ថ្ងៃចន្ទ ទី0១​ ខែសីហា ឆ្នាំ ២០២២​ ពណ៌បៃតង

សន្ដអាលហ្វុងសូ ម៉ារី ជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍

លោកអាលហ្វុងសូ (១៦៩៦-១៧៨៧) ជាមេធាវីដ៏មានឈ្មោះល្បីម្នាក់ នៅក្រុងណាប៉ូលី (ប្រទេសអ៊ីតាលី)។ កាលលោកអាយុសាមសិបឆ្នាំ លោកទទួលមុខងារជាបូជាចារ្យ ហើយខិតខំពន្យល់គម្ពីរក្នុងចំណោមជនក្រីក្រ។ លោកបង្កើតក្រុមគ្រួសារបព្វជិតមួយ ក្នុងគោលបំណងប្រកាសដំណឹងល្អនៅស្រុកស្រែ។ បន្ទាប់មក លោកទទួលមុខងារជាអភិបាលព្រសហគមន៍។ ដប់បីឆ្នាំកន្លងមកទៀតលោកមានជំងឺជា​ទម្ងន់ ចូលជ្រកកោនក្នុងក្រុមគ្រួសារដែលលោកបានបង្កើតនោះ លោកនិពន្ធសៀវភៅជាច្រើន ដើម្បីខិតខំប្រៀនប្រដៅគ្រីស្តបរិស័ទឱ្យកាន់តាមធម្មវិន័យ ដោយនឹកដល់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ជានិច្ច។

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ២៨,១-១៧

នៅឆ្នាំទីបួនក្នុងរជ្ជកាលព្រះបាទសេដេគីយ៉ា ជាស្តេចស្រុកយូដា គឺនៅខែទីប្រាំ លោកហាណានី ជាកូនរបស់លោកអាស្សួរ ដែលជាព្យាការីនៅភូមិកាបូនពោលមកព្យាការីយេរេមីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នៅចំពោះមុខពួកបូជាចារ្យ និងប្រជាជនទាំងអស់ថា៖«ព្រះ​អម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូចតទៅ “យើងនឹងបំបាក់នឹមសេ្តចស្រុកបាប៊ីឡូន! ពីរឆ្នាំទៀត យើងនឹងនាំសម្ភារៈទាំងប៉ុន្មាននៃព្រះវិហារដែលនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូនបានដឹកទៅនោះ យកមកទុកនៅកន្លែងនេះវិញ។ យើងក៏នាំយេកូនីយ៉ាបុត្ររបស់យ៉ូយ៉ាគីម ជាស្តេចស្រុកយូដា និងអ្នកស្រុកយូដាទាំងប៉ុន្មានដែលគេកៀរយកទៅជាឈ្លើយនៅស្រុកបាប៊ីឡូននោះត្រឡប់មកវិញដែរ ដ្បិតយើងនឹងបំបាក់នឹមរបស់ស្តេចស្រុកបាប៊ីឡូន»។ ព្យាការីយេរេមីតបទៅព្យាការី​ហាណានីនៅចំពោះមុខពួកបូជាចារ្យ និងប្រជាជនទាំងអស់ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ថា៖​«សាធុ សូមព្រះអម្ចាស់ធ្វើតាមពាក្យរបស់លោក! សូមព្រះអម្ចាស់សម្រេចតាមពាក្យដែលលោកប្រកាសនេះចុះ! គឺសូមព្រះអង្គនាំសម្ភារៈរបស់ព្រះវិហារ និងប្រជាជនដែលគេកៀរយកទៅជាឈ្លើយសឹកនោះមកវិញ! ប៉ុន្តែ សូមស្តាប់សេចក្តីដែលខ្ញុំយកមកជម្រាបលោក និងប្រជាជនទាំងមូលឱ្យបានជ្រាបដូចតទៅនេះ ព្យាការីទាំងប៉ុន្មានដែលរស់នៅមុនយើងទាំងពីរនាក់បានថ្លែងព្រះបន្ទូលតាំងពីយូរយារណាស់មកហើយថា ប្រទេស និងនគរធំៗជាច្រើនត្រូវកើតសង្គ្រាម កើតអន្តរាយ និងកើតជំងឺអាសន្នរោគ។ ប្រសិនបើមានព្យាការីណាម្នាក់ប្រកាសថា ស្រុកបានសុខសាន្ត យើងអាចដឹងថា ព្រះអម្ចាស់បានចាត់ព្យាការីនោះឱ្យមកមែន លុះត្រាណាតែស្រុកបានសុខសាន្តដូចពាក្យគាត់ប្រកាស»។ ពេលនោះ ព្យាការីនីហាណានីដោះនឹមចេញពីស្មារបស់ព្យាការីយេរេមីមកកាច់បំបាក់ ហើយពោលនៅចំពោះមុខប្រជាជនទាំងអស់ដូចតទៅ៖«ព្រះអម្ចាស់មានព្រះបន្ទូលថា ពីរឆ្នាំទៀត យើងនឹងបំបាក់នឹមរបស់នេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន ហើយរំដោះប្រជាជាតិទាំងអស់»។ ព្យាការី​យេរេមីក៏ដើរចេញពីកន្លែងនោះទៅ។ បន្ទាប់ពីព្យាការីហាណានីបំបាក់នឹមដែលស្ថិតនៅលើស្មារបស់ព្យាការីយេរេមីនោះ ព្រះអម្ចាស់មាន​ព្រះបន្ទូលថា អ្នកបានបំបាក់នឹមដែលធ្វើពីឈើ តែយើងនឹងយកនឹមដែកមកដាក់ជំនួសវិញ។ ព្រះអម្ចាស់នៃពិភពលោកទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា យើងដាក់នឹមដែកលើប្រជាជាតិទាំងអស់ ដើម្បីបង្ក្រាបពួកគេឱ្យនៅក្រោមអំណាច​នេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន។ ប្រជាជាតិទាំងនោះនឹងបម្រើនេប៊ូកានេសារ ហើយសូម្បីតែសត្វព្រៃក៏យើងប្រគល់ឱ្យស្តេចនោះដែរ»។ បន្ទាប់មក ព្យាការីយេរេមីមានប្រសាសន៍ទៅកាន់ព្យាការីហាណានីថា៖«លោកហាណានីអើយ! សូមស្តាប់ខ្ញុំសិន! ព្រះអម្ចាស់មិនបានចាត់លោកឱ្យមកទេ! លោកនាំប្រជាជននេះឱ្យសង្ឃឹមលើពាក្យមិនពិត។ ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងបណ្តេញអ្នកឱ្យចាកចេញពីផែនដីហើយ! ឆ្នាំនេះអ្នកត្រូវតែស្លាប់ ព្រោះអ្នកបានប្រកាសឱ្យគេបះបោរប្រឆាំងនឹងព្រះអម្ចាស់»។ ព្យាការីហាណានីក៏ទទួល​មរណភាពនៅខែទីប្រាំពីរ នាឆ្នាំនោះ។

ទំនុកតម្កើងលេខ ១១៩ (១១៨),២៩.៤៣.៧៩-៨០.៩៥.១០២ បទពាក្យ ៧

២៩សូមឱ្យខ្ញុំចៀសចាកចេញផុតឆ្ងាយពីពាក្យភូតភរឫស្យា
សូមជួយបង្ហាញក្តីករុណាវិន័យថ្លៃថ្លាឱ្យខ្ញុំស្គាល់
៤៣សូមកុំបណ្តោយខ្ញុំស្រដីពាក្យមិនប្រពៃមិនត្រឹមត្រង់
ដ្បិតខ្ញុំសង្ឃឹមលើព្រះអង្គការសម្រេចទ្រង់ឥតសង្ស័យ
៧៩សូមអ្នកគោរពព្រះមកជុំនាំគ្នារកខ្ញុំកុំបង្អង់
ឱ្យខ្ញុំស្គាល់ពាក្យទូន្មានផងរបស់ព្រះអង្គល្អពេកក្រៃ
៨០សូមជួយរូបខ្ញុំឱ្យប្រព្រឹត្តតាមវិន័យក្រឹត្យរៀងរាល់ថ្ងៃ
បានល្អឥតខ្ចោះមិនក្រឡៃរូបខ្ញុំគ្មានថ្ងៃត្រូវខ្មាសគេ
៩៥មានមនុស្សអាក្រក់ពាលឫស្យាវាចង់ផ្តន្ទាខ្ញុំតែម្តង
តែខ្ញុំនៅតែគិតបំណងស្វែងរកច្បាប់ទ្រង់និងវិន័យ

សូមដូរទៅជា បទកាកគតិ

១០២ខ្ញុំមិនងាកគេចអ្វីទ្រង់សម្រេចត្រឹមត្រូវឥតប្រែ
ដ្បិតទ្រង់ប្រដៅខ្ញុំរាល់ថ្ងៃខែខ្ញុំមិនគេចកែ
ចាកចោលទ្រង់ឡើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៧៨,២៤

អាលេលូយ៉ា! អាលេលូយ៉ា!
នៅក្នុងវាលរហោស្ថាន ព្រះជាម្ចាស់បានប្រទានអាហារឱ្យប្រជាជនរបស់ព្រះអង្គបរិភោគ។
ទ្រង់បានប្រទានឱ្យគេបរិភោគ អាហារមកពីស្ថានបរមសុខយ៉ាងឆ្អែតបរិបូរណ៍។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៤,១៣-២១

នៅពេលនោះ ព្រះយេស៊ូទទួលដំណឹងថា គេប្រហារជីវិតលោកយ៉ូហានបាទីស្ត។ ព្រះអង្គក៏យាងចុះទូកចាកចេញជាមួយក្រុមសាវ័ក ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់​ឡែកពីបណ្តាជន។ ប៉ុន្តែ មហាជនបានដឹង ហើយនាំគ្នាចេញពីក្រុងនានា ដើរទៅតាម​ព្រះអង្គ។ កាលព្រះ​យេស៊ូយាងឡើងពីទូកមក ព្រះអង្គទតឃើញមហាជនដ៏ច្រើនយ៉ាងនេះ ទ្រង់មានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ក៏ប្រោសអ្នកជំងឺឱ្យ​បានជា។ ពេលថ្ងៃជ្រេណាស់ហើយ សាវ័កនាំគ្នាចូលមកជិតព្រះអង្គទូលថា៖«ទីនេះស្ងាត់ណាស់ ហើយក៏ជិតយប់ផង សូមបង្គាប់បណ្តាជនទាំងនេះត្រឡប់ទៅវិញ! ឱ្យគេទៅរកទិញ​អាហារនៅតាមភូមិ»។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖«មិនបាច់ឱ្យគេត្រឡប់ទៅវិញទេ ចូរអ្នករាល់គ្នាយកអាហារឱ្យគេបរិភោគទៅ»។ សាវ័កទូលព្រះ​អង្គថា៖«យើងខ្ញុំមាននំប័ុងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ»។ ព្រះអង្គមានព្រះបន្ទូលថា «ចូរយកនំប័ុង និងត្រីនោះមកឱ្យខ្ញុំ»។ បន្ទាប់មក ព្រះអង្គប្រាប់បណ្តាជនឱ្យអង្គុយលើស្មៅ ព្រះអង្គយកនំប័ុងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ទ្រង់ងើប​ព្រះភក្ត្រឡើងលើ លើកតម្កើងព្រះជាម្ចាស់ ហើយកាច់នំប័ុងប្រទានឱ្យក្រុមសាវ័ក ក្រុមសាវ័កក៏ចែកឱ្យបណ្តាជនបរិភោគ។ អ្នកទាំងនោះបានបរិភោគឆ្អែតគ្រប់ៗគ្នា ហើយក្រុមសាវ័កប្រមូលនំប័ុងដែលនៅ​សល់ ដាក់បានពេញដប់ពីរល្អី។ អស់អ្នកដែល​បាន​បរិភោគនំប័ុង មានប្រុសៗទាំងអស់ប្រមាណប្រាំពាន់នាក់ ឥតគិតស្រីៗ និងក្មេងៗឡើយ។

Facebook
Twitter
LinkedIn