ប្រេងផ្តល់​កម្លាំង​ដល់​ចាស់ជរា

គ្រីស្ត​បរិស័ទកាតូលិកដែល​ជា​ជន​​​ចាស់ជរា ​និងអ្នកជំងឺ​ចំនួន​៥០នាក់​បាន​មក​ចូលរួម​ទទួល​ប្រេង​ផ្តល់​កម្លាំង​សម្រាប់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​រួម​ជាមួយ​ជំនឿ ពី​លោក​បូជាចារ្យ ប៉ូល​រឿង ឆ័ត្រសិរី កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា​ខាង​មុខនេះ​នៅព្រះវិហារ​សន្តយ៉ូសែប(ផ្សារតូច)នារាជ​ធានី​ភ្នំពេញ។​

តាមប្រសាសន៍របស់លោក រឿង ឆ័ត្រសិរី បូជាចារ្យទទួល​ខុស​ត្រូវ​មណ្ឌល​កម្មភាព​ភ្នំពេញខាង​ជើង និង​ជាអធបតីក្នុងពិធីនេះបានលើកឡើងថា ប្រេងដែលត្រូវលាបជូនលោកតា លោកយាយនាពេលនេះគឺ ជួយឲ្យពួកគាត់​ធ្វើដំណើរទៅមុខដោយក្តីសង្ឃឹម ឬក៏ជួយឲ្យយើងនឹកឃើញពីការត្រៀមខ្លួនជួបជាមួយព្រះជាម្ចាស់នៅពេលខាងមុខ។

ប្រេង​ដែល​លោក​បូជាចារ្យ​បាន​លាប​ជូន​ចាស់​ជរា គឺ​ជា​ប្រេង​អូលីវ ដែល​ត្រូវ​បាន​ប្រសិទ្ធពរ​ដោយ​លោកអភិបាល​ ក្លាយជា​ប្រេង​ពិសិដ្ឋ​ ជា​សញ្ញា​សម្គាល់​នៃ​វត្តមាន​របស់​ព្រះជាម្ចាស់​គង់នៅជាមួយ​មនុស្សលោកតាម​រយៈ​អគ្គសញ្ញា។

អគ្គសញ្ញាលាបប្រេង ជាអគ្គសញ្ញាមួយក្នុង​​ប្រពៃណីរបស់ព្រះសហគមន៍កាតូលិក​ គឺជាប្រេងផ្តល់កម្លាំង ជាពិសេសសំរាប់អ្នកទន់ខ្សោយ ឬអ្នកដែលកំពុងមានជំងឺ ដោយ​ធ្វើ​ក្នុងព្រះនាម​ព្រះជាម្ចាស់ (យក ៥,១៣-១៦)។

ស្ត្រី​វ័យ​៧០​ឆ្នាំ អង្គុយលើរទេះរុញ ព្រោះជើងទាំងពីរពិកាដោយសារគ្រោះថ្នាក់ចរាចរណ៍ ​ ឈ្មោះនូ រំពឹង បានពោលឡើង​ថា​ «ខ្ញុំពិការជើង តែខ្ញុំមិនពិការជំនឿទេ។ ខ្ញុំមកព្រះវិហាជារៀងរាល់ថ្ងៃអាទិត្យដោយសាររទេះមួយនេះ ដើម្បីស្តាប់ព្រះបន្ទូល និងអធិដ្ឋាន។»

ស្ត្រី​រូប​នេះ​បន្ថែម​ថា «ខ្ញុំធូស្រាលក្នុងចិត្ត មានកម្លាំង លែងខ្វាយខ្វល់ជំងឺដង្កាត់អ្វីទាំងអស់ ហើយអ្វីដែលកាន់តែពិសេសនោះ ខាងផ្លូវវិញ្ញាណរបស់យើងកាន់រឹងមាំ»។

ការទទួលប្រេងក្នុងថ្ងៃនេះ គឺមានអត្តន័យណាស់សំរាប់បងប្អូនគ្រីស្តបរិស័ទ។ នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​ស្រី​ឆ្មារ យូ ប្រាដក ជាគ្រីស្តបរិស័ទមា្នក់កំពុង​តស៊ូ​ខ្លាំង​ជាមួយ​ជំងឺ​មហារីក​បាន​ឲ្យដឹងថា «ប្រេងបានជួយរំលឹកខ្ញុំ និងគ្រីស្តបរិស័ទដទៀត កុំឲ្យចេញឆ្ងាយពីទ្រង់(ព្រះជាម្ចាស់) គឺមានតែទ្រង់មួយបានហើយ។ ជាពិសេសជួយរំលឹកបងប្អូនមួយចំនួនដែលបោះបង់ព្រះជាម្ចាស់ចោល ឲ្យត្រឡប់មកវិញ រួមរស់ជាមួយទ្រង់ លះបង់អំពើរបាបដែលខ្លួនធ្វើកន្លងមកចោល។»

លោកបូជាចារ្យឆ័ត្រសិរី​ បាន​ឲ្យដឹងទៀត​ថា ការ​យកចិត្តទុកដកា់​លើមនុស្សចាស់ជរា ឬលោកតា​ លោកយាយ ជា​ការ​ស្នើ​សុំ​របស់​សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ ដែល​លោក​បាន​រំលឹក​ថា ពួកគាត់ជាគ្រឹះដ៏សំខាន់របស់ព្រះសហគមន៍យើង ដោយ​សារ​ពួកគាត់​បាន​ឆ្លង​កាត់​​បទពិសោធ និងកិច្ចការរាប់​មិន​អស់​ក្នុងជីវិត​ ហើយ​ក៏ជា​​គំរូរបស់យើងគ្រប់ៗគ្នា។

ក្នុងកម្មវិធី​នោះ​មាន​ប្រារព្ធ​ពិធី​អភិបូជា ជូន​ដល់​ពួកគាត់​ផងដែរ។ ក្នុងនោះ​លោក​បូជាចារ្យ​អធិបតី បាន​រំលឹក​ដល់​គ្រីស្ត​បរិស័ទ​នូវ​ចំនួន​៣​គឺ  ធ្វើបុណ្យខាងផ្លូវកាយ ធ្វើបុណ្យតាមផ្លូវវាចា ធ្វើបុណ្យតាមផ្លូវចិត្តនិងផ្លូវវិញ្ញាណ។

លោកពន្យល់​ដូច្នេះ​ថា ធ្វើបុណ្យខាងផ្លូវកាយ គឺការចែករំលែកអ្វីដែលយើងមានទៅអ្នកដទៃ និង​ទទួល​ខុ​ស​ត្រូវ​ចំពោះ​តួនាទី​របស់​ខ្លួន​រៀង​ៗ​ខ្លួន​។ ចំណែក​​ធ្វើបុណ្យតាមផ្លូវវាចា គឺ​មិនរអ៊ូរទាំច្រើន និយាយអ្វីដែលល្អ អប់រំកូនចៅ ឬអ្នកដទៃទៅរកផ្លូវរីកចំរើន និងសេចក្តីល្អនៅក្នុងជីវិត។ និង​​ធ្វើបុណ្យតាមផ្លូវចិត្តនិងផ្លូវវិញ្ញាណ គឺ​ត្រូវ​​ព្យាយាមអធិដ្ឋានឲ្យកូន​ចៅ​និង​អ្នកដទៃ​មានសេចក្តីសុខ និងសុភមង្គល ហើយ​ត្រូវ​មាន​​ចិត្តស្ងប់ស្ងាត់ ការរស់នៅមានក្តីសង្ឃឹម និងរីករាយ និង​ធ្វើជាគំរូល្អ ណែនាំកូនចៅឲ្យមានជំនឿកាន់តែរឹងមាំលើព្រះជាម្ចាស់ម្ចាស់៕

ដោយ ឆាក លាំង

Facebook
Twitter
LinkedIn