ដូនជី​បុត្រីព្រះនាងម៉ារី​ជា​ទីពំនឹងពំនាក់រំលឹក​ពាក្យសច្ចា​នៅ​មុខ​កូនសិស្ស​ទាំងអស់

កាលពីថ្ងៃទី២៤ ខែឧសភា នេះ ក្រុម​ដូនជីបុត្រី​ព្រះនាងម៉ារី​ជា​ទីពំនឹងពំនាក់នៃ​ដុនបូស្កូទឹក​ថ្លាបាន​រំលឹក​ពាក្យសច្ចា​នៅ​មុខ​កូនសិស្ស​ជាង​១០០០នាក់ ដែល​ស្ថិត​នៅក្នុង​វិទ្យាល័យដុន​បូស្កូ​ទឹក​ថ្លា​ ក្នុង​សង្កាត់​អូរបែកក្អម ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ។

ដូនជី​ទូរអឡេ តេរេសា មាន​ប្រសាសន៍ថា កម្មវិធីថ្ងៃនេះ គឺ​ក្រុម​ដូន​ជី​ធ្វើ​តាមការ​ស្នើ​សុំ​របស់​ដូនជីប្រធាន​ធំ​នៅ​អ៊ីតាលី ឲ្យ​ក្រុម​ដូនជី​សាលេស៊ាន​ដុន​បូស្កូទាំងអស់ រំលឹកពាក្យសច្ចារបស់​ខ្លួន​ឡើង​វិញ​នៅ​ចំពោះ​មុខ​កូន​សិស្ស​របស់​យើង​ទាំងអស់។

ដូនជី​តេរេសា​បន្តថា ជា​ទូទៅ «យើង​ម្នាក់ៗ​រំលឹក​ពាក្យសច្ចា​របស់​យើង​រៀង​រាល់​មួយខែ​ម្តងរៀង​ៗ​ខ្លួន ដោយមាន​សំណាក់ធម៌ រិះគិត​អំពី​ការត្រាស់ហៅ​និង​បេសកកម្ម​របស់​​យើង។ ហើយ​មូលហេតុដែលយើងមាន​​ គឺ​នៅពេលនេះ (គ្រួសារ)យើងធ្វើ​ខួប​១៥០ឆ្នាំ។​»

ដូនជីរូបនេះ បញ្ជាក់ថា ពិធីនេះ យើង​ធ្វើ​តែ​ម្តងនេះ​ប៉ុណ្ណោះ គ្មាន​ធ្វើ​នៅ​ឆ្នាំក្រោយៗទៀតនោះឡើយ។

នៅ​មុខ​កូន​សិស្ស​ទាំង​អស់ ក្រុម​ដូន​ជី​ដែល​មាន​២​សហគមន៍នៅ​ក្នុងសង្កាត់​អូរបែកក្អមសរុបចំនួន​១៤នាក់ បាន​អង្គុយ​នៅ​លើ​ឆាក​ ហើយ​ប្រកាសរំលឹក​​ពាក្យសច្ចា​របស់ខ្លួន​ ដោយក្នុងនោះ​រួមមាន ការស្តាប់​បង្គាប់ រស់នៅជា​ព្រហ្មចារីធម៌ និងរស់នៅដោយ​ភាព​ក្រីក្រ ​ស្រប​តាម​ផ្លូវវិញ្ញាណ​របស់​លោក​ឪពុក​បូស្កូ និង​អ្នក​ម្តាយ​ម៉ាស្សារ៉េឡូ ដែល​ជា​អ្នក​បង្កើត​ក្រុម​គ្រួសារ​បព្វជិតា​មួយនេះ។

ថុន ឱម៉ាវត្តី ជា​សិស្ស​ថ្នាក់ទី​១២ បាន​ឲ្យ​ដឹង​ថា «​បេសកកម្មរបស់​គាត់(ដូនជី)​ គាត់​បាន​ជួយដល់​យុវជន​សាលេស៊ាន និង​ក្មេងក្រីក្រ​ហើយ តែ​ពេល​ឃើញ​គាត់​តាំង​ចិត្ត​មោះមុត​បែបហ្នឹង ខ្ញុំកាន់តែ​រំភើប ហើយខ្ញុំដឹងថា កូនខ្មែរ​ជំនាន់​ក្រោយៗនឹងមាន អ្នកជួយបន្តៗទៀត។»

យុវតីឱម៉ាវត្តី​ ​បាន​ចូល​សិក្សា​នៅ​សាលា​ដុន​បូស្កូ​របស់​ក្រុម​ដូនជីរយៈ​ពេល​១​៥​ឆ្នាំ​មក​ហើយ តាំង​ពី​កម្រិត​មត្តេយ្យថ្នាក់ដំបូង។ នាងឲ្យដឹងទៀតថា នាងសូម​អរគុណ​ដល់​ក្រុម​ដូនជី និង​បុគ្គលិក​សិក្សា​ទាំង​អស់​ដែល​បាន​ចំណាយពេល​វេលា​ស្ទើរតែ​ពាក់កណ្តាលជីវិត​របស់​ខ្លួន​ដើម្បី​អប់រំ​ណែនាំ​យុវជន​ខ្មែរ។

ឱម៉ាវត្តី​បន្ថែមថា «មិន​ថា​ពេល​ខ្លះ​ពួកខ្ញុំ​ខូច ច្រឡើសប៊ើស​ម៉េចទេ ពួកគាត់​អប់រំ​ពួកខ្ញុំតាំង​ពី​សីលធម៌រស់នៅ ក៏ដូចជា​ វិជ្ជាជីវៈផ្សេងៗ រួម​និង​បញ្ហា​ផ្សេងៗទៀត​នៅក្នុងជីវិត។»

បច្ចុប្បន្ន​ នៅ​ក្នុង​សង្កាត់​អូរបែកក្អម ក្រុម​ដូន​ជី​បុត្រីព្រះនាង​ម៉ារីជាទីពំនឹងពំនាក់​ មាន​សាលា​មត្តេយ្យសិក្សា រហូតដល់សាលា​វិទ្យាល័យ​ ដែលមាន​សិស្សសរុប​​ប្រមាណ​ជា​១៥០០នាក់ និង​មាន​បុគ្គលិក​សិក្សា​ចំនួន​១០០នាក់។

សែត ឡាង ជា​គ្រូបង្រៀន​នៅ​ថ្នាក់​វិទ្យាល័យ ដែលបាន​បំពេញ​កិច្ចការងារអប់រំ​នេះ ជាមួយក្រុម​ដូនជី​ជាង​៧ឆ្នាំ​មក​ហើយ បាន​និយាយថា «យើង​មក​ទីនេះ យើង​មានអារម្មណ៍ថា ស្រឡាញ់​ក៏ដូចជា​ចូលចិត្តរបៀប​នៃការ​ដឹកនាំ​ក៏ដូចជា​បេសកកម្ម​របស់​បងស្រីទាក់ទង​នឹងការ​បម្រើយុវជន​។»

អ្នក​គ្រូ​បាន​ឲ្យដឹងទៀត​ថា បើ​និយាយអំពី​ប្រាក់ខែ​គឺមាន​ចំនួន​តិចតួច​ទេ ប៉ុន្តែ បងស្រីអត់មាន​ប្រាក់ខែទេ គាត់​មក​ពី​ផ្ទះរបស់គាត់​ ពីប្រទស​នានា​មក វប្បធម៌ ភាសា ម្ហូប គឺ​អត់ត្រូវទេ តែ​គាត់​មាន​ទឹកចិត្ត​បម្រើ​យុវជនខ្លាំង​មែន​ទែន។ «វាចំ​បេះដូង​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ស្រឡាញ់ ហើយ​ខ្ញុំ​គិត​ថា ប្រាក់ខែ​ប៉ុណ្ណឹង​យើង​អាច​រស់​បាន ហើយ​យើង​ក៏អាច​ចូលរួម​កសាង​ធនធាន​មនុស្ស ជា​ឆន្ទៈ​ដែល​យើង​ចង់​បាន។»​ អ្នក​គ្រូឡាងបញ្ជាក់។

ដូនជី​តេរេសា បាន​បន្ថែមថា ទិសដៅ​របស់​ក្រុម​គ្រួសារសាលេស៊ាន​ដុន​បូស្កូ គឺអប់រំ​ដល់​យុវជននិង​កុមារ​​ឲ្យ​មាន​សីលធម៌ គុណធម៌ក្នុងការ​រស់នៅ មិន​ត្រឹម​តែ​ចំណេះដឹង​ប៉ុណ្ណោះ​ទេ។

ដូនជីឲ្យដឹងទៀតថា យើង​មានបំណង​ចង់បង្កើត​ឲ្យ​​មានសាលា​​នៅភូមិភាគ​កំពង់ចាម ប៉ុន្តែ​យើង​មិន​ទាន់​មាន​ដូនជី​គ្រប់​គ្រាន់នៅឡើយ។

ក្រុម​ដូនជីសាលេស៊ាន​ដុនបូស្កូ ឬ​បុត្រី​ព្រះនាង​ម៉ារី​ជាទីពំនឹងពំនាក់ បាន​មក​ដល់​ប្រទេស​កម្ពុជាក្នុង​ឆ្នាំ​១៩៩២។ បច្ចុប្បន្ន​ក្រុម​ដូនជីមាន​សាលា​ចំនួន​៣ទីតាំងនៅ​ក្នុងទីក្រុង​ភ្នំពេញក្នុងនោះ​មាន​ មត្តេយ្យសិក្សា​ដល់​បឋមសិក្សា​នៅ​ភូមិច្រេស មត្តេយ្យសិក្សា​ដល់​វិទ្យាល័យ​នៅ​ទឹក​ថ្លា និងមត្តេយ្យសិក្សានិង​ផ្នែក​បណ្តុះ​បណ្តាល​វិជ្ជាជីវៈនៅទួលគោក​ រីឯ​មួយទីតាំ​ងទៀត​នៅ​ខេត្ត​បាត់ដំបង ជាមណ្ឌល​សម្រាប់​យុវតី​ស្នាក់នៅ​ដើម្បីសិក្សា​រៀនសូត្រ៕

កែវ កញ្ញា

Facebook
Twitter
LinkedIn