ថ្ងៃចន្ទ ទី២​៥​ ខែកក្ដដា ឆ្នាំ ២០២២​ បុណ្យគោរព សន្ដយ៉ាកុប ជាគ្រីស្ដទូត

សន្ត​យ៉ាកុប ជាបងរបស់សន្ត យ៉ូហាន ជាកូនលោកសេបេដេ។ ព្រះយេស៊ូដាក់ឈ្មោះបងប្អូនទាំងពីរនាក់ថា “កូននៃផគរលាន់” ព្រោះអ្នកទាំងពីរមានចិត្តខ្លាំង។ ព្រះអង្គជ្រើសរើសលោកសិលា​ ព្រមទាំងលោកយ៉ាកុប និងលោក យ៉ូហានជាប្អូន ឲ្យធ្វើសាក្សីពិសេសនៅពេលព្រះអង្គសម្តែង សិរីរុងរឿងនៅលើភ្នំ និង នៅពេលព្រះអង្គអធិដ្ឋាននៅក្នុង សួនឧស្យានកេសេម៉ានី។ ដូច្នេះ ព្រះអង្គពន្យល់ ឲ្យអ្នកទាំងពីរយល់អំពីផ្លូវទៅកាន់សិរីរុងរឿងដ៏ពិតប្រាកដ គឺត្រូវសុខ ចិត្តលះបង់ចិត្តខ្លាំងរបស់ខ្លួន លះបង់ការលោភលន់ ចង់បានអំណាចត្រួតត្រាអ្នកដ៏ទៃ។ ព្រះបាទហេរ៉ូដអគ្រីប៉ា បញ្ញា ឲ្យគេចាប់កាត់កលោកយ៉ាកុប (កក ១២,២)។ ដូច្នេះ លោកយ៉ាកុបជាគ្រីស្តទូតដែលបូជាជីវិតថ្វាយព្រះគ្រីស្តមុនគេ។

សូត្រធម៌លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់(Gloria in excelsis)

ពាក្យអធិដ្ឋានសរុប

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ !

ព្រះអង្គប្រោសប្រទានឲ្យសន្ត យ៉ាកុប

ជាសាវ័ករបស់ព្រះគ្រីស្តបូជាជីវិតមុនគេបង្អស់។

ឈាមរបស់លោកជាផលផ្លែដំបូង

ដែលក្រុមគ្រីស្តទូតថ្វាយទៅព្រះអង្គ។

ដោយពឹងលើជំនឿរបស់សន្ត យ៉ាកុប

យើងខ្ញុំសូមព្រះអង្គពង្រឹងនិងការពារព្រះសហគមន៍ជានិច្ច។

ត្រូវអានអត្ថបទខាងក្រោមនេះ

អត្ថបទទី១                                                                          ​២ករ ៤,៧-១៥

សូមថ្លែងលិខិតទី២របស់សន្ត ប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស             

        បងប្អូនជាទីស្រឡាញ់! យើងមានមុខងារជាគ្រីស្តទូត ជាមុខងារមួយដ៏ប្រសើរ ដែលយើងប្រៀបបានដូចជា ឆ្នាំង ដី ដែលមានកំណប់នៅខាងក្នុង ដើម្បីឲ្យមនុស្សលោកឃើញថា ឫទ្ធានុភាពដ៏ប្រសើរខ្ពង់ខ្ពស់នេះ ជាឫទ្ធានុភាពរបស់ ព្រះជាម្ចាស់ មិនមែនជារបស់យើងទេ។ គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភឡើយ យើងទ័លច្រក មែន តែយើងនៅតែទៅមុខរួច គេបៀតបៀនយើងមែន តែព្រះជាម្ចាស់មិនបោះបង់យើងចោលឡើយ គេវាយដំយើងមែន តែយើងមិនស្លាប់បាត់បង់ជិវិតឡើយ។ ក្នុងរូបកាយយើង យើងផ្ទុកសេចក្តីឈឺចាប់របស់ព្រះ យេស៊ូជានិច្ច ដើម្បីឲ្យគេ ឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើង។ ព្រោះតែព្រះយេស៊ូ យើងដែលកំពុងរស់តែងតែប្រឈមមុខទល់នឹង សេចក្តីស្លាប់ជានិច្ច ដើម្បីឲ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើង ដែលរមែងតែងតែស្លាប់។ ដូច្នេះ សេចក្តី ស្លាប់នេះតែយាយីយើង រីឯបងប្អូនវិញ ចេះតែមានជិវិតចម្រើនឡើង។

        ដោយយើងមានវិញ្ញាណដែលនាំឲ្យជឿ ស្របតាមសេចក្តីដែលមានចែងទុកមកថា៖ “ខ្ញុំជឿ” ហេតុនេះហើយ បានជាខ្ញុំនិយាយ “យើងក៏ជឿដែរ ហេតុនេះហើយ បានជាយើងនិយាយ។ យើងដឹងថា ព្រះអង្គដែលបានប្រោសព្រះ អម្ចាស់យេស៊ូឲ្យទទួលព្រះជន្មថ្មីដ៏រុងរឿង ទ្រង់ក៏នឹងប្រោសយើងឲ្យរស់ឡើងវិញ រួមជាមួយព្រះយេស៊ូដែរ ព្រមទាំងនាំ យើងឲ្យទៅនៅក្បែរព្រះអង្គ រួមជាមួយបងប្អូនថែមទៀតផង។ ហេតុការណ៍នេះ កើតមានឡើង ជាប្រយោជន៍ដល់បងប្អូន គឺឲ្យព្រះជាម្ចាស់ប្រណីសន្តោសបងប្អូនកាន់តែច្រើនឡើងៗ ដើម្បីឲ្យមានគ្នាមួយចំនួនធំ អរព្រះគុណព្រះជាម្ចាស់ កាន់តែច្រើនឡើង និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ”។

ទំនុកតម្កើងលេខ ១២៦(១២៥),១-៦                                               បទព្រហ្មគីតិ

១-     ពេលព្រះដឹកនាំអ្នក                         ដែលជំពាក់ខ្លួនជាឈ្លើយ

        មកក្រុងស៊ីយ៉ូនហើយ                       យើងធូរស្បើយដូចយល់សប្តិ      ។

២-    យើងសើចហ៊ោរសប្បាយ                  អរក្អាកក្អាយឥតមានឈប់

        ស្រែកជយឃោសន៍សាយសព្វ            លាន់សូរស័ព្ទគ្រប់ទិសា    ។

        ពេលនោះក្នុងចំណោម                     ជាតិទាំងព្រមគេពោលថា៖

        «ព្រះម្ចាស់មានចេស្តា                       ធ្វើអស្ចារ្យចំពោះគេ»        ។

៣-    ព្រះអង្គបានធ្វើការ                          ដ៏អស្ចារ្យអ្វីម្លេះទេ

        យើងលែងគិតគ្នាន់គ្នេរ                      បានល្ហែយល្ហែអរសប្បាយ ។

៤-     ឧិ! ព្រះម្ចាស់ឧត្តម                           សូមប្រោសខ្ញុំឲ្យរីករាយ

        ដូចរហោស្ថានឆ្ងាយ                         សូមប្រែក្លាយមានទឹកហូរ  ។

៥-     អ្នកណាសាបព្រោះស្រូវ                    ដោយសោកសៅគួរអាសូរ

        ទាំងទឹកភ្នែកជន់ជោរ                        នឹងច្រូតយកទាំងសប្បាយ ។

៦-     គេយកពូជទៅព្រោះ                 ទាំងស្រណោះយំសោកស្តាយ

        ក្រោយមកគេប្រែក្លាយ                      ហ៊ោសប្បាយដោយអំណរ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ                                          យហ ១៥,១៦

        អាលេលូយ៉ា! អាលេលូយ៉ា! គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាអោយទៅ និងបង្កើតផល ព្រមទាំងអោយផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ                             ២០,២០-២៨

        ភរិយារបស់លោកសេបេដេ នាំលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនទាំងពីរចូលមកក្រាបទាបព្រះបាទ ព្រះយេស៊ូ ចង់ទូលសុំអ្វីមួយ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកចង់បានអ្វី?»។ គាត់ទូលព្រះអង្គវិញថា៖ “ដល់ ពេលព្រះអង្គគ្រង់ព្រះរាជ សូមឲ្យកូនរបស់ខ្ញុំម្ចាស់អង្គុយអមព្រះអង្គផង គឺម្នាក់នៅខាងស្តាំ ម្នាក់នៅខាងឆ្វេង។ ព្រះយេស៊ូ មានព្រះបន្ទូលតបថា៖ «អ្នកមិនដឹងថា ខ្លួនសុំអ្វីឡើយ។ តើអ្នកទាំងពីរ អាចទទួលពែងដែលខ្ញុំត្រូវទទួល បានដែរឬទេ?»។ លោកយ៉ាកុបនិងលោកយ៉ូហានទូលថា៖ “យើងខ្ញុំអាចទទួលបាន”។ ព្រះអង្គមានព្រះបន្ទូលទៅគេ ថា៖ «អ្នកនឹងទទួលពែងរបស់ខ្ញុំបានមែន ចំណែកឯអង្គុយនៅខាងស្តាំឬខាងឆ្វេងខ្ញុំនោះ ខ្ញុំមិនអាចសម្រេចបានឡើយ ព្រោះកន្លែងនោះបម្រុងទុកសម្រាប់តែអស់អ្នក ដែលព្រះបិតារបស់ខ្ញុំបានកំណត់មកប៉ុណ្ណោះ»។

        កាលសាវ័កដប់រូបទៀតបានឮដូច្នោះ គេទាស់ចិត្តនឹងបងប្អូនទាំងពីរនាក់នេះ។ ព្រះយេស៊ូត្រាស់ហៅសាវ័កទាំង អស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយថា ពួកអ្នកគ្រប់គ្រងស្រុក តែងតែជិះជាន់ប្រជារាស្ត្រ របស់ខ្លួន រីឯអ្នកធំក៏តែងតែប្រើអំណាចលើប្រជារាស្ត្ររបស់ខ្លួនដែរ។ ក្នុងចំណោមអ្នករាល់គ្នា មិនដូច្នោះទេ។ ផ្ទុយទៅ វិញ ក្នុងចំណោមអ្នករាល់គ្នាបើមានម្នាក់ចង់ធ្វើធំជាងគេ ត្រូវតែបម្រើអ្នករាល់គ្នាវិញ។ បើមានម្នាក់ចង់បានឋានៈខ្ពស់ ជាងគេត្រូវធ្វើជាខ្ញុំបម្រើគេ។ បុត្រមនុស្សមក្នុងលោកនេះ មិនមែនឲ្យគេបម្រើលោកទេ គឺលោកមកបម្រើគេវិញព្រមទាំងបូជាជិវិត ដើម្បីលោះមនុស្សទាំងអស់ផង»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះជាអម្ចាស់ !

នៅថ្ងៃនេះយើងខ្ញុំសូមគោរពសន្ត យ៉ាកុប

ដែលបានទទួលពែងនៃទុក្ខលំបាករបស់ព្រះគ្រីស្ត

មុនគេក្នុងចំណោមគ្រីស្តទូត។

សូមព្រះអង្គជម្រះយើងខ្ញុំ ក្នុងព្រះលោហិតរបស់ព្រះបុត្រា

ដើម្បីយើងខ្ញុំថ្វាយសក្ការបូជាឲ្យបានគាប់ព្រះហឫទ័យព្រះអង្គ។

ពាក្យអរព្រះគុណ

ឱព្រះជាអម្ចាស់អើយ !

នៅថ្ងៃបុណ្យគោរពសន្តយ៉ាកុបជាគ្រីស្តទូត

និងតាមរយៈពាក្យទូលអង្វររបស់លោកសូមព្រះអង្គប្រោសឲ្យយើងខ្ញុំ

មានអំណរសប្បាយដោយបានទទួលព្រះកាយព្រះគ្រីស្ត ។

Facebook
Twitter
LinkedIn