សាលាមត្តេយ្យពន្លកថ្មី ផ្តល់​ក្តីទំនុកចិត្ត​អាណាព្យាបាល

 មាតាបិតា​កុមារ​ជាច្រើន​នៅ​ក្នុង​តំបន់​ក្រុងបាត់ដំបង​បាន​​ឲ្យ​ដឹងថា ពួកគាត់​រីករាយ​ដែល​បាន​កូន​រៀន​នៅ​សាលា​មត្តេយ្យពន្លក​ថ្មី​​របស់​ព្រះសហគមន៍កាតូលិក ដែល​ជួយ​ឲ្យ​កូន​របស់​គាត់​អភិវឌ្ឍន៍​ខ្លួន​បាន​ច្រើន​ជាង​មុន។

«ក្រោយពីគាត់(កូន)បានមកសិក្សានៅទីនេះ ខ្ញុំឃើញគាត់មានអារម្មណ៍សប្បាយរីករាយច្រើន ចេះនិយាយលេងសើច ក៏ដូចជាចេះយកចិត្តទុកដាក់ចំពោះការសិក្សាពេលត្រឡប់ទៅផ្ទះវិញ។» នេះ​ជា​ការ​លើក​ឡើង​របស់​លោកគង់ ចន្ថា ជាប្រជា​ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​បាត់ដំបង។

លោក​ចន្ថា ​ជា​ឪពុក​ដែល​បាន​បញ្ជូន​កូនៗ​របស់​គាត់​ចំនួន​២​រូប​ឲ្យ​រៀន​នៅសាលា​មត្តេយ្យនេះ បាន​លើក​ឡើង​ទៀត​ថា កូនៗ​របស់​គាត់​​មករៀននៅទីនេះរយៈពេល៣ឆ្នាំមក​ហើយ ហើយ​ពេលនេះ​ពួកគាត់​បានបញ្ចប់ការសិក្សាកម្រិត​មត្តេយ្យ​ហើយ។

លោក​សង្កេតឃើញថា សកម្មភាព​របស់​កូន​ខុស​ប្លែក​ពីមុន​ច្រើន ព្រោះ​ពេល​មុន​កូន​របស់គាត់មានអារម្មណ៍ឯកោ គ្មានមិត្តភក្តិ និងមិនសូវចេះនិយាយទៅកាន់មនុស្សជុំវិញខ្លួនច្រើនទេ។

សាលាមានអនាម័យល្អ មានផាសុខភាព មានច្បាប់ទម្លាប់ត្រឹមត្រូវ​ដែលធ្វើឲ្យកូនសិស្សមានភាពក្លាហាន និងថែរក្សាសិស្សដោយសុវត្ថិភាព ជាពិសេសមានការបង្រៀន និងមានកម្មវិធីល្អៗជាច្រើន។ នេះ​ជា​ការ​រៀបរាប់​របស់​​អ្នកស្រីរ៉ូ​ សុភា ជាអាណាព្យាបាលម្នាក់ទៀតដែល​មាន​កូន​កំពុង​សិក្សា​នៅ​ក្នុង​សាលា​នេះ។

អ្នកស្រី​បន្ថែម​ថា «កូនខ្ញុំមានភាពក្លាហាន និងរបៀបរៀបរយល្អជាងមុន ជាពិសេសធ្វើឲ្យគាត់ចង់មករៀនដោយទទួលបានភាពកក់ក្តៅពីអ្នកគ្រូ ធ្វើឲ្យគាត់ឈប់ខ្លាច​ ឈប់យំ និងខិតខំរៀនសូត្របានល្អ។»

អ្នកស្រី សូម​ឲ្យ​អាណាព្យាបាល​ផ្សេងៗ​យក​កូន​របស់ខ្លួន​មក​សិក្សា​នៅ​សាលា​នេះព្រោះ  «សាលានេះគឺធ្វើឲ្យ(កូន)​មានទំនុកចិត្ត ធ្វើឲ្យកូនយើងមានភាពកក់ក្តៅ ភាពក្លាហាន និងរៀនពូកែ។»

សាលា​មត្តេយ្យ​ពន្លកថ្មីរបស់​ព្រះសហគមន៍កាតូលិក បាន​បើក​ដំណើរការក្នុង​ឆ្នាំ​២០០០ ​សម្រាប់​កុមារ​តូច ពី​អាយុ៤ឆ្នាំ ដល់៦ឆ្នាំ។

«ការអប់រំដែលកូនៗទទួលបាននៅសាលាមត្តេយ្យមានតម្លៃ។ នៅផ្ទះ សូមតាមដានកូន កុំចោលកូន សូមឲ្យកូនរៀននៅផ្ទះ មានរបៀប ដូចដែលបានរៀននៅសាលា។» លោក​អភិបាល​ទេព ច័ន្ទពិសិដ្ឋ (គីគេ) ជាអភិបាលប្រចាំព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង មាន​ប្រសាសន៍ទៅ​កាន់​​អាណាព្យាបាល​របស់​កុមារ​តូចៗ​ ដែល​បាន​មក​ចូលរួ​មក្នុង​កម្មវិធី​បិទ​វគ្គសិក្សា​ឆ្នាំ​២០២១-២០២២ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ។

​លោកអភិបាល​បន្ត​ទៀតថា ការអប់រំពិតប្រាកដគឺនៅផ្ទះ ដែលឪពុកម្តាយគួរយកចិត្តទុកដាក់ក្នុងការអប់រំកូនៗរបស់​ខ្លួន​ឲ្យ​បាន​ល្អ ដើម្បីឲ្យពួកគាត់​អាច​ជួយកសាង​ប្រទេស​ជាតិ​នាថ្ងៃ​ខាង​មុខ។

ក្នុងកម្មវិធីបិទវគ្គឆ្នាំសិក្សានេះ កុមារ​តូច​ៗ​បាន​​សម្តែងរបាំ និងការសម្តែងរឿង បង្ហាញ​សមត្ថភាព​របស់​ខ្លូន​ដល់​អាណាព្យាបាលនិង​ឪពុកម្តាយ។ ក្នុងកម្មវិធីនេះដែរ​ក៏មាន ផ្តល់​ជូនប័ណ្ណសរសើរចំពោះសិស្សដែលមករៀនបានទៀងទាត់ និងសិស្សដែលរៀនបានចំណាត់ថ្នាក់ពីលេខ១ដល់លេខ៥ ។ ​

ដូនជី រ៉ុង បុប្ផា ជានិយការទទួលខុសត្រូវសាលាមត្តេយ្យពន្លកថ្មី និង​ជាដូនជីក្នុងក្រុមឧបការគុណ បានមានប្រសាសន៍ថា ទិសដៅរបស់សាលាគឺឲ្យក្មេងៗទទួលបានការអប់រំខ្ពស់ មានសុជីវធម៌ល្អ ឲ្យចេះស្តាប់ ចេះអាន ចេះសរសេរ និងអាចចូលរួមគ្រប់សកម្មភាពទាំងក្នុងសាលា​និងនៅក្នុងសង្គម ជាពិសេសគឺរបៀបថ្លៃថ្នូរ គុណធម៌ និងគុណតម្លៃ។

បងស្រីបុប្ផារំពឹង និងសង្ឃឹមថាឆ្នាំក្រោយសិស្សទាំងអស់នឹងមករៀនបានទៀងទាត់ អាណាព្យាបាលយកចិត្តទុកដាក់ និងសហការណ៍ជាមួយសាលា ដើម្បីឲ្យក្មេងៗទទួលបានការអប់រំល្អ។

​សាលាមេត្តេយ្យ​ពន្លកថ្មី មាន​បង្រៀន​កុមារ​ចំនួន​៣កម្រិតដូចជា៖ ថ្នាក់មត្តេយ្យកម្រិតទាប កម្រិតមធ្យម និងកម្រិតខ្ពស់ ហើយសាលាក៏មានបន្ថែមលើថ្នាក់ភាសាអង់គ្លេស និងផ្នែកសិល្បៈដែលមាន​ដូចជាការហាត់របាំបុរាណ​ និងប្រជាប្រិយ៍ខ្មែរ។ សាលានេះបង្រៀនចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៣រសៀល ហើយនៅក្នុងឆ្នាំសិក្សា២០២១-២០២២​នេះ មានសិស្សសរុប៧៤នាក់​ ស្រី៣២នាក់ និងបុគ្គលិកចំនួន១០នាក់៕

ដោយ​សេង មួយ

Facebook
Twitter
LinkedIn