សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៩,១-៨
នៅពេលលោកអប៉ូឡូសនៅក្រុងកូរិនថូស លោកប៉ូលឆ្លងកាត់តំបន់ខ្ពង់រាប ធ្វើដំណើរមកដល់ក្រុងអេភេសូ។ លោកជួបសាវ័កខ្លះ ហើយសួរគេថា៖ «កាលបងប្អូនចាប់ផ្តើមជឿនោះ តើបងប្អូនបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធហើយឬនៅ?»។ គេតបមកលោកវិញថា៖ «យើងខ្ញុំមិនដែលទាំងឮថា មានព្រះវិញ្ញាណដ៏វិសុទ្ធផង!»។ លោកសួរគេទៀតថា៖ «ដូច្នេះ តើបងប្អូនបានទទួលពិធីជ្រមុជទឹកណា?»។ គេតប ថា៖ «ពិធីជ្រមុជទឹករបស់លោកយ៉ូហាន»។ លោកប៉ូលក៏មានប្រសាសន៍ថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកឱ្យអស់អ្នកដែលកែប្រែចិត្តគំនិត ទាំងមានប្រសាសន៍ប្រាប់ប្រជាជនឱ្យជឿលើព្រះអង្គដែលនឹងយាងមកក្រោយលោក គឺព្រះយេស៊ូហ្នឹងហើយ»។ ក្រោយពីបានឮលោកប៉ូលមានប្រសាសន៍ដូច្នោះ ក្រុមសាវ័កក៏ទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។ លោកប៉ូលដាក់ដៃលើគេ ព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងមកសណ្ឋិតលើគេ ហើយគេនាំគ្នានិយាយភាសាចម្លែកអស្ចារ្យ និងថ្លែងព្រះបន្ទូលផង។ អ្នកទាំងនោះមានគ្នាទាំងអស់ប្រមាណដប់ពីរនាក់។
លោកប៉ូលបានចូលទៅធម្មសាលា ហើយមានប្រសាសន៍ដោយចិត្តអង់អាចក្នុងអំឡុងពេលបីខែ។ លោកសន្ទនាជាមួយពួកគេអំពីព្រះ រាជ្យរបស់ព្រះជាម្ចាស់ និងខិតខំណែនាំពួកគេឱ្យជឿ។
ទំនុកតម្កើងលេខ ៦៨ (៦៧), ២-៧.៣៦ បទព្រហ្មគីតិ
២ | ពេលព្រះម្ចាស់ក្រោកឡើង | សត្រូវប៉ើងបាក់បបខ្លាច | |
ចេស្តាឫទ្ធិអំណាច | អ្នកកោងកាចក៏រត់ចេញ | ។ | |
៣ | ទ្រង់ឱ្យគេរលាយ | សូន្យរូបកាយដូចជាផ្សែង | |
ដូចថ្ងៃក្តៅហួតហែង | ឱ្យក្រមួនរលាយអស់ | ។ | |
៤ | រីឯមនុស្សសុចរិត | មិនប្រព្រឹត្តរឿងទុយ៌ស | |
គេរីករាយខ្លាំងណាស់ | នៅចំពោះព្រះភក្ត្រព្រះម្ចាស់ | ។ | |
៥ | ចូរច្រៀងលើកតម្កើង | ព្រះនៃយើងកុំក្រឡះ | |
ត្រួសត្រាយផ្លូវថ្វាយព្រះ | ជិះរទេះកាត់វេហាស៌ | ។ | |
៦ | ព្រះម្ចាស់គង់នៅក្នុង | ដំណាក់ទ្រង់ល្អអស្ចារ្យ | |
ព្រះអង្គជាបិតា | អស់កុមារដែលកំព្រា | ។ | |
ព្រះអង្គទ្រង់កាត់ក្តី | ឱ្យអស់ស្រីដែលវេទនា | ||
មេម៉ាយគ្រប់ៗគ្នា | អ្នកវេទនាឱ្យមានផ្ទះ | ។ | |
៧ | រីអ្នកនៅជាប់គុក | មិនស្រណុកស្ទើរវិនាស | |
ទ្រង់បើករួចស្រឡះ | បានសប្បាយចិត្តរីករាយ | ។ | |
ឯពួកអ្នកបះបោរ | គេឆោឡោមិនសប្បាយ | ||
គេនឹងទៅរស់ឆ្ងាយ | នៅឯនាយដីហួតហែង | ។ | |
៣៦ | ឱព្រះជាម្ចាស់អើយ | ព្រះអង្គហើយជាព្រះដែល | |
មានឫទ្ធិបារមីក្រែល | អ៊ីស្រាអែលកោតខ្លបខ្លាច | ។ | |
ព្រះអង្គទ្រង់ប្រទាន | រាស្រ្តឱ្យមានចិត្តអង់អាច | ||
មានកម្លាំងអំណាច | សូមសរសើរថ្កើងព្រះអង្គ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ដោយបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្ត ចូរស្វែងរកអ្វីៗនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្តគង់នៅខាងស្តាំព្រះជាម្ចាស់!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៦,២៩-៣៣
នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះ ឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលសន្ទនាជាមួយក្រុមសាវ័ក។ ក្រុមសាវ័កទូលព្រះអង្គថា៖ «ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលយ៉ាងច្បាស់ៗមកយើងខ្ញុំ ព្រះអង្គមិនប្រើប្រស្នាទៀតទេ។ ឥឡូវនេះ យើងខ្ញុំដឹងថា ព្រះអង្គឈ្វេងយល់គ្រប់សេចក្តីទាំងអស់ មិនបាច់មាននរណាទូលសួរព្រះអង្គឡើយ។ ហេតុនេះហើយ បានជាយើងខ្ញុំជឿថា ព្រះអង្គចេញមកពីព្រះជាម្ចាស់មែន»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖«ឥឡូវនេះ អ្នករាល់គ្នាជឿមែនឬ! ប៉ុន្តែ ពេលកំណត់មកដល់ គឺពេលនេះហើយ អ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយ ម្នាក់ៗទៅតាមផ្លូវរៀងៗខ្លួន បោះបង់ចោលខ្ញុំឱ្យនៅម្នាក់ឯង។ តាមពិត ខ្ញុំមិននៅម្នាក់ឯងទេ មានព្រះបិតាគង់នៅជាមួយខ្ញុំ។ ខ្ញុំនិយាយប្រាប់ដូច្នេះ ដើម្បីឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្តរួមជាមួយខ្ញុំ។ អ្នករាល់គ្នាជួបនឹងទុក្ខវេទនានៅក្នុងលោក ប៉ុន្តែ ចូរមានសង្ឃឹមឡើង! ខ្ញុំបានឈ្នះលោកនេះហើយ»។