ធ្វើដំណើររួមគ្នានៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ

សរុបចម្លើយសន្និបាតព្រះសហគមន៍ភូមិភាគភ្នំពេញ សម្រាប់សនិ្នត ២០២១-​២០២៣

ព្រះសហគមន៍ភូមិភាគភ្នំពេញ សរុបចម្លើយសន្និបាតព្រះសហគមន៍ ២០២១-២០២៣៖ “ធ្វើដំណើររួមគ្នា ជាធ្លុងតែមួយ ចូលរួម ប្រកាសដំណឹងល្អ” នៅមណ្ឌលសកម្មភាពភូមិភាគភ្នំពេញ   ដោយមានតំណាងគ្រីស្តបរិស័ទពីព្រះសហគមន៍នៃតំបន់សកម្មភាពទាំង៩ គ្រប់ការិយាល័យ និងអង្គការកាតូលិកនានា ក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ ប្រមាណជាង២០០នាក់ នាថ្ងៃទី១៤ ឧសភា ២០២២។

លោកអភិបាលព្រះសហគមន៍ អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានណែនាំ អង្គប្រជុំដោយមានប្រសាសន៍ថា ថ្ងៃនេះយើងជួបជុំគ្នាយ៉ាងឱឡារឹក ដើម្បីចូលរួមបូកសរុបយោបល់ សម្រាប់មហាសន្និបាត២០២១-២០២៣ ជាពេលវេលាពិសេសដោយស្តាប់ចម្លើយសំណួរទាំង៣ របស់មហាសន្និបាត របស់​គ្រីស្តបរិស័ទ អ្នកដឹកនាំ​ព្រះសហគមន៍ បព្វជិត-ជិតា គ្រហស្ត និង​អង្គការ​កាតូលិក​ក្នុងភូមិភាគ​ភ្នំពេញ ដែល​ទាក់ទង​ទៅនឺងរបៀបរបស់ព្រះសហគមន៍ដើរ​រួមគ្នា ទាំង​អំណរ​សប្បាយ និង​ឧបសគ្គ​នានា និងរបៀប​នៃ​ការ​ប្រកាស​ដំណឹងល្អរួម​គ្នា។ ​

លោកអភិបាល​បន្ថែមថា តាមចម្លើយរបស់បងប្អូនតាមតំបន់សកម្មភាព ដែលបងប្អូនបានឆ្លើយរួមគ្នា នេះក៏ជាផែនការណ៍សម្រាប់ភូមិភាគភ្នំពេញយើងផងដែរ។

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានអញ្ជើញព្រះសហគមន៍តាមភូមិភាគនីមួយៗនៅទូទាំងសកលលោក កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ឲ្យបើកសន្និបាតព្រះសហគមន៍សកលតាមកន្លែងនីមួយៗ។ នៅថ្ងៃនោះ លោក អូលីវីយ៉េ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ   បានបើកសន្និបាតព្រះសហគមន៍នេះសម្រាប់ភូមិភាគភ្នំពេញយ៉ាងឱឡារិក ដោយមានតំណាង ពីរនាក់ៗ ពីព្រះសហគមន៍នានាទំាង៩តំបន់សកម្មភាព ក្រុមបព្វជិត-ជិតា លោកបូជាចារ្យ និងស្ថាប័ននានាក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ ចូលរួមសរុបចំនួន៥០នាក់ប៉ុណ្ណោះ ព្រោះស្ថិតនៅក្នុងបម្រាមជួបជុំ ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃកូវីដ១៩។

បន្ទាប់ពីបើកសន្និបាតយ៉ាងឱឡារិកនេះ លោកអភិបាលអូលីវីយ៉េបានផ្ញើសំណួរចំនួន៣ ទៅកាន់តំបន់សកម្មភាពទាំង៩ ក្រុមបព្វជិត បព្វជិតា ការិយាល័យនានា និងអង្គការនានាក្នុងភូមិភាគនេះរិះគិតរួមគ្នា។ សំណួរទាំងបីរួមមាន៖

១) តើនៅក្នុងព្រះសហគមន៍របស់ខ្ញុំផ្ទាល់ ខ្ញុំដើររួមជាមួយគ្នាយ៉ាងដូចម្តេច តាមរយៈក្រុមនានា និងគណៈកម្មការ ?

២) នៅពេលយើងធ្វើដំណើរ រួមជាមួយគ្នា នៅក្នុងព្រះសហគមន៍របស់យើងផ្ទាល់ តើយើងជួបឧបសគ្គអ្វីខ្លះ? តើយើងជួបអំណរសប្បាយអ្វីខ្លះ ?

៣) តាមបទពិសោធន៍របស់យើងនៅការធ្វើដំណើររួមជាមួយគ្នា នៅក្នុងព្រះសហគមន៍របស់យើងផ្ទាល់ តើយើងត្រូវការកែអ្វីខ្លះ ដើម្បីឲ្យយើងរីកចម្រើន នៅក្នុងការប្រកាសដំណឹងល្អ ដល់បងប្អូនយើងទាំងអស់?

ក្រោយពេលផុតពីបម្រាមជួបជុំដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្នុងអំឡុង​ខែ​មីនា ដល់ខែមេសា នៅតាមតំបន់សកម្មភាពនីមួយៗ គ្រីស្តបរិស័ទ និងលោកបូជាចារ្យ បព្វជិត​​ បព្វជិតា និងអង្គការកាតូលិកទាំងអស់បានជួបជុំគ្នាជាក្រុមៗ រិះគិតលើសំណួរទាំង៣នោះ ។

នៅថ្ងៃទី ១៣ ខែឧសភា ក្នុងអង្គប្រជុំ លោកបូជាចារ្យទាំងអស់ក្នុងភូមិភាគភ្នំពេញ​ លោកបូជាចារ្យ ប្រធាន ​ការិយាល័យ​យុវជន​ ការិយាល័យ​អប់រំ​ជំនឿ និង​ការិយាល័យផ្សព្វ​ផ្សាយពត៌មានកាតូលិកបានប្រមូលចម្លើយ ទាំងអស់ ដាក់បញ្ចូលគ្នា សរុបចម្លើយទាំងអស់ដើម្បីពភាក្សាក្នុងសន្តិបាតតំណាងព្រះសហគមន៍ទាំងអស់ នៅថ្ងៃទី១៤ ខែឧសភា ។

នៅថ្ងៃទី ១៤ ខែឧសភា តំណាងគ្រីស្តបរិស័ទ សាសនទូត បព្វជិតបព្វជិតា អង្គការនានា និងការិយាល័យនានាក្នុងភូមិភាគ ប្រមាណជាង២០០នាក់ បានពិនិត្យឡើងវិញ និងបានសរុបចម្លើយទាំងអស់រួមជាមួយគ្នា ព្រមទាំងបានប្រគល់ជូនលោក អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញយ៉ាងឱឡារិក នៅក្នុងពិធីអភិបូជា​ បុណ្យរំលឹកសន្តម៉ាទីយ៉ាស។​

បន្ទាប់ពីបានស្តាប់ ចម្លើយរបស់គ្រីស្តបរិស័ទ លោកអភិបាល អូលីវីយ៉េបញ្ជាក់ក្នុងធម្មទេសនាថា បងប្អូនជាតំណាងព្រះសហគមន៍ ដែលបានចួបជុំគ្នានៅទីនេះសម្រាប់ភូមិភាគភ្នំពេញទាំងមូល យើង​ជា​ទូត ដែលទទួលតួនាទី  ជាមាត់ ជាត្រចៀក និង ជាសំឡេង តាមកន្លែងនីមួយៗ ដើម្បីឱ្យគំនិតដែលយើងបានស្ដាប់នៅក្នុងថ្ងៃនេះទៅដល់ភូមិភាគភ្នំពេញទាំងមូល។

លោកបន្តថាគ្រីស្ត បរិស័ទជាមិត្តសម្លាញ់របស់ព្រះយេស៊ូ។ នេះជាអំណោយទានពិសេសដែលយើងបានទទួលពីព្រះជាម្ចាស់។ មិត្តសម្លាញ់របស់ព្រះយេស៊ូរស់នៅតាមរបៀបថ្មីដើម្បីធ្វើជាសាវ័ក សព្វថ្ងៃក្នុងសង្គមរបស់យើង។ វិន័យរបស់ខ្ញុំគឺអ្នកស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ (យហ១៤)។ សម្រាប់ព្រះសហគមន៍យើងកំពុងធ្វើដំណើជាមួយគ្នា រិះគិតពិរចារណា  ធ្វើ ដូចម្ដេច  ដើម្បី ប្រកាស ដំណឹងល្អ? ចម្លើយគឺស្រលាញ់គ្នាទៅវិញទៅមក ព្រោះព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។

សម្រាប់សំនួរទី២ លោកអភិបាលអូលីយ៉េ លើកឡើងថា សម្រាប់ចម្លើយមួយអំពីអំណរសប្បាយរបស់យើងគឺ «អំណោយទាន នៃជីវិត»។ ជីវិត​ ដែលយើងបានទទួលពីព្រះជាម្ចាស់។  ជាអំណោយទានយ៉ាងពិសេស​ ដែលយើងទទួលតាមរយៈអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញានានាដែលយើងទទួលជាប្រចាំ ដើម្បីទៅជាមនុស្សថ្មី។ ជីវិតដែលទទួលនៅលើផែនដីនេះ គឺដើម្បីរៀបចំសម្រាប់ឆ្ពោះទៅកាន់ជីវិតអស់កល្បជានិច្ចនៅស្ថានមរបសុខ។

លោកអភិបាលអូលីវីយ៉េបញ្ជាក់ទៀតថា យើងក៏បានស្តាប់អំពីទុក្ខលំបាក។ ទុក្ខលំបាកទាំងអស់ដែលយើងបានស្តាប់ គឺជាប់ជាមួយប្រវត្តិសាស្ត្ររបស់យើង គឺដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ប៉ុលពត ជាង២០ឆ្នាំយើងគ្មានឱកាសជួបជុំគ្នា ដោយគ្រូគង្វាលរបស់យើង បព្វជិត បព្វជិតារបស់យើងបានទទួលមរណភាពក្នុងសម័យប៉ុលពត។ ទុក្ខលំបាកនេះ នាំឲ្យដាច់ឫសនៃការបន្តជំនឿ សម្រាប់អ្នកជំនាន់ក្រោយ​។ ជាបញ្ហាប្រឈមមួយ គ្រីស្តបរិសកាតូលិកខ្មែរស្ទើតែទាំងអស់​សព្វថ្ងៃ ជាពន្លកថ្មីនៃជំនឿ​ជំនាន់ទី១។

លោកបញ្ជាក់ថា «ទុក្ខលំបាកមួយនេះ ទៅជាកម្លាំងមួយដែរ»។ បងប្អូននៅទីនេះជាគ្រីស្តបរិស័ទជំនាន់ទីមួយ នឹងមានកូនចៅ ហើយបញ្ជូនបន្តជំនឿ ដែលនេះជាសេចក្តីសង្ឃឹមមួយរបស់ព្រះសហគមន៍។

លោកបន្តថា ទុក្ខលំបាក១ទៀត តើត្រូវធ្វើយ៉ាងណាដើម្បីឲ្យការប្រកាសដំណឹងល្អនៅលើទឹកដីកម្ពុជា អាចចាក់គ្រឹះយ៉ាងជ្រៅបំផុតនៅក្នុងភាសា ប្រពៃណី វប្បធម៌របស់ខ្មែរ។

តាមរយៈសំណួរទី៣ ចំណុចត្រូវកែប្រែនូវ ដើម្បីប្រកាសដំណឹងដំណឹងល្អឲ្យចម្រើនឡើង គឺមាន១២ចំណុចសំខាន់ៗ៖

១. ការកែប្រែឥរិយាបថនិងកែប្រែចិត្តគំនិត  

២.​ ការអប់រំបណ្ដុះបណ្ដាល

៣. កិច្ចការបម្រើបងប្អូន 

៤. ការធ្វើដំណើរដោយការយល់ចិត្តគ្នាប្រកបដោយភាតរភាពនិងជាធ្លុងតែមួយ (ខ្មែរ និងវៀតណាម) ខិតខំបន្ថែមទៀត​ដើម្បីឲ្យមានអ្នកប្រកាសដំណឹងល្អ ជាតិកម្ពុជាច្រើនឡើង។

៥. ការថែទាំគ្រួសារកាតូលិក 

៦. ការអប់រំសិក្សាចំណេះទូទៅ (សាលាកាតូលិក)

៧. អភិវឌ្ឍ ការទំនាក់ទំនងនិងផ្សព្វផ្សាយ

៨. ពង្រឹងកិច្ចសន្ទនាអន្តរសាសនា

៩.​ ការការពារបរិស្ថាន

១០. អត្តសញ្ញាណច្បាស់លាស់ជាគ្រីស្តបរិស័ទនៅលើទឹកដីកម្ពុជា 

១១.​ ការម្រេចចិត្ត  និងការសហការគ្នា

១២. ធ្វើដំណើររួមគ្នា តាមរបៀបថ្មីក្នុងការប្រកាសដំណឹងល្អ

លោកមាឃ ស៊ន តំណាងគ្រីស្តបរិស័ទមកពីមណ្ឌលសកម្មភាពតាកែវបានឱ្យដឹងថា សន្និបាតថ្ងៃនេះ ព្រះសហគមន៍ធ្វើដំណើររួមគ្នាជាធ្លុងតែមួយ គឺស៊ីជម្រៅមែនទែនសម្រាប់ជីវិតគ្រីស្តបរិស័ទ និងពាក្យថាព្រះសហគមន៍មានន័យថាយើងជាគ្រួសារតែមួយ ជាទស្សនៈមួយបង្ហាញថាយើងជាបងប្អូនគ្នា ធ្វើកិច្ចការរួមជាមួយគ្នាទាំងជំនឿរបស់យើង ទាំងការអនុវត្តការប្រកាសដំណឹងល្អ ដែលធ្វើឱ្យយើងមានអារម្មណ៍កក់ក្ដៅ។

លោកបន្ថែមថា ជំនួបនេះ យើងបានស្ដាប់យោបល់ជាច្រើនពីបងប្អូនគ្រីស្តបរិស័ទយើងដែលចែករំលែកសេចក្ដីស្រឡាញ់ ហើយ«ព្រះសហគមន៍យើងនឹងរីកចម្រើនប្រសិនជាដូចអ្វីដែលបានលើកយកមកជជែកវែកញែកគ្នានៅក្នុងសំណួរ»។

ចំពោះកញ្ញា ឃុន កញ្ញា តំណាងមកពីព្រះសហគមន៍បឹងទំពុនបាននិយាយថា កម្មវិធីសន្និបាតនេះបានជួយគ្រីស្តបរិស័ទឱ្យរួមដំណើរជាមួយព្រះសហគមន៍ ដើម្បីរីកចម្រើននិងធ្វើដំណើរទៅមុខដោយរលូន។ កញ្ញាបានបន្ថែមថា អង្គសន្និបាតនេះ «បានជួយឱ្យខ្ញុំមានគំនិតយោបល់ច្រើន ក្នុងការកែលម្អអំពីរបៀបដែលអាចជួយឱ្យពួកយើងដើររួមគ្នាបានល្អ។»

កញ្ញាបញ្ជាក់ថា «កន្លងមកយើងដឹងតិចតួចពីបញ្ហាលំបាក តែថ្ងៃនេះជាឱកាសមួយដែលយើងអាចទទួលព័ត៌មានបានច្រើន ទាំងអំណរសប្បាយ ទាំងផលលំបាក និងពីរបៀបដែលយើងត្រូវកែលម្អរួមគ្នាដើម្បីជួយឱ្យព្រះសហគមន៍ធ្វើដំណើរទៅមុខបាន។»

លោកអភិបាលអូលីវីយ៉េមានប្រសាសន៍ទៀតថា លទ្ធផលនៃការជួបជុំនេះ មិនគ្រាន់តែសម្រាប់តែផែនការក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញនោះទេ តែក៏សម្រាប់ព្រះសហគមន៍សកលដើម្បីរិះគិតពិចារណាអំពីទិសដៅក្នុងការប្រកាសដំណឹងល្អផងដែរ។ លោកអភិបាលនឹងបញ្ជូនឯកសារបូកសរុបនេះ ទៅកាន់សភាលោកអភិបាលឡាវនិងកម្ពុជា ដើម្បីបញ្ជូនបន្តទៅកាន់ទីក្រុងរ៉ូម៕

Facebook
Twitter
LinkedIn