អភិបូជា​បិទ​កម្ម​វិធី​បោះ​ជំរំ​កាយរឹទ្ធិ

ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល

ភ្នំពេញ​ថ្មី ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២២

“ធ្វើ​ជា​សាក្សី​របស់​ព្រះយេស៊ូ”

អត្ថបទ​ទី១៖ កិច្ចការ ១,១-១១
អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំ។ កក ១,៨
អត្ថបទ​ទី២៖ ហេប្រឺ ៩,២៤-២៨;១០,១៩-២៣
យើង​ត្រូវ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អង្គ​ដោយ​ចិត្ត​ទៀង​ត្រង់។ ហប ១០,២២
ដំណឹងល្អ៖ លូកា ២៤,៤៦-៥៣
ខ្ញុំ​នឹង​ចាត់​ព្រះ‌វិញ្ញាណ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ លក ២៤,៤៩

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ យើង​គោរព​ព្រះយេស៊ូ​ឡើង​ស្ថាន​បរម​សុខ យើង​បាន​ស្តាប់​ទាំង​នៅ​ក្នុង​អត្ថបទ​ទី​១ និង​គម្ពីរ​ដំណឹង​ល្អ “ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​របស់​ខ្ញុំ​នៅ​ក្នុង​យេរូសាឡឹម​សិន ក្រោយ​មក​នៅ​ក្នុង​ស្រុក​យូដា​ទាំង​មូល នៅ​ស្រុក​សាម៉ារី រហូត​ដល់​ដាច់​ស្រយាល​នៃ​ផែនដី”។ ថ្ងៃ​នេះ ដែល​យើង​អង្គុយ​នៅ​កន្លែង​នេះ​បាន ដោយសារ​មាន​ក្រុម​គ្រីស្ត​ទូត​ពី​ដើម ដោយសារ​សាវ័ក​២០០០​ឆ្នាំ​មុន។ នៅ​ពេល​គេ​បាន​ស្តាប់​លឺ​ព្រះបន្ទូល​របស់​ព្រះយេស៊ូ ដែល​ណែនាំ​ឱ្យ​គេ​ទៅ​ប្រកាស​ដំណឹង​ល្អ​នៅ​គ្រប់​ទី​កន្លែង។ ពី​ទី​ក្រុង​យេរូសាឡឹម​ដល់​ស្រុក​យូដា ដល់​ជុំ​វិញ​សមុទ្រ​មីឌីទែរ៉ាណេ រហូត​ដល់​ដាច់​ស្រយាល​នៃ​ផែនដី គេ​បាន​អនុវត្ត​តាម។ ប្រសិន​បើ គេ​គ្រាន់​តែ​ស្តាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ ក្រោយ​មក​គេ​ភ្លេច​អនុវត្ត​ព្រះបន្ទូល​ហ្នឹង ថ្ងៃ​នេះ​ប្រហែល​យើង​មិន​នៅ​ទី​នេះ​ទេ។

ពី​ដើម ក្រុម​គ្រីស្ត​ទូត​និង​ក្រុម​សាវ័ក​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​យ៉ាង​សកម្ម ណែនាំ​ឱ្យ​ព្រះបន្ទូល​បាន​ចាប់​ផ្តើម​ទៅ​គ្រប់​ទី​កន្លែង នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​រហូត​ដល់​ដាច់​ស្រយាល​នៃ​ផែនដី រហូត​ដល់​ប្រទេស​កម្ពុជា​យើង។ នៅ​ពេល​យើង​មើល​ឃើញ​ព្រះយេស៊ូ​កំពុង​ឡើង​ស្ថាន​បរម​សុខ នៅ​ពេល​យើង​មើល​ឃើញ​យើង​ដូច​ជា​បាត់​ព្រះយេស៊ូ។ ប៉ុន្តែ យើង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ថែម គឺ​នៅ​ពេល​ហ្នឹង​ព្រះអង្គ​បាន​ប្រទាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ផ្ទាល់​របស់​ព្រះអង្គ ដែល​ណែនាំ​ឱ្យ​យើង​ដឹង​ថា ពិត​មែន​ថ្ងៃ​នេះ​នៅ​ភ្នំពេញ​ថ្មី​យើង នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង យើង​មាន​ព្រះយេស៊ូ​ដែល​គង់​នៅ។ ដោយ​សារ​ព្រះយេស៊ូ​គង់​នៅ យើង​មាន​សមត្ថភាព យើង​មាន​កម្លាំង ដើម្បី​ធ្វើ​ដំណើរ​ត​ទៅ​ទៀត។ សប្តាហ៍​ក្រោយ យើង​មាន​ពិធី​បុណ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក យើង​នឹក​ឃើញ​ក្រុម​គ្រីស្ត​ទូត​ដែល​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ប៉ុន្តែ មិន​មែន​ជា​ពិធី​នឹក​រលឹក​គឺ​ជា​ពិធី​ដែល​កំពុង​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ អាទិត្យ​មុន ខ្ញុំ​បាន​ចាប់​ផ្តើម​ធ្វើ​ពិធី​អគ្គ​សញ្ញា​លាប​ថ្ងាស​នៅ​ជ្រៃធំ បន្តិច​ទៀត​នៅ​ភ្នំពេញ​ថ្មី នៅ​តាកែវ និង​នៅ​ប៉ុន្មាន​កន្លែង​ទៀត។ ប៉ុន្តែ នៅ​ពេល​យើង​ពិធី​អគ្គ​សញ្ញា​លាប​ថ្ងាស យើង​នឹក​ឃើញ​ដល់​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក​សម្រាប់​ព្រះសហគមន៍​របស់​យើង​បច្ចុប្បន្ន​នេះ ជា​មូល​ហេតុ​ព្រះសហគមន៍​របស់​យើង​នៅ​មាន​ជីវិត។

នៅ​ពេល​យើង​ច្រៀង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ខ្ញុំ​បាន​ឃើញ​កូនៗ​របស់​យើង​មិន​នៅ​ស្ងាត់​ទេ​គេ​បាន​ច្រៀង​អស់​ពី​ដួង​ចិត្ត។ ដោយសារ​មាន​កូនៗ​យើង​ច្រើន ដែល​បាន​ចូល​ព្រះវិហារ​រាល់​អាទិត្យ គេ​ជាប់​ជា​មួយ​ព្រះជាម្ចាស់ គេ​ស្គាល់​បទ​ចម្រៀង​ព្រះសហគមន៍ គេ​ចេះ​អធិដ្ឋាន​។ នេះ​ជា​ផ្លែ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​យើង​មើល​ឃើញ​នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង ទោះបី​ព្រះសហគមន៍​របស់​យើង​ជា​ព្រះសហគមន៍​តូច​ក៏​ដោយ។ ទោះ​បី​ជា​ព្រះសហគមន៍ ដែល​បាន​ឆ្លង​ទុក្ខ​លំបាក​ដែល​យើង​ផ្តាច់​ការ​បន្ត​ជំនឿ ពី​សម័យ​ប៉ុល​ពត​រហូត​ដល់​ឆ្នាំ​១៩៩៣។ ទោះ​បី​ជា​ព្រះសហគមន៍ ដែល​បាន​រង​ទុក្ខ​លំបាក​យ៉ាង​ច្រើន​ពិត​ប្រាកដ​មែន ប៉ុន្តែ​ជា​ព្រះសហគមន៍​ដែល​ពោរពេញ​ដោយ​វត្តមាន​របស់​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ដែល​ណែនាំ​ឱ្យ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​អាច​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា។

អ្វី​ដែល​សំខាន់ ហើយ​ដែល​យើង​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង​អំពី​ជីវិត អំពី​កម្លាំង ដែល​មក​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដូច​ខ្យល់​មួយ​យ៉ាង​ពិសេស​នៅ​ពេល​ដើម​ឈើ​នៅ​ស្ងៀម យើង​ដឹង​ថា​អត់​មាន​ខ្យល់​។ នៅ​ពេល​យើង​ឃើញ​កូនៗ​របស់​យើង យើង​មើល​ឃើញ​ពិត​មែន​ព្រះសហគមន៍​របស់​យើង​ពោរពេញ​ដោយ​ជីវិត​ដោយសារ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​ចូល​នៅ​ក្នុង​ទិវា​សិទ្ធិ​កុមារ​អន្តរ​ជាតិ​ដែល​មាន​ប្រធាន​បទ​ថា “អនាគត​ភ្លឺ​ស្វាង​សម្រាប់​កុមារ​ទាំង​អស់”។ ពេល​យើង​ស្តាប់​នេះ​ហើយ យើង​ត្រូវ​ការ​គិត តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​រៀប​ចំ​អនាគត? តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​អនាគត​របស់​យើង​ភ្លឺ​ស្វាង​ដ៏​ពិត​ប្រាកដ? អនាគត​របស់​យើង​អាច​ភ្លឺ​ស្វាង​លុះត្រាតែ យើង​ជា​កូន​ក្មេង​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​សិក្សា ជា​កូន​ក្មេង​ដែល​យក​ចិត្ត​ទុក​ដាក់ និង​មាន​ចិត្ត​មេត្តា​ករុណា​ដល់​បង​ប្អូន​ឯទៀតៗ ជា​កូន​ក្មេង​ដែល​គោរព​និង​ស្រឡាញ់​បរិស្ថាន និង​ធម្មជាតិ​ជា​អំណោយ​ទាន​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់។ ជា​កូន​ក្មេង​ដែល​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ព្រះជាម្ចាស់ និង​ស្រឡាញ់​ព្រះជាម្ចាស់ ដោយសារ​ព្រះជាម្ចាស់​ប្រទាន​ជីវិត​ឱ្យ​យើង​។

ថ្ងៃ​នេះ ជា​ទិវា​ផ្សព្វផ្សាយ​ព័ត៌មាន​កាតូលិក​លើក​ទី​៥៦ នៅ​ពេល​នោះ​សម្តេច​ប៉ាប​បាន​សរសេរ​លិខិត​មួយ​ដែល​មាន​ចំណង​ជើង​ថា “សូម​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រើ​ត្រចៀក​នៃ​ដួង​ចិត្ត” សូម​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​យល់​ចិត្ត​គ្នា។ ដើម្បី​ស្តាប់​យើង​ត្រូវ​ការ​នៅ​ស្ងាត់ ប្រសិន​បើ​យើង​មិន​ស្ងាត់​យើង​ស្តាប់​មិន​លឺ ជា​ពិសេស​ដើម្បី​ស្តាប់​ព្រះសូរ​សៀង​របស់​ព្រះជាម្ចាស់ ជា​សំលេង​មួយ​យ៉ាង​តូច​ដែល​មាន​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។ ដូច្នេះ ថ្ងៃ​នេះ​ដែល​សម្តេច​ប៉ាប​អញ្ជើញ​ឱ្យ​យើង​ចេះ​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពេល​វេលា​ដើម្បី​នៅ​ស្ងៀម​ស្ងាត់​ស្តាប់​ព្រះជាម្ចាស់​ដែល​មាន​ព្រះបន្ទូល។ ថ្ងៃ​នេះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​មួយ​យ៉ាង​សំខាន់ “សូម​អ្នក​រាល់​គ្នា​ធ្វើ​ជា​សាក្សី” សាក្សី​អំពី​ខ្ញុំ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ សាក្សី​អំពី​ខ្ញុំ​ដែល​ស្រឡាញ់​មនុស្ស​ទាំង​អស់ សាក្សី​អំពី​ខ្ញុំ​ដែល​បង្ហាញ​ព្រះបិតា​ណែនាំ​ឱ្យ​មនុស្ស​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។

យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ស្តាប់​ព្រះយេស៊ូ យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​។ ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង នេះ​ជា​អ្វី​ដែល​យើង​កំពុង​ធ្វើ​នៅ​ក្នុង​សន្និបាត​ព្រះសហគមន៍​២០២១-២០២៣ ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា។ ប៉ុន្តែ ដើម្បី​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា យើង​ត្រូវ​ការ​អង្គុយ​ដើម្បី​ស្តាប់​យោបល់​គ្នា ដើម្បី​ស្តាប់​គំនិត ដើម្បី​ស្តាប់​អ្វី​ដែល​ម្នាក់ៗ​ចង់​និយាយ។ អំពី​ព្រះសហគមន៍ អំពី​ជីវិត​ផ្ទាល់ អំពី​សង្គម​បច្ចុប្បន្ន​នេះ អំពី​អំណរ​សប្បាយ អំពី​ទុក្ខ​លំបាក អំពី​សេចក្តី​សង្ឃឹម…។ គណៈកម្មការ​ចង់​ចែក​រំលែក​ជា​មួយ​លោក​ឪពុក បូជាចារ្យ​និង​បូជាចារ្យ​ចង់​ចែក​រំលែក​និង​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ធ្វើ​ការ​ជា​មួយ​គ្នា ដើម្បី​សហការ​គ្នា ដើម្បី​យល់​ចិត្ត​គ្នា។ យើង​ធ្វើ​ដូច​ម្តេច ដើម្បី​រស់​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ ដោយ​ថែរក្សា​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ ដោយ​ថែរក្សា​អត្ត​សញ្ញា​របស់​យើង​ជា​ជនជាតិ​ខ្មែរ ដែល​គោរព​ព្រះជាម្ចាស់​តែ​មួយ​ព្រះអង្គ​គត់។ យើង​ត្រូវ​ការ​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក នេះ​ជា​អ្វី​ដែល​សម្តេច​ប៉ាប​បាន​ជម្រុញ​ដើម្បី​ឱ្យ​ឆ្នាំ​នេះ ក្នុង​ឱកាស​ទិវា​ផ្សព្វផ្សាយ​ព័ត៌មាន​កាតូលិក​លើក​ទី​៥៦ យើង​ដឹង​ថា​យើង​ត្រូវ​ការ​អង្គុយ​ដើម្បី​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក។ ជា​ពិសេស​ដើម្បី​យល់​ចិត្ត​គ្នា ដោយសារ​នៅ​ក្នុង​ចិត្ត​រៀងៗ​ខ្លួន​មាន​វត្តមាន​របស់​ព្រះជាម្ចាស់ មាន​អំណរ​សប្បាយ​របស់​យើង មាន​រឿង​សម្ងាត់​របស់​យើង​។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ជា​ពេល​វេលា​ដើម្បី​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក ដោយ​ដឹង​ថា​ព្រះយេស៊ូ​មាន​វត្តមាន​គង់​នៅ​ជា​មួយ​យើង ទោះ​បី​ព្រះអង្គ​យាង​ឡើង​ស្ថាន​បរម​សុខ​ហើយ។ ជា​ពេល​វេលា ដើម្បី​អរគុណ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​បាន​ធ្វើ​ដំណើរ​ជា​មួយ​គ្នា អរគុណ​ដោយសារ​យើង​មាន​មហា​គ្រួសារ​មួយ​នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង។ ជា​ពិសេស​អរ​ព្រះគុណ​ព្រះជាម្ចាស់ ជា​ពេល​វេលា​ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដែល​បាន​ថែរក្សា​យើង​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ។ ព្រះជាម្ចាស់​ដែល​ថែរក្សា​ព្រះសហគមន៍​យើង ថែរក្សា​ជីវិត​របស់​យើង ថែរក្សា​មហា​គ្រួសារ​របស់​យើង ថែរក្សា​ជីវិត​របស់​យើង​ប្រចាំ។

ថ្ងៃ​នេះ យើង​ចូល​រួម​ជា​មួយ​កូនៗ​របស់​យើង ដើម្បី​ឱ្យ​កូន​ទាំង​អស់​ជា​ពិសេស​កូន​ដែល​កំពុង​រង​ទុក្ខ​លំបាក ដូច​នៅ​ប្រទេស​ភូមា នៅ​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​មាន​សង្រ្គាម។ យើង​ត្រូវ​តែ​អធិដ្ឋាន​នឹក​ឃើញ​ដល់​ពួក​គាត់ អធិដ្ឋាន​សម្រាប់​កូន​ក្មេង​ដែល​កំពុង​រង​ទុក្ខ​លំបាក អធិដ្ឋាន​សម្រាប់​កូន​ក្មេង​ដែល​គ្មាន​ម្ហូប​អាហារ​គ្រប់​គ្រាន់។ យើង​ត្រូវ​ការ​នឹក​ឃើញ​កូន​ក្មេង​ដែល​កំពុង​មាន​ទុក្ខ​លំបាក យើង​ដឹង​ថា​នៅ​ក្នុង​មហា​គ្រួសារ​របស់​យើង យើង​អាច​ធ្វើ​ដំណើរ​ត​ទៅ​ទៀត ដើម្បី​មាន​អនាគត​ដ៏​ភ្លឺ​ស្វាង។ ដោយសារ​យើង​បាន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​យល់​ចិត្ត​គ្នា យក​ចិត្ត​ទុក​ដាក់​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដែល​អញ្ជើញ​យើង​ឱ្យ​យើង​ធ្វើ​ជា​សាក្សី​អំពី​ធម៌​មេត្តា​ករុណា​ដែល​ចេញ​ពី​ព្រះបិតា។ ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “ចូរ​មាន​ចិត្ត​មេត្តា​ករុណា ដូច​ព្រះបិតា​មាន​ព្រះហឫទ័យ​មេត្តា​ករុណា”។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn