សន្ដដូមីនិក ជាបូជាចារ្យ
លោកដូមីនិក (១១៧០-១២២១) កើតនៅប្រទេសអេស្ប៉ាញ។ ដោយលោកធ្វើដំណើរទៅប្រទេសរបស់លោក និងទៅប្រទេសបារាំង លោកសម្រេចចិត្តដើរពន្យល់គម្ពីរ ប្រកាសដំណឹងល្អគ្រប់ទីកន្លែងនៅប្រទេសទាំងពីរនោះ។ លោកបង្កើតក្រុមគ្រួសារបព្វជិតមួយ ក្នុងគោលបំណងប្រកាសដំណឹងល្អ។ អ្នកចូលក្រុមគ្រួសារនោះ ដាក់ខ្លួនជាអ្នកក្រីក្របំផុត។ បព្វជិតពីក្រុមគ្រួសាររបស់សន្តដូមីនិកមកប្រកាសដំណឹងល្អនៅប្រទេសកម្ពុជាមុនគេបង្អស់គឺលោក កាស្ប៉ាដាគ្រូស មកដល់ព្រះរាជវាំងលង្វែកនៅឆ្នាំ ១៥៥៥ ហើយមានសហការី ៦នាក់មកតាមក្រោយដែរ រហូតដល់ឆ្នាំ១៥៩១។
សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល អគ ១,២-៦.២៤-២៨គ
នៅថ្ងៃទីប្រាំខែផល្គុន ត្រូវនឹងឆ្នាំទីប្រាំ ក្រោយគេចាប់ព្រះបាទយ៉ូយ៉ាគីនមកជាឈ្លើយ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកអេសេគីអែលជាបូជាចារ្យ នៅស្រុកខាល់ដេ ជិតទន្លេកេបារ។ ពេលនោះ ព្រះអម្ចាស់ដាក់ព្រះហស្តលើលោក។ ខ្ញុំក្រឡេកមើលទៅឃើញមានខ្យល់ព្យុះបក់បោកមកពីទិសខាងជើង មានដុំពពកមួយយ៉ាងធំ និងមានផ្លេកបន្ទោរចេញពីពពកនោះ ទាំងមានពន្លឺព័ទ្ធជុំវិញ ហើយនៅចំកណ្តាលមានដុំភ្លើងមួយបញ្ចេញរស្មីយ៉ាងត្រចះត្រចង់។ នៅខាងក្នុងពពកនោះ មានសត្វលោកបួនដែលមានទ្រង់ទ្រាយដូចមនុស្ស។ សត្វលោកនីមួយៗមានមុខបួន និងស្លាបបួន។ ពេលសត្វទាំងនោះហោះទៅមុខ ខ្ញុំឮសន្ធឹកស្លាបដូចសូរស័ព្ទមហាសាគរ និងដូចព្រះសូរសៀងរបស់ព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត។ សន្ធឹកស្លាបនោះក៏លាន់ឮឡើងយ៉ាងទ្រហឹងអឺងអាប់ដូចសន្ធឹកកងទ័ព។ នៅពេលសត្វលោកនោះឈប់ហើរ គេក៏ទម្លាក់ស្លាបចុះ។ មានសំឡេងមួយលេចឮពីលំហអាកាស ដែលស្ថិតនៅលើក្បាលសត្វលោកទាំងបួន។ នៅលើលំហអាកាស ដែលស្ថិតនៅលើក្បាលសត្វទាំងនោះ មានដូចជាត្បូងកណ្តៀងមួយដែលមានរាងជាបល្ល័ង្ក។ នៅលើត្បូងដែលមានរាងជាបល្ល័ង្កនោះ មានដូចជាទ្រង់ទ្រាយរបស់មនុស្សម្នាក់។ ខ្ញុំក៏បានឃើញពន្លឺក្រហមឆ្អៅភ្លឺនៅជុំវិញ ហើយពីត្រង់កន្លែងដែលមានរាងដូចចង្កេះឡើងទៅលើ និងពីត្រង់កន្លែងដែលមានរាងដូចចង្កេះចុះទៅក្រោម ក៏មានដូចជាពន្លឺភ្លើងដ៏ភ្លឺត្រចះត្រចង់ព័ទ្ធជុំវិញដែរ។ ពន្លឺដ៏ត្រចះត្រចង់ព័ទ្ធជុំវិញនោះ ដូចឥន្ទធនូនៅថ្ងៃមានភ្លៀង គឺជារស្មីនៃសិរីរុងរឿងរបស់ព្រះអម្ចាស់។ ពេលឃើញភ្លាម ខ្ញុំក្រាបថ្វាយបង្គំឱនមុខដល់ដី។
ទំនុកតម្កើងលេខ ១៤៨,១-២.១១-១៤ បទពាក្យ ៧
១ | សូមលើកតម្កើងអស់ទេវតា | នៅស្ថានសួគ៌ាព្រះអម្ចាស់ | |
សូមកោតសរសើរតម្កើងព្រះ | នៅទីខ្ពង់ខ្ពស់ឆ្ងាយបំផុត | ។ | |
២ | ទេវតាទាំងឡាយដែលជាកង | កម្លាំងព្រះអង្គកុំនឹកស្លូត | |
សរសើរព្រះអង្គគ្រប់ៗមាត់ | ចូរដៃប្រណម្យកុំបីស្រាក | ។ | |
សូមពិភពលោកធំទាំងមូល | រៀបចំស្រុះស្រួលកុំមានផ្អាក | ||
លើកតម្កើងសិរីជ័យជោគ | របស់ព្រះអង្គរាល់វេលា | ។ | |
១១ | មនុស្សច្រើនក្រៃគ្រប់ជាតិសាសន៍ | គ្រប់ប្រជារាស្ត្រមូលទាំងអស់ | |
ទាំងស្តេចតូចធំមានសក្តិយស | នាំប្រជារាស្ត្រលើកតម្កើង | ។ | |
សូមលើកសិរីថ្លៃរុងរឿង | របស់ព្រះអង្គត្រដែតឡើង | ||
ព្រោះទ្រង់ជាព្រះរបស់យើង | សូមលើកតម្កើងព្រះម្ចាស់ថ្លៃ | ។ | |
១២ | កំលោះក្រមុំធំតូចស្តើង | ក្មេងចាស់តម្កើងសិរីជ័យ | |
ព្រះអង្គថ្លៃថ្លាផុតផែនដី | តម្កើងម្ចាស់ថ្លៃតែមួយអង្គ | ។ | |
១៣ | សូមតម្កើងព្រះនាមព្រះអង្គ | ដ្បិតមានតែទ្រង់ទេដែលសម | |
មាននាមប្រសើរលើសខ្ពស់ខ្ពង់ | អនេកអនន្តឥតឧបមា | ។ | |
សិរីរុងរឿងនៃព្រះអង្គ | ត្រដាងសន្ធឹងអាកាសា | ||
គ្រប់គ្រងផែនដីទាំងមេឃា | ល្បីល្បាញចេស្តាលាន់រំពង | ។ | |
១៤ | ព្រះអង្គបានប្រោសឱ្យប្រជា | ជនងើបមុខផ្ងាមានទំនង | |
ងើបមុខឡើងវិញមានកម្លាំង | ក្លាហានតតាំងមានជំនះ | ។ | |
ព្រះអង្គស្ថិតនៅជិតជនជាតិ | អ៊ីស្រាអែលពិតមីរដេដាស | ||
កូនចៅព្រះអង្គបានខ្ពង់ខ្ពស់ | មានកេរ្តិ៍មានយសឈ្មោះប្រសើរ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ថស ២,១៤
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់បានត្រាស់ហៅយើងដោយសារដំណឹងល្អ ដើម្បីឱ្យយើងរួមទទួលសិរីរុងរឿងរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៧,២២-២៧
កាលក្រុមសាវ័ក និងព្រះយេស៊ូនៅជួបជុំគ្នាក្នុងស្រុកកាលីឡេ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃមនុស្សលោកជាមិនខាន។ គេនឹងសម្លាប់លោក ប៉ុន្តែនៅថ្ងៃទីបី លោកនឹងទទួលជីវិតថ្មីដ៏រុងរឿង»។ ឮដូច្នោះ ពួកសាវ័កព្រួយចិត្តជាខ្លាំង។ លុះព្រះយេស៊ូយាងមកដល់ក្រុងកាផានុមជាមួយក្រុមសាវ័ក អ្នកហូតពន្ធសម្រាប់ព្រះវិហារនាំគ្នាចូលមករកលោកសិលា ហើយសួរថា៖«លោកគ្រូរបស់បងតែងបង់ពន្ធសម្រាប់ព្រះវិហារឬទេ?»។ លោកតបវិញថា៖«បាទ! លោកបង!»។ កាលលោកសិលាទៅដល់ផ្ទះ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់មុនថា៖«ស៊ីម៉ូន! តាមយោបល់អ្នក ស្តេចនៅផែនដីនេះទារពន្ធអាករពីនរណា? ពីបុត្ររបស់ស្តេច ឬពីអ្នកផ្សេង?»។ លោកទូលថា៖«ពីអ្នកផ្សេង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«មែន បើដូច្នេះ បុត្ររបស់ស្តេចមិនត្រូវបង់ពន្ធឡើយ! ប៉ុន្តែ ដើម្បីកុំឱ្យអ្នកទាំងនោះទាស់ចិត្ត ចូរទៅស្ទូចត្រីសមុទ្រ ហើយយកត្រីដែលស្ទូចបានមុនគេបើកមាត់ អ្នកនឹងឃើញកាក់មួយ។ ចូរយកកាក់នោះទៅបង់ពន្ធឱ្យខ្ញុំ និងឱ្យអ្នកចុះ!»។