សន្តម៉ាថាយ ជាគ្រីស្តទូត និងជាអ្នក
និពន្ធគម្ពីរដំណឹងល្អ
គ្រីស្តទូតថាម៉ាយ មានឈ្មោះលេវីដែរ។ លោកប្រកបអាជីវកម្មទារពន្ធដារ ជារបររកស៊ីដែលជនជាតិយូដាតែងមើលងាយ ដោយចោទថា អ្នកធ្វើការងារនេះជា “អ្នកបាប”។ ព្រះយេស៊ូត្រាសហៅ “អ្នកបាប” ម្នាក់ឱ្យធ្វើជាសាវ័ក និងជាទូតរបស់ព្រះអង្គថែមទៀត! លោកបំពេញមុខងារជាគ្រីស្តទូតដោយប្រកាសព្រះបន្ទូលព្រះអង្គផង ប្រមែប្រមូលព្រះបន្ទូលព្រះយេស៊ូក្នុងកណ្ឌគម្ពីរមួយផង។ លោក (ឬគ្រីស្តបរិស័ទម្នាក់ដែលយកឈ្មោះលោក) និពន្ធគម្ពីរដំណឹងល្អក្នងគោលបំណងចង់បញ្ជាក់ថា ព្រះយេស៊ូពិតជាព្រះគ្រីស្តដែលយាងមក ស្របតាមគម្ពីរ ព្រះអង្គមិនយាងមកបំផ្លាញធម្មវិន័យរបស់លោកម៉ូសេទេ គឺទ្រង់យាងមកបំពេញអត្ថន័យ! លោកក៏ចាប់អារម្មណ៍ជាខ្លាំងអំពីរបៀបគ្រីស្តបរិស័ទរស់ជាព្រះសហគមន៍ដែរ។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ៤,១-៧.១១-១៣
បងប្អូនជាទីស្រឡាញ់!
ខ្ញុំដែលជាប់ឃុំឃាំង សូមដាស់តឿនបងប្អូនក្នុងព្រះនាមព្រះអម្ចាស់ថា ដោយព្រះជាម្ចាស់បានត្រាស់ហៅបងប្អូន ចូររស់នៅឱ្យបានសមរម្យនឹងការត្រាស់ហៅនោះទៅ។ ចូរបន្ទាបខ្លួន មានចិត្តស្លូតបូត និងចេះអត់ធ្មត់ ព្រមទាំងទ្រាំទ្រគ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់។ចូរយកចិត្តទុកដាក់រក្សាឯកភាពដែលមកពីព្រះវិញ្ញាណ ដោយយកសេចក្ដីសុខសាន្តធ្វើជាចំណងប្រាស្រ័យទាក់ទងគ្នា។ ព្រះកាយមានតែមួយ ហើយព្រះវិញ្ញាណក៏មានតែមួយ ដូចព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឱ្យមានសេចក្ដីសង្ឃឹមតែមួយនោះដែរ។ ព្រះអម្ចាស់មានតែមួយ ជំនឿមានតែមួយ ពិធីជ្រមុជទឹកមានតែមួយ។ ព្រះជាម្ចាស់មានតែមួយ ព្រះអង្គជាព្រះបិតារបស់មនុស្សទាំងអស់ ព្រះអង្គខ្ពង់ខ្ពស់លើសអ្វីៗទាំងអស់ ហើយព្រះអង្គធ្វើការតាមរយៈមនុស្សទាំងអស់ និងសណ្ឋិតនៅក្នុងមនុស្សទាំងអស់។ ព្រះអង្គបានប្រណីសន្ដោសយើងម្នាក់ៗតាមកម្រិតព្រះអំណោយទានដែលព្រះគ្រីស្តប្រទានមកយើង។ គឺព្រះអង្គហើយដែលបានប្រទានឱ្យអ្នកខ្លះមានមុខងារជាគ្រីស្តទូត ឱ្យអ្នកខ្លះថ្លែងព្រះបន្ទូល អ្នកខ្លះផ្សាយដំណឹងល្អ អ្នកខ្លះជាគង្វាល និងអ្នកខ្លះទៀតជាអ្នកបង្រៀន ដើម្បីរៀបចំប្រជាជនដ៏វិសុទ្ធឱ្យបំពេញមុខងារបម្រើ និងកសាងព្រះកាយរបស់ព្រះគ្រីស្តឡើង រហូតដល់យើងទាំងអស់រួមគ្នាមានជំនឿតែមួយ មានគំនិតតែមួយ ក្នុងការស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់ និងទៅជាមនុស្សពេញវ័យ ឡើងដល់កម្ពស់របស់ព្រះគ្រីស្តដែលបំពេញអ្វីៗទាំងអស់។
ទំនុកតម្កើងលេខ ១៩ (១៨),២-៥ បទកាកគតិ
| ២ | ផ្ទៃមេឃថ្លាថ្លែង | រុងរឿងស្ញប់ស្ញែង | របស់ព្រះម្ចាស់ |
| អាកាសវេហាស៍ | ក៏បានប្រកាស | ពីស្នាព្រះហស្ត | |
| របស់ព្រះអង្គ | ។ | ||
| ៣ | ថ្ងៃមួយពោលប្រាប់ | ថ្ងៃមួយទៀតស្តាប់ | មិននៅរេរង់ |
| យប់មួយទៀតប្រាប់ | យប់ផ្សេងឱ្យដឹង | អំពីដំណឹង | |
| ល្បីល្បាញអស្ចារ្យ | ។ | ||
| ៤ | មិនប្រើសម្តី | មិនចារសេចក្តី | ឬប្រើភាសា |
| ហើយក៏មិនចេញ | សូរស័ព្ទវាចា | បន្តិចឡើយណា | |
| ឱ្យគេដឹងឮ | ។ | ||
| ៥ | ដំណឹងទាំងនោះ | ឮឆ្ងាយសាយសុស | ពេញពាសរន្ទឺ |
| លើភពផែនដី | ទីងងឹតភ្លឺ | លាន់ល្បីរន្ទឺ | |
| គ្មានសល់ចន្លោះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមកោតសរសើរព្រះអង្គ! គ្រីស្តទូតលើកតម្កើងព្រះអង្គ! យើងខ្ញុំអបអរសាទរព្រះអង្គ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៩,៩-១៣
ព្រះយេស៊ូយាងពីក្រុងកាផានុម ព្រះអង្គទតឃើញបុរសម្នាក់ឈ្មោះម៉ាថាយអង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើងដើរតាមព្រះអង្គទៅ។ បន្ទាប់មក ព្រះអង្គសោយព្រះស្ងោយនៅផ្ទះលោកម៉ាថាយ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើនមកអង្គុយរួមតុជាមួយព្រះយេស៊ូ និងពួកសាវ័កដែរ។ ពួកខាងគណៈផារីស៊ីឃើញដូច្នេះ គេនិយាយទៅកាន់សាវ័កព្រះអង្គថា៖ “ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាប?”។ ព្រះយេស៊ូឮដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ចូរអ្នករាល់គ្នាទៅរិះគិតមើលសេចក្តីដែលមានចែងទុកមកថា “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែសេចក្តីមេត្តាករុណាប៉ុណ្ណោះ” មានន័យដូចម្តេច?។ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាបវិញ»។





