អត្ថបទទី១៖ យេរេមី ១,៤-៩ ចូរប្រយ័ត្ន! កុំឲ្យអ្នករាល់គ្នាប្រព្រឹត្តដូចជាតិសាសន៍ដទៃទាំងនោះក្នុងគ្រប់ប្រការឡើយ។ យរ ១,៤ អត្ថបទទី២៖ កូរិនថូសទី១ ១០,១៤-១៧.២០-២២ ទោះបីយើងមានគ្នាច្រើនក្តី ក៏យើងរួមគ្នាមកជារូបកាយតែមួយដែរ។ ១ករ ១០,១៧ ដំណឹងល្អ៖ លូកា ៦,៤៣-៤៩ ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា “ព្រះអម្ចាស់! ព្រះអម្ចាស់!” តែមិនប្រព្រឹត្តតាមពាក្យខ្ញុំដូច្នេះ? លក ៦,៤៦ |
“អ្នកបម្រើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់”
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ ពិតមែនជាអំណរសប្បាយដ៏វិសេសវិសាលសម្រាប់ព្រះសហគមន៍យើង ជាពេលវេលាដែលយើងទន្ទឹងរង់ចាំពីយូរហើយ។ ជាពេលវេលាមួយដ៏ពិសេសបំផុត យើងដឹងថាយើងចូលនៅក្នុងប្រវត្តិសាស្រ្តយ៉ាងពិសេសបំផុតសម្រាប់ព្រះសហគមន៍។ យើងត្រូវតែនឹកឃើញពីដើមរៀងមក ឪពុកម្ដាយ គ្រួសារដែលបានជួយថែរក្សាប្អូនៗ នឹកឃើញពីដើមរៀងមកព្រះសហគមន៍ផ្ទាល់ខ្លួននៅក្នុងចំប៉ា និងទួលតាំងដែលបានថែរក្សាប្អូនៗ។ យើងត្រូវការអគុណលោកឪពុក ដែលពីដើមរៀងមកមានប៉ុន្មាននាក់ ដែលបានជួយណែនាំតាមផ្លូវវិញ្ញាណ។ ថ្ងៃនេះ យើងអរគុណលោកឪពុក លេអូ ដែលបានមកនៅទីនេះ ដោយសារខ្ញុំជឿថាលោកឪពុក លេអូ មានតម្លៃខ្លាំងណាស់ នៅក្នុងការត្រាស់ហៅប្អូនទាំងបី។
នៅពេលនេះយើងត្រូវតែនឹកឃើញ ដល់ការសិក្សាដែលមានអស់ប៉ុន្មានឆ្នាំ ពេលនោះលោក លី បានរំលឹកពីឆ្នាំ២០១៤ ដែលយើងបានរៀន។ យើងត្រូវតែអរគុណដល់លោកឪពុក ប៉ុប ដែលបានចាប់ផ្តើមទទួលប្អូន ពេលនេះលោកនៅប្រទេសកាណាដា។ អរគុណដល់លោកឪពុក លី ដែលបានបន្តអស់ពីកម្លាំងកាយកម្លាំងចិត្ត អរគុណដល់លោកគ្រូអ្នកគ្រូ ដែលបានជួយបង្រៀននិងអប់រំនៅក្នុងទេវវិទ្យាល័យ។ អរព្រះគុណព្រះជាម្ចាស់ សម្រាប់ព្រះសហគមន៍យើងទាំងមូល ដែលបានអធិដ្ឋាន អធិដ្ឋានអស់១០០យប់សម្រាប់ការត្រាស់ហៅ។ ប៉ុន្តែ មិនអធិដ្ឋានតែសម្រាប់ការត្រាស់ហៅថ្មីៗ គឺសម្រាប់ប្អូនដែលកំពុងនៅទេវៈដែរ ដើម្បីឲ្យថ្ងៃនេះយើងទទួលផ្លែ។ ផ្លែមួយយ៉ាងពិសេស ដោយសារថ្ងៃនេះយើងបានស្ដាប់ថា “ខ្ញុំជ្រើសរើសនៅក្នុងនាមព្រះសហគមន៍ប្អូនទាំងបីនាក់ដើម្បីតែងតាំងជាឧបដ្ឋាក”។ នេះជាអ្វីដែលពិសេសបំផុត សម្រាប់ព្រះសហគមន៍របស់យើង សម្រាប់ព្រះសហគមន៍ដ៏តូចតាចរបស់យើង។ ជាពិសេស នៅក្នុងប្រវត្តិសាស្រ្តដែលយើងកំពុងសរសេរនៅពេលនេះ ដោយសារនៅពេលនេះយើងកំពុងប្រគល់លោកឪពុក លី ដែលជាមិត្តសម្លាញ់យើង ដែលបានធ្វើដំណើរជាមួយយើងយូរឆ្នាំហើយ។ ជាបូជាចារ្យជាទីស្រឡាញ់នៅក្នុងភូមិភាគយើង ដែលជាប្អូនរបស់យើង ជូនដល់ព្រះសហគមន៍កំពង់ចាម ដើម្បីធ្វើជាគ្រូគង្វាលដ៏សប្បុរសនៅទីនោះ។
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះយើងមានបីនាក់ ភ្លាមៗខ្ញុំបាននឹកឃើញដល់ហោរាចារ្យបីអង្គ ដែលកំពុងធ្វើដំណើរពីចម្ងាយ។ ប៉ុន្តែ គេមើលសញ្ញានៃព្រះកាយ ព្រះកាយជាសញ្ញាមួយដែលណែនាំឲ្យគេធ្វើដំណើរ ដើម្បីទៅគោរព ដើម្បីថ្វាយបង្គំដល់ព្រះសង្គ្រោះដែលបានប្រសូត្រហើយ។ នៅក្នុងជីវិតរបស់យើង យើងមានសញ្ញា សញ្ញាដ៏សំខាន់ដែលណែនាំឲ្យយើងអាចធ្វើដំណើរ ដើម្បីមើលឃើញព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ប្អូនៗទាំងបីនាក់ បានមានសញ្ញាច្រើនដែលណែនាំរហូតដល់ថ្ងៃនេះ ដើម្បីឲ្យថ្ងៃនេះបានទទួលអគ្គសញ្ញាជាឧបដ្ឋាក បានភ្ជាប់ជាមួយព្រះយេស៊ូគ្រីស្តអស់កល្បជានិច្ចនៅក្នុងអគ្គសញ្ញាហ្នឹង។ យើងបានច្រៀង លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ នៅពេលព្រះសហគមន៍បានត្រាស់ហៅទាំងបីនាក់យ៉ាងឱឡារិក លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ដូចក្រុមទេវទូតពីដើម នៅពេលព្រះយេស៊ូបានប្រសូត នៅពេលព្រះសង្គ្រោះបានប្រសូតហើយ។ ថ្ងៃនេះ ខ្ញុំជឿថាព្រះសហគមន៍នៅស្ថានបរមសុខកំពុងពោរពេញដោយអំណរសប្បាយ នៅពេលនោះយើងដឹងថា យើងមានបងប្អូនប៉ុន្មាននាក់ នៅស្ថានបរមសុខដែលកំពុងអធិដ្ឋានសម្រាប់ប្អូន។
យើងនឹកឃើញមុនគេបង្អស់ដល់បងស្រី ប៉ូលីន ដែលបានធ្វើដំណើរជាមួយប្អូននៅចំប៉ា នៅស្វាយប៉ាកពីដើម យើងនឹកឃើញដល់លោកយាយ ប៊ុនលី ដែលបានទទួលមរណភាព គាត់បានអធិដ្ឋានដើម្បីនៅថ្ងៃនេះ។ យើងនឹកឃើញដល់ឪពុក កាន់ ដែលបានទទួលមរណភាពថ្មីៗនេះ ដែលបានអធិដ្ឋានៗសម្រាប់កូនគាត់ ប្រហែលគាត់ពោរពេញដោយអំណរសប្បាយនៅស្ថានបរមសុខ។ នឹកឃើញដល់បងប្អូនប៉ុន្មាននាក់ដែរ ដែលជាតាយាយ ដែលជាជីដូនជីតា ដែលពោរពេញដោយអំណរសប្បាយនៅស្ថានបរមសុខ។ ពិតមែនថ្ងៃនេះជាថ្ងៃពិសេស នៅក្នុងជីវិតផ្ទាល់របស់ប្អូន នៅក្នុងជីវិតព្រះសហគមន៍យើងទាំងមូល។
ថ្ងៃនេះ ជាថ្ងៃទី១០ ខែកញ្ញា ជាថ្ងៃពិសេសមួយសម្រាប់ម្ដាយតេរេសា ដែលយើងបានគោរពប៉ុន្មានថ្ងៃមុន។ ដោយសារនៅក្នុងថ្ងៃទី១០ ខែកញ្ញា ម្ដាយតេរេសា បានទទួលការត្រាស់ហៅនៅក្នុងការត្រាស់ហៅផ្ទាល់ខ្លួន។ នៅពេលនោះ គាត់កំពុងធ្វើដំណើរគាត់បានស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដែលជម្រុញគាត់ឲ្យចេញពីអារាមរបស់គាត់ អំពីក្រុមគ្រួសារបព្វជិតាដែលកំពុងបង្រៀន ដើម្បីជួយអ្នកក្រីក្រ ដើម្បីរស់នៅជាមួយក្រីក្រ។ ដោយដឹងថា “ពិតមែនថ្ងៃនេះជាថ្ងៃដែលព្រះជាម្ចាស់បានណែនាំឲ្យខ្ញុំយល់ថា ខ្ញុំភ្ជាប់ជាមួយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ចង់ឲ្យខ្ញុំស្រឡាញ់បងប្អូនឯទៀតៗ ដើម្បីឲ្យមនុស្សលោកអាចមើលឃើញសេចក្ដីស្រឡាញ់របស់ព្រះអង្គ”។ ប៉ុន្តែ ជាពិសេសនៅពេលនោះគាត់បានយល់ថា ព្រះយេស៊ូកំពុងស្រេកទឹកនៅលើព្រះឈើឆ្កាង។ ជាមូលហេតុ នៅគ្រប់កន្លែងរបស់បងស្រីមេត្តាករុណាទាំងអស់ យើងឃើញឈើឆ្កាងមានសរសេរ “ខ្ញុំស្រេកទឹក”។ ម្ដាយ តេរេសា បានថែមថា “អ្វីដែលយើងត្រូវតែស្ដាប់ គឺមិនមែនតែព្រះយេស៊ូស្រឡាញ់យើង ប៉ុន្តែព្រះយេស៊ូស្រេក ស្រេកឲ្យបងប្អូនចូលនៅក្នុងជីវិតរបស់ព្រះអង្គ ស្រេកដើម្បីឲ្យយើងបម្រើព្រះអង្គអស់មួយជីវិត អស់ពីកម្លាំងកាយកម្លាំងចិត្ត”។
ដូច្នេះ ថ្ងៃនេះពិតមែនយើងត្រូវការស្ដាប់ឮព្រះបន្ទូលរបស់ព្រះយេស៊ូនៅលើព្រះឈើឆ្កាង ដែលយើងស្ដាប់ឮថា “ខ្ញុំស្រេកទឹក” ស្រេកប្អូនទាំងបីដើម្បីបម្រើព្រះសហគមន៍ ស្រេកប្អូនទាំងបីឲ្យព្រះសហគមន៍របស់យើងអាចទទួលទឹកដ៏មានជីវិត ទឹកដែលណែនាំឲ្យយើងដើរតាមផ្លូវនៃការសង្រ្គោះ។ ថ្ងៃនេះ យើងអាចនិយាយបានថា ប្អូនបានទទួលឋានៈទី១នៅក្នុងអគ្គសញ្ញាជាឧបដ្ឋាក បូជាចារ្យ និងអភិបាល។ ប៉ុន្តែ ឋានៈទីមួយជាឧបដ្ឋាក ថ្ងៃនេះឆ្លាក់អស់មួយជីវិត មិនមែនជារឿងដែលយើងថាឥលូវនេះប្រាំមួយខែទៀត ប្រាំបួនខែទៀត ខ្ញុំឈប់ជាឧបដ្ឋាក យើងជាឧបដ្ឋាកអស់មួយជីវិត។ ពីសម័យដើម ពេលលោកអភិបាលពាក់អាវ ត្រូវការពាក់ទាំងអស់ ទាំងអាវឧបដ្ឋាក អាវបូជាចារ្យ និងអាវធំនៅលើទៀត ដើម្បីនឹកឃើញយើងជាអ្នកបម្រើអស់មួយជីវិត។ អនាគតជាបូជាចារ្យ អនាគតប្រហែលជាអភិបាល អនាគតប្រហែលជាសម្ដេចប៉ាប ប៉ុន្តែអ្វីក៏បានយើងជាអ្នកបម្រើ យើងជាអ្នកម្រើរបស់ព្រះជាម្ចាស់អស់កល្បជានិច្ច។ បម្រើរបស់ព្រះជាម្ចាស់ បម្រើតាមរបៀបព្រះជាម្ចាស់ជាឥរិយាបថថ្មី អាកប្បកិរិយាថ្មី ដែលត្រូវតែជាប់នៅក្នុងដួងចិត្តរបស់យើង។ ដោយសារ ចាប់ពីពេលនេះតទៅយើងមិនមែនបម្រើធម្មតា យើងមិនមែនបម្រើទូទៅ ប៉ុន្តែយើងបម្រើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហេតុនេះហើយ ចាប់ពីពេលនេះតទៅយើងភ្ជាប់ជាមួយព្រះជាម្ចាស់នៅក្នុងរបៀបថ្មី តាមរយៈអគ្គសញ្ញា អធិដ្ឋានតាមព្រះបន្ទូល អធិដ្ឋានតាមរយៈការគោរពព្រះកាយព្រះគ្រីស្ត អធិដ្ឋានតាមពេលកំណត់នៃព្រះសហគមន៍។ ទៅជាអាទិភាពនៃជីវិតរបស់យើង ដើម្បីចូលនៅក្នុងស្ថានភាពថ្មីនៃជីវិតរបស់យើង។ យើងខុសគេ ចាប់ពីថ្ងៃទទួលតែងតាំងជាឧបដ្ឋាក បូជាចារ្យយើងខុសគេ ទោះបីយើងនៅក្នុងចំណោមមនុស្សលោក យើងខុសគេដែរ។
បម្រើរបស់ព្រះជាម្ចាស់ មានន័យថាយើងទៅជាយញ្ញបូជាអស់កល្បជានិច្ច មិនមែនតែបម្រើអាសនៈ ដោយសារបន្តិចទៀតទៅជាអ្នកបម្រើអាសនៈពិសេស ដែលមានរបៀបពិសេស ផ្សេងពីមុនដែរ។ ប៉ុន្តែ ផ្ទាល់ខ្លួនបន្តិចម្ដងៗចាប់ផ្ដើមចូលនៅក្នុងសក្ការៈបូជារបស់ព្រះគ្រីស្ត ដើម្បីទៅជាយញ្ញបូជាផ្ទាល់ខ្លួន អាចនិយាយបានថាចាប់ពីពេលនេះតទៅជីវិតផ្ទាល់ខ្លួនលែងជាជីវិតឯកជន។ នេះសម្រាប់យើង ជីវិតផ្ទាល់ខ្លួនលែងជាជីវិតឯកជន យើងមានជីវិតសាធារណៈ ប៉ុន្តែសាធារណៈនៅក្នុងព្រះជាម្ចាស់។ យើងមិនអាចចែកជីវិតរបស់យើងជាពីរ ខ្ញុំមានពេលដើរលេង ខ្ញុំមានពេលធ្វើនេះធ្វើនោះ ពេលខ្ញុំអត់ដើរលេងអត់ធ្វើនោះខ្ញុំជាបូជាចារ្យ។ ជីវិតរបស់យើងជាបូជាចារ្យ ជាជីវិតថ្មីដែលយើងផ្ញើខ្លួនរបស់យើងទាំងស្រុងដល់បងប្អូនទាំងអស់។ ដូចសម្ដេចប៉ាប យ៉ូហានប៉ូលទី២ បានយកពាក្យស្លោកនេះតាមរបៀបព្រះនាងម៉ារី។
បងប្អូនជាទីស្រឡាញ់ នៅនេះយើងមានរូបសន្ត ស្ទេផាន ដែលជាឧបដ្ឋាកដំបូង ដែលព្រះសហគមន៍បានជ្រើសរើស ជាឧបដ្ឋាកដែលលោកប៉ូលបានណែនាំឲ្យត្រូវទទួលសោយទិវង្គត ជាមរណសាក្សី។ នឹកឃើញដល់ឧបដ្ឋាកនៅក្នុងព្រះសហគមន៍ពីដើម មរណសាក្សីសុទ្ធតែបានបូជាជីវិតរហូតដល់កំពូល សន្តឡូរង់ដែលគេបានដុត និងសន្តមួយចំនួនទៀត។ បម្រើតាមរបៀបព្រះជាម្ចាស់ ណែនាំឲ្យជីវិតរបស់យើងទៅជាពិធី ទៅជាពិធីមួយយ៉ាងជាពិសេសបំផុត ពិធីមួយដើម្បីកោតសរសើរព្រះជាម្ចាស់ដែលមានព្រះជន្មអស់កល្បជានិច្ច។ បន្តិចទៀត យើងភ្ជាប់ជាមួយលោកអភិបាល ឧបដ្ឋានជាឧបដ្ឋាករបស់លោកអភិបាល យើងភ្ជាប់នៅក្នុងការបម្រើព្រះកាយព្រះគ្រីស្ត។ ប៉ុន្តែ ដើម្បីណែនាំឲ្យបងប្អូនដែលជាអ្នកក្រីក្រ អ្នកតូចតាច ដូចម្ដាយ តេរេសា ពីដើម បានចូលរួមនៅក្នុងពិធីជប់លៀងដ៏សប្បាយនេះ ដើម្បីឲ្យមនុស្សដែលគ្មានឋានៈ គ្មានសង្ឃឹម គ្មានទីពឹងនៅក្នុងសង្គមបច្ចុប្បន្ននេះ អាចចូលរួមនៅក្នុងអំណរសប្បាយ នៅក្នុងពិធីជប់លៀង ពិធីមង្គលការដែលព្រះជាម្ចាស់កំពុងរៀបចំ។ អ្នកបម្រើ អ្នកបម្រើកុមារកំព្រា អ្នកបម្រើស្ដ្រីមេម៉ាយ យើងចូលនៅក្នុងការបម្រើនេះយ៉ាងពិសេស។
ហេតុនេះហើយ លោកឪពុកមួយចំនួនដែលនឹងទទួលប្អូនទាំងបីនាក់ សូមថែរក្សាពេលវេលានេះ ពេលវេលាដើម្បីឲ្យគេអធិដ្ឋាន ពេលវេលាដើម្បីឲ្យគេផ្ញើជីវិតទាំងស្រុងនៅក្នុងសក្ការៈបូជា និងពេលវេលាដើម្បីឲ្យគេបម្រើអ្នកក្រីក្រដ៏ពិតប្រាកដ។ កុំឲ្យមួយឆ្នាំខាងមុខនេះ ទៅជាពេលវេលាដើម្បីបំពេញតួនាទីដោយសារយើងខ្វះ យើងខ្វះគ្រូអប់រំជំនឿឱ្យគេអប់រំជំនឿទៅ យើងខ្វះប្រធានយុវជនឱ្យគេធ្វើជាប្រធានយុវជនទៅ យើងខ្វះអ្នកដឹកនាំក្រុមចម្រៀងឲ្យគេធ្វើជាអ្នកដឹកនាំក្រុមចម្រៀងទៅ។ អត់ទេ យើងត្រូវការថែរក្សាជីវិតគេជាឧបដ្ឋាក ដើម្បីនៅក្នុងមួយឆ្នាំខាងមុខនេះចូលយ៉ាងជ្រៅនៅក្នុងជីវិតរបស់គេ យើងជាអ្នកបម្រើ យើងជាអ្នកដែលអធិដ្ឋាន យើងជាអ្នកដែលភ្ជាប់ជាមួយព្រះជាម្ចាស់នៅក្នុងយញ្ញបូជា ដើម្បីឋានៈជាឧបដ្ឋាកភ្ជាប់នៅក្នុងដួងចិត្តអស់មួយជីវិតតាមរយៈបទពិសោធន៍។ មានតែបទពិសោធន៍ ដែលណែនាំឲ្យយើងទៅមុខ ដើម្បីឲ្យគេអាចរីកចម្រើនបន្តិចម្ដងៗ នៅក្នុងលក្ខខណ្ឌពិសេសដែលយើងជាអ្នកបម្រើ តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មានន័យថា ស្រឡាញ់ព្រះជាម្ចាស់អស់ពីដួងចិត្ត គឺសេចក្ដីស្រឡាញ់ដែលយើងត្រូវតែមានមុនបម្រើ។ តើយើងបម្រើបងប្អូនឯទៀតៗដូចម្ដេច ប្រសិនបើយើងមិនស្រឡាញ់ព្រះជាម្ចាស់ មិនស្រឡាញ់បងប្អូន?
យើងធ្វើនៅក្នុងសេចក្ដីស្រឡាញ់ គឺសេចក្ដីស្រឡាញ់ដែលណែនាំឲ្យយើងលើកលែងទោសឲ្យគេ គឺសេចក្ដីស្រឡាញ់ដែលណែនាំឲ្យយើងទៅជាអ្នកបម្រើ ដែលដាក់ខ្លួនដ៏ពិតប្រាកដ។ អ្នកបម្រើ ដែលបម្រើព្រះជាម្ចាស់នៅក្នុងការគោរពកោតខ្លាច ដូចព្រះអំណោយទានដែលយើងបានទទួលពីព្រះវិញ្ញាណដ៏វិសុទ្ធ។ កោតខ្លាចដើម្បីគោរពព្រះជាម្ចាស់ ជាព្រះរបស់យើងមុនគេបង្អស់អត់មានពីរទេដូចយើងស្ដាប់ក្នុងអត្ថបទទី២ថ្ងៃនេះ “យើងជានំប៉័ងតែមួយ យើងជាព្រះកាយតែមួយ យើងជាអង្គតែមួយនៅក្នុងអង្គព្រះយេស៊ូគ្រីស្ត”។
ស្រឡាញ់ព្រះជាម្ចាស់ និងបម្រើព្រះជាម្ចាស់ដោយដាក់ខ្លួន កុំឲ្យយើងភ្លេចអ្នកដែលពោរពេញដោយសុភមង្គល គឺអ្នកដែលសុខចិត្តទៅជាអ្នកក្រខ្សត់ ដោយដាក់ចិត្តសម្រាប់ព្រះជាម្ចាស់។ ដោយដឹងថា យើងទីពឹងទៅលើព្រះជាម្ចាស់ លែងទីពឹងទៅលើឪពុកម្ដាយ លើគ្រួសារ ប៉ុន្តែយើងទីពឹងទៅលើព្រះជាម្ចាស់ ដោយដាក់ខ្លួន ដោយសារយើងដឹងថាគឺព្រះជាម្ចាស់ដែលបំពេញជីវិតរបស់យើង។
បម្រើព្រះជាម្ចាស់ដោយមានចិត្តស្មោះ ស្មោះត្រង់ជានិច្ច ស្ម័គ្រស្លាប់ចំពោះព្រះជាម្ចាស់ដោយមានចិត្តស្មោះ។ ដោយដឹងថា នៅពេលវេលាដ៏ពិបាកនៅក្នុងកាលៈទេសៈដែលយើងកំពុងធ្លាក់ទឹកចិត្ត ភាពស្មោះត្រង់របស់យើងណែនាំឲ្យយើងអាចឈ្នះឧបសគ្គដើម្បីទៅមុខទៀត។ ដោយសារ ព្រះជាម្ចាស់លើកលែងទោសជានិច្ចដល់អ្នកបម្រើដែលមានចិត្តស្មោះត្រង់។
បម្រើព្រះជាម្ចាស់ដោយមានសមត្ថភាព ម្នាក់ៗយើងមានសមត្ថភាពផ្ទាល់ខ្លួន ដូច្នេះបម្រើព្រះជាម្ចាស់ អស់ពីសមត្ថភាពដែលយើងមាន អស់ពីទ្រព្យសម្បត្តិដែលបានទទួលពីព្រះជាម្ចាស់។
បម្រើព្រះជាម្ចាស់នៅក្នុងអំណរសប្បាយ អំណរសប្បាយដ៏ពេញលក្ខណៈជាអំណរសប្បាយដែលមកពីព្រះយេស៊ូផ្ទាល់ ជាអំណរសប្បាយដែលមិនអាចធ្វើតាមអារម្មណ៍ដែលយើងមាន ថ្ងៃនេះយើងស្រួល ថ្ងៃនេះយើងខឹង ថ្ងៃនេះយើងស្អប់ នេះជារបៀបមនុស្សយើងពិត។ ប៉ុន្តែ អំណរសប្បាយដែលយើងទទួលពីព្រះជាម្ចាស់ ជាអំណរសប្បាយយ៉ាងជ្រៅដែលណែនាំឲ្យយើងទៅមុខជានិច្ច ដើម្បីទៅជាអ្នកបម្រើ។
ដូច្នេះ ខ្ញុំសង្ឃឹមចំណុចទាំងប៉ុន្មាននេះ ណែនាំឲ្យយើងអាចបំពេញមួយឆ្នាំខាងមុខនេះ ដោយដឹងថាព្រះសហគមន៍ទាំងអស់ដែលនៅទីនេះ ទាំងលោកឪពុក ទាំងបងប្រុសបងស្រី ទាំងគ្រីស្តបរិស័ទធ្វើដំណើរជាមួយ។ ឪពុកខ្ញុំជាឧបដ្ឋាកអចិន្រៃ្តយ៍ គាត់បានទទួលតែងតាំងជាឧបដ្ឋាក នៅពេលខ្ញុំអាយុ១៦ឆ្នាំ ខ្ញុំអត់ដែលភ្លេចទេ នៅពេលនោះខ្ញុំអត់ដែលនិយាយអំពីការត្រាស់ហៅរបស់ខ្ញុំ ខ្ញុំភ័យ ខ្ញុំខ្លាច អត់ហ៊ាននិយាយទេ។ ប៉ុន្តែ ថ្ងៃនោះខ្ញុំបានទទួលកម្លាំងមួយយ៉ាងប្លែក ពេលពិធីនេះចប់ហើយខ្ញុំបានសរសេរសំបុត្រជូនលោកឪពុកម្នាក់ដែលខ្ញុំស្គាល់ ផ្ញើរទៅគាត់ដើម្បីពន្យល់គាត់អំពីការត្រាស់ហៅដែលខ្ញុំមាននៅក្នុងដួងចិត្តពីយូរឆ្នាំហើយ។ ក្រោយមកខ្ញុំចាំគាត់ឆ្លើយ ចាំយូរណាស់ ខ្ញុំចាំរាល់ថ្ងៃ ខ្ញុំទៅមើលប្រអប់សំបុត្ររាល់ថ្ងៃ ខ្ញុំចាំជិត២អាទិត្យ។ ពេលគាត់ឆ្លើយខ្ញុំសប្បាយចិត្តណាស់ នៅពេលនោះខ្ញុំចាប់ផ្ដើមចូលនៅក្នុងកម្មវិធីអេម៉ានូអែលដែលមាននៅទីនោះ។ ដូច្នេះ ខ្ញុំសង្ឃឹមនៅថ្ងៃនេះយើងមានយុវជនយុវនារីមួយចំនួន ដែលព្រះជាម្ចាស់ប៉ះនៅក្នុងដួងចិត្តពីយូរហើយ ឬថ្ងៃនេះតែម្ដងដើម្បីឆ្លើយតបទៅព្រះជាម្ចាស់ ដូចប្អូនទាំងបីនាក់ “ពិតមែនខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ”។ ដូចព្រះនាងម៉ារីចូលនៅក្នុងអំណរសប្បាយ ដែលណែនាំឲ្យយើងទាំងអស់គ្នា ពោរពេញដោយសេចក្ដីក្លាហាន និងជំនឿរឹងមាំ។
ប៉ុន្មានថ្ងៃមុន ព្រះមហាក្សតី្រនៅប្រទេសអង់គ្លេសបានសោយទិវង្គត ទ្រង់មានទ្រព្យសម្បត្តិមួយយ៉ាងពិសេស មានអំណោយទានមួយយ៉ាងពិសេស គឺជំនឿ។ ទ្រង់មិនដូចព្រះមហាក្សត្រីទូទៅ អ្វីៗទាំងអស់ធ្វើនៅក្នុងជំនឿរបស់ទ្រង់ទៅលើព្រះជាម្ចាស់។ មុនថ្ងៃទ្រង់ឡើងគ្រងរាជ្យនៅលើបល្ល័ង នៅពេលនោះទ្រង់បានជូនពរនៅក្នុងឱកាស បុណ្យព្រះយេស៊ូប្រសូតដល់ប្រជារាស្រ្តទាំងអស់នៅប្រទេសអង់គ្លេស។ ទ្រង់មានបន្ទូលថា “សូមអធិដ្ឋានសម្រាប់ខ្ញុំ សូមព្រះជាម្ចាស់ប្រទានប្រាជ្ញាឈ្លាសវៃ សេចក្ដីក្លាហាន ដើម្បីដើរតាមពាក្យសច្ចារបស់របស់ខ្ញុំដែលខ្ញុំនឹងធ្វើ ដើម្បីឲ្យខ្ញុំបម្រើអស់ពីដួងចិត្តប្រជារាស្រ្តរបស់ខ្ញុំ អស់មួយជីវិតរបស់ខ្ញុំ”។ ខ្ញុំគិតថា ជាពាក្យដែលយើងអាចទទួលនៅថ្ងៃនេះសម្រាប់យើង ជាអ្វីដែលទ្រង់បានអនុវត្តអស់៧០ឆ្នាំនៅក្នុងជំនឿរឹងមាំរបស់ទ្រង់។
ថ្ងៃនេះ យើងសូមឲ្យព្រះសហគមន៍របស់យើងអធិដ្ឋានសម្រាប់យើង ថ្ងៃនេះយើងសន្យាថានៅក្នុងកម្លាំងរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ នៅក្នុងកម្លាំងដែលយើងទទួលពីព្រះជាម្ចាស់ រស់នៅតាមពាក្យសច្ចា ពាក្យសន្យាដែលយើងមាន ដើម្បីបម្រើបងប្អូនរហូតដល់ទីបញ្ចប់នៃជីវិតរបស់យើង។ យើងទូលអង្វរព្រះវិញ្ញាណដ៏វិសុទ្ធ ប្រទានព្រះអំណោយទានដ៏ពេញលក្ខណៈ ដើម្បីឲ្យប្អូនទាំងបី តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ និងតាមការត្រៀបដៃអាចទៅជាឧបដ្ឋាក មានន័យថា អ្នកបម្រើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
ភូមិភាគភ្នំពេញ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា