អត្ថបទគម្ពីរ ​ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ ២០២២

ឬសន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី

តាមសេចក្តីដែលគ្រីស្តបរិស័ទធ្លាប់តំណាលតៗរៀងមក លោកហ្សង់វីយេ នូអារីយ៉ូជាអភិបាលព្រះសហគមន៍នៅប្រទេសអ៊ីតាលី ហើយបានបូជាជិវិតថ្វាយព្រះគ្រីស្តនៅសតវត្សទី ៤ នៅក្រុងពូតេអូលី។

សូមថ្លែងព្រះគម្ពីរសុភាសិត សុភ ៣ ,២៧-៣៤

ម្នាលកូន! មិនត្រូវបដិសេធមិនជួយអ្នកដែលត្រូវការជំនួយពីកូននោះឡើយ គឺត្រូវ​ជួយគេតាមលទ្ធភាពរបស់កូន។ បើអ្នកដ៏ទៃមកសុំអ្វីពីកូន ហើយបើកូនមានមិនត្រូវ​ពោលទៅគេថា៖ «ទៅសិនចុះ ចាំស្អែកសឹមត្រឡប់មកវិញ ខ្ញុំនឹងប្រគល់ជូន!»។ មិន​ត្រូវប៉ុនប៉ងធើ្វបាបមិត្តភក្ដិដែលរស់នៅជិតខាងកូន ហើយទុកចិត្តលើកូននោះឡើយ។ កុំរករឿងនរណាម្នាក់ដោយឥតហេតុ គឺអ្នកដែលមិនបានធើ្វអ្វីខុសចំពោះកូន។ កុំ​ច្រណែននឹងមនុស្សឃោរឃៅ កុំប្រព្រឹត្តតាមគេឡើយ ដ្បិតព្រះអម្ចាស់មិនសព្វព្រះហប្ញទ័យនឹងមនុស្សខិលខូចទាល់តែ​សោះ តែព្រះអង្គស្និទ្ធស្នាលជាមួយមនុស្សទៀងត្រង់។ ព្រះអម្ចាស់ដាក់បណ្ដាសាក្រុមគ្រួសាររបស់មនុស្សពាល តែព្រះអង្គប្រទានពរឱ្យក្រុម​គ្រួសាររបស់មនុស្សសុចរិត។ ព្រះអង្គមើលងាយអស់អ្នកដែលមើលងាយគេ តែព្រះអង្គ​សម្ដែងព្រះហប្ញទ័យប្រណីសន្ដោសចំពោះអ្នកដែលគ្មានទីពឹង។

ទំនុកតម្កើងលេខ ១៥ (១៤) ,១-៥ បទព្រហ្មគីតិ

បពិត្រព្រះអម្ចាស់នរណាខ្លះអាចរស់ក្នុង
ព្រះពន្លាព្រះអង្គស្ថិតនៅលើភ្នំវិសុទ្ធ
គឺមានតែមនុស្សដែលគ្មានទោសនិងប្រព្រឹត្ត
អំពើសុចរិតនិយាយពិតជាដរាប
គេមិននិយាយមួលបង្កាច់ផ្ដួលមិនធើ្វបាប
បងប្អូនដែលទន់ទាបមិនបង្អាប់កិត្ដិយស
គេមិនរាប់រកអ្នកដែលព្រះម្ចាស់មិនស្ម័គ្រស្មោះ
តែគេលើកកិត្តិយសអ្នកគោរពកោតព្រះអង្គ
បើគេសន្យាអ្វីឬទោះបីខូចខាតបង់
ក៏គេមិនបង្អង់គេគោពរពាក្យសម្ដី
បើមាននរណាម្នាក់មករកប្រាក់គេឱ្យខ្ចី
មិនចង់បានកម្រៃច្រើនតិចក្ដីគេមិនយក
អ្នកប្រព្រឹត្តដូច្នេះជាមនុស្សចេះអាចចូលជ្រក
ក្រោមបារមីរៀងមកនឹងបានសុខជានិរន្ដរ៍

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១៦

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរឱ្យពន្លឺរបស់អ្នករាល់គ្នាបំភ្លឺមនុស្សទាំងឡាយ។ គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត
ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នា។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៨,១៦-១៨

នៅពេលនោះ បណ្ដាជនជួបជុំគ្នាជុំវិញព្រះយេស៊ូ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «ពុំដែលមាននរណាអុជចង្កៀង ហើយយក​ធុងមកគ្របពីលើ ឬយកទៅ​ដាក់ក្រោមគ្រែឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់​អ្នកដែលចូលក្នុងផ្ទះ។ គ្រប់ការលាក់កំបាំងនឹងត្រូវបើកឱ្យគេដឹង ហើយគ្រប់អាថ៌​កំបាំង ក៏នឹងត្រូវលេចមកឱ្យមនុស្សគ្រប់គ្នាស្គាល់ច្បាស់ដែរ។ ដូច្នេះ ចូរអ្នករាល់គ្នា​ប្រុងប្រយ័ត្ន អំពីរបៀបដែលអ្នករាល់គ្នាស្ដាប់ ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹង​ប្រទានឱ្យថែមទៀត តែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកនូវអ្វីដែលខ្លួនស្មានថា​មាននោះផង»។

Facebook
Twitter
LinkedIn