ដូនជី​មេកស៊ីបញ្ចប់បេសកកម្ម២២ឆ្នាំនៅកម្ពុជា​

«តាមពិតក្នុងបេះដូងខ្ញុំពិបាកជំរាបលាបងប្អូន និងគ្រប់កន្លែងដែលធ្លាប់រស់នៅ។» នេះជា​ឃ្លាដែល​ដូនជី មេកស៊ី ឌីសូ ​បាន​ប្រាប់​ដល់​គ្រីស្ត​បរិស័ទក្នុងឱកាសបុណ្យគោរពសន្តអ៊ីញ៉ានៅឡូយ៉ូឡា កាលពីថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០២២ នៅព្រះវិហារ​ព្រះជាម្ចាស់លើក​នាង​ម៉ារី​ឡើង​ស្ថាន​បរមសុខ​ នៅក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។​

ដូនជី​មេកស៊ី ឌីសូ ជាដូនជីក្នុងក្រុមបុត្រីនៃមេត្តាករុណា(Daughter of Charity) ​  ​ដែល​បាន​​មកបំពេញបេសសកម្ម និងបម្រើព្រះសហគមន៍នៅប្រទេសកម្ពុជាតាំង​ពី​ឆ្នាំ​២០០០។

«ខ្ញុំសូមកោតសរសើរព្រះជាម្ចាស់សម្រាប់២២ឆ្នាំដែលខ្ញុំបានរស់នៅប្រទេសខ្មែរ និងមាន

ឱកាសបម្រើបងប្អូននៅព្រះសហគមន៍។» ដូនជី​មេកស៊ី​ បញ្ជាក់។

​ក្នុង​រយៈពេល​២២​ឆ្នាំ​នេះ ដូនជី​មេកស៊ី​បាន​ចូលរួម​ក្នុង​សកម្ម​ភាព​ជា​ច្រើន​របស់​ព្រះសហគមន៍ក្នុង​វិស័យ​សុខាភិបាល និង​អប់រំ មាន​កសាងមណ្ឌលសុខភាពពេទ្យយាយជី  បង្កើតសាលាមត្តេយ្យពន្លកថ្មី សាលាមត្តេយ្យព្រះសហគមន៍ទំពូង សាលាមត្តេយ្យព្រះសហគមន៍តាហែន​ បង្កើត​ក្រុម​​ក្រុមយុវជននៅបាត់ដំបង និងផ្តល់​អាហារូបករណ៍​សម្រាប់​កុមារ​និង​យុវជន​។ ជាមួយគ្នានេះ គាត់​ក៏​បាន​ចាត់​ឲ្យ​សមាជិក​ក្រុម​ដូនជី​បុត្រី​មេត្តាករុណា​ទៅ​ជួយ​ដល់​ព្រះសហគមន៍​ខេត្ត​ប៉ៃលិន និង​​បង្កើតមណ្ឌលសិស្សនៅទីនោះ​។​ ដូនជីរូប​នេះ បានជួយណែនាំក្រុមសន្តវិនសេនដឺប៉ូលបាត់ដំបង ឲ្យមានសកម្មភាពចុះជួយ ដល់កុមារ អ្នកក្រីក្រ​ និងចាស់ជរានៅតាមភូមិផងដែរ។

អ្នកស្រីភ្ញី មន្ថា ជាគណៈកម្មការព្រះសហគមន៍បាត់ដំបង បាននិយាយ​ថា គាត់​សូម​អរគុណ​ដល់​ដូន​ជី​មេកស៊ី​ ដែល​​តែងតែជួយលើកទឹកចិត្ត​ដល់​គ្រីស្ត​បរិស័ទ​ ឲ្យចូលរួមសកម្មភាពជាមួយព្រះសហគមន៍។ អ្នកស្រី បន្ថែម​ថា ពួកគាត់​ នឹងចងចាំដូនជី​មេកស៊ី​ទុកក្នុងចិត្ត និង​យក​គំរូ​របស់​គាត់​សម្រាប់​អនុវត្ត​ក្នុងជីវិត​រស់នៅ។

ក្នុង​វ័យ​ចូល​និវត្តន៍ ដូនជី​មេកស៊ី​នឹង​ត្រឡប់​ទៅ​កាន់​ប្រទេសហ្វីលីពីន​ដែល​ជា​ប្រទេស​​កំណើត​វិញ​នា​ពេល​ឆាប់​ៗ​ខាង​មុខនេះ។ ក្នុង​ឱកាស​នោះ​ដែរ ដូនជីអរគុណដល់​ដូនជី​ទាំងអស់សម្រាប់ «មិត្តភាព អំណរសប្បាយ ទុក្ខលំបាក​ និងទឹកភ្នែក ដែលយើងចែករំលែកជាមួយគ្នា នៅពេលយើងបំពេញបេសសកម្មរបស់ព្រះជាម្ចាស់ ពោរពេញដោយសេចក្តីស្រឡាញ់។»

គាត់​ក៏​សូម​អរគុណ​ដល់​ក្រុមគណៈកម្មការ និងក្រុមសង្គហៈ​ បាន​​ធ្វើការ​និងចែករំលែកដំណើរជីវិត និងបេសសកម្មជាមួយគ្នាក្នុងព្រះសហគមន៍ ។

ក្នុងនោះដែរ ដូនជីមេកស៊ី បាន​ផ្តាំ​ផ្ញើ​ដល់​យុវជន​និង​កុមារ ឲ្យ​ចេះ​ស្តាប់​បង្គាប់​ឪពុកម្តាយ ហើយ​យក​គំរូ​ល្អ​របស់​ពួកគាត់ និងព្យាយាមរៀនសូត្រដើម្បីអនាគត។

ដូនជី​បញ្ជាក់ថា «​សង្ឃឹមថាកូនៗនឹងក្លាយទៅជាអ្នកដឹកនាំដ៏ល្អ និងបំពេញបេសសកម្មនៅក្នុងព្រះសហគមន៍ និងសង្គមនាពេលអនាគត៕»

ដោយសេង​មួយ

Facebook
Twitter
LinkedIn