែបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។

Facebook
Twitter
LinkedIn