ពន្លឺនៃក្តីសង្ឃឹមថ្មី​​សម្រាប់​កុមារ​ធ្លាប់​រស់នៅ​លើផ្ទៃទឹក

កុមារ​តូច​ៗ ឈរ​តម្រៀប​គ្នា ជា​ជួរ​តាម​ដង​ផ្លូវ​ប្រកបដោយ​ស្នាម​ញញឹម និង​ទះដៃ​ស្វាគមន៍​ភ្ញៀវ​ដែល​បាន​កំពុង​ធ្វើដំណើរ​មក​ដល់​ ក្លោង​ទ្វារដែលមាន​ដាក់​ស្លាក​ថា សាលា​បឋម​សិក្សា​ឧបការគុណ ដែល​គ្រប់គ្រងដោយ​ក្រុមដូនជី​ឧបការគុណ។

«ថ្ងៃនេះ​ជា​ព្រឹត្តិការណ៍ដ៏សំខាន់​ដែល​ក្រុម​គ្រួសារដូនជីបាន​ផ្អាកដំណើរការ​មួយរយៈពេល​យូរមកហើយ។» នេះ​ជា​សម្តី​របស់​ដូនជី​អាន លូស៊ី ជាប្រធាន​ក្រុម​គ្រួសារ​ដូនជីឧបការគុណ មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ដាក់​សម្ពោធសាលា​បឋម​សិក្សា​ឧបការគុណ​ជាផ្លូវការ​ក្រោម​អធិបតីភាព​របស់​លោកអភិបាល​ភូមិភាគភ្នំពេញ​និង​បាត់ដំបង រួម​នឹង​លោកអភិបាល​ក្រុង​កំពង់ឆ្នាំង និង​មន្ត្រីរាជការ និង​អាណាព្យាបាល​សិស្សានុសិស្សជាច្រើន​រូប កាលពីថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០២២នេះ នៅ​ក្នុងទីរួមខេត្តកំពង់ឆ្នាំ​ង ក្នុង​ខេត្តកំពង់ឆ្នាំង។

ដូនជី​ប្រធាន​បាន​រំលឹកថា «មុន​សង្គ្រាម បងស្រី​ឧបការគុណ មានសាលារៀន​ធំៗ ដើម្បីអប់រំយុវជន នៅភ្នំពេញ កែប កំពត។ ថ្ងៃនេះ យើង​ចាប់​ផ្តើម​បើក​សាលា​ឡើងវិញ ទោះបីមានលក្ខណៈតូច​តាមគម្រោងការរបស់​ព្រះជាម្ចាស់ ក្នុងការ​បម្រើ​បង​ប្អូន​ក្រីក្រតាម​សេចក្តីត្រូវការរបស់ពួកគេ។»

ដូនជី​អាន​ លូស៊ី ហើយគម្រោងការនេះ មិន​អាច​កើត​ឡើង​បាន​ឡើយ បើ​មិន​មានការគាំទ្រពីព្រះជាម្ចាស់ និង​ពីបងប្អូន។ ដូនជីប្រធាន បន្ថែមថា គាត់​សូម​អរ​គុណដល់​ម្ចាស់ជំនួយផ្សេងៗ ដែលតែងតែ​ជួយគាំទ្របេសកកម្ម​បងស្រីឧបការគុណកន្លង រួមមាន​លោកអភិបាល​គីគេ ដែល​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ដូនជី​បាន​​បំពេញ​បេសកកម្ម​ក្នុងភូមិភាគបាត់ដំបង និង​អនុញ្ញាត​ឲ្យបើក​ដំណើរការ​សាលានេះ។

ដូនជី​អាន លូស៊ី ក៏​សូមអរគុណ​អាជ្ញាធរ លោកគ្រូអ្នកគ្រូ និង​អាណាព្យាបាល​ដែលបាន​ចូលរួម និង​សហការយ៉ាងសកម្មជាមួយក្រុមដូនជី ហើយធ្វើឲ្យសាលានេះមានដំណើរការល្អ។

សាលា​បឋមសិក្សា​នេះ មាន​បី​បន្ទប់​សិក្សា មាន​ថ្នាក់ទី១-ទី៣ ស្ថិតនៅក្នុងព្រះសហគមន៍ក្នុងតំបន់​កំពង់ឆ្នាំង នៅក្នុង​ព្រះសហគមន៍កាតូលិក​​​ភូមិភាគបាត់ដំបង។

សាលា​បឋមសិក្សា​ឧបការគុណ បាន​កសាង​រួច​រាល់​នៅ​ក្នុងខែមេសា​ឆ្នាំ​២០២១ ហើយ​បាន​ទទួល​សិស្ស​ឲ្យ​ចូលរៀន​កាលពី​ខែ​វិច្ឆិកា​ ដែលមាន​ថ្នាក់ទី១-ទី៣ ដែលមាន​សិស្ស​ទាំងអស់​សរុប ១០៨នាក់ ស្រី​៥៤នាក់។ សាលា​មាន​បង្រៀន មុខវិជ្ជាវិទ្យាសាស្ត្រពិត វិទ្យាសាស្ត្រសង្គម  វិទ្យាសាស្ត្រ​អប់រំ ភាសា​បរទេស កីឡា និង​សិល្បៈ។

សាលា​នេះ ទទួល​បាន​ច្បាប់​អនុញ្ញាតពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ឲ្យបើក​ដំណើរការ​រយៈពេល​៥​ឆ្នាំ។

ដូនជី រ៉ុង បុប្ផា នាយិការ​សាលា​បាន​មាន​ប្រសាសន៍ថា សាលា​បឋម​សិក្សានេះ គឺ​បង្រៀន​យក​តាម​កម្មវិធីសិក្សា​របស់​សាលា​រដ្ឋ ហើយបច្ចុប្បន្ន​សាលា​មាន​ត្រឹម​ថ្នាក់ទី​៣​ប៉ុណ្ណោះ កំពុង​ដំណើរការ។ ដូនជីបន្តថា​ អនាគត គឺ​អាច​នឹង​មាន​រហូតដល់​ថ្នាក់​ទី៦ នេះ អាស្រ័យលើធនធាន។

​នាយិការ​រូបនេះ​បន្ថែមថា សិស្ស​ដែល​នឹង​ត្រូវឡើង​ថ្នាក់​បន្ត ​ខាង​សាលា​នឹង​ធ្វើ​លិខិត​បញ្ជាក់​ការសិក្សា​និង​បញ្ជូន​ទៅកាន់​សាលា​រដ្ឋ​ឲ្យ​រៀន​បន្ត​កម្រិត​ទៀត។ «ប្រសិន​បើ​គាត់​មានក្រដាសស្នាម​(សំបុត្រ​កំណើត) គាត់បន្តទៅទី៧ទៅ តែ​បើអត់មានគាត់​ឈប់ តែ​យើង​អាច​រក​ជំនាញ​ឲ្យគាត់។​ នេះជាគោលការណ៍របស់យើង។»

ដូនជី​រូបនេះ បន្ថែមថា សាលានេះ មានទាំង​កុមារ​ខ្មែរ វៀតណាម​ និង​ខ្មែរ-អ៊ីស្លាម ដែល​ត្រូវ​បាន​ជម្លៀស​ចេញពីលើផ្ទៃ​បឹង​ទន្លេ ក្នុងខេត្ត​កំពង់ឆ្នាំង​កាលពីប៉ុន្មាន​ឆ្នាំមុននេះ។

«នៅលើទឹក​ ស្អីក៏នៅទឹក​ទាំង​អស់ ពេលឡើងលើគ្នាអត់ចេះ​អីសោះ សូម្បីតែ​ភាសា​វៀតណាមក៏និយាយអត់ទាន់ច្បាស់ ដល់ពេល​ខ្មែរ និយាយ​ខ្មែរ​អត់ច្បាស់ ភាសាខ្លួន​ឯងក៏អត់ទាន់ច្បាស់ សូម្បីតែ​បងប្អូន​ចាម ក៏ដូចគ្នា។» ដូនជី បុប្ផា​បញ្ជាក់។

តាមការ​សង្កេត​របស់​នាយិការ​សាលា​រូប​នេះ បាន​ប្រាប់​ថា ក្រោយពីបាន​រៀន​រយៈពេល​ខ្លីមកនេះឃើញថា «ក្មេង​យើង​បាន​រីកចម្រើន​ជាលំដាប់ ពីមុន​អត់ចេះនិយាយខ្មែរ ពេលនេះចេះ​និយាយខ្មែរ ហើយ​កូនខ្មែរ​ពីមុនអត់ទាន់ចេះ​អានទេ ឥឡូវចេះអាន… ធ្វើគណិត​អីបាន ហើយមាន​សីលធម៌ជាងមុនទៀត។»

កុមារ​ដែល​សិក្សា​នៅ​ក្នុងសាលាបឋមសិក្សានេះ គឺ​ឥតបង់​ប្រាក់ឡើយ គឺខាង​សាលា​មាន​ផ្តល់​ទាំង​សៀវភៅ​សរសេរ សៀវភៅពុម្ព ​និង​អាហារ​ថ្ងៃត្រង់ទៀតផង។ នេះ​បើ​តាម​ការ​បញ្ជាក់របស់​នាយិការ​សាលា។

ជាមួយគ្នានេះ ដូនជី​បុប្ផា បាន​ឲ្យដឹងទៀតថា សាលាក៏មាន​គម្រោង​នឹង​បង្រៀន​កុមារ​ធំៗ​ដែលមិន​ចេះ​អក្សរ​ឲ្យ​រៀន​នៅ​ពេលយប់ផងដែរ។

លោក​ យិន វ៉េន អភិបាល​ក្រុងកំពង់ឆ្នាំង​ បាន​លើកឡើងក្នុង​អង្គពិធីថា ក្នុងនាមអាជ្ញាធរក៏ដូចជាក្នុងនាមថ្នាក់ដឹកនាំក្រុងទាំងមូល លោក​សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ និងកិច្ចស្វាគមន៍នូវសមិទ្ធផលទាំងអស់នេះ ដែលព្រះសហគមន៍កាតូលិក​​ បានចូលរួមជួយដល់កម្ពុជា និងពលរដ្ឋកម្ពុជា។

លោក​បាន​បន្ថែម​ថា  «ថ្ងៃនេះខ្ញុំរំភើបណាស់និងអរគុណមែនទែន ពីព្រោះឃើញលោកលោកស្រីខ្លះ ធ្វើដំណើរតាមយន្តហោះពីអាមេរិកដើម្បីមកដល់កម្ពុជា ដើម្បីមកជួយកម្ពុជា ព្រោះកម្ពុជាបានឆ្លងកាត់សង្គ្រាមយូរអង្វែង។… ទោះបីជានរណាក៏ដោយឲ្យតែមកជួយកម្ពុជា គឺកម្ពុជាទទួលទាំងអស់។»

អ្នកស្រី​វេជ្ជបណ្ឌិត ម៉ៃ ខាញ់ ត្រាន់ (Dr. Mai Khanh Tran) ជា​ប្រធាន​នៃ​បេសកកម្ម​មនុស្សជាតិ​អន្តរជាតិ (International Humanitarian Missions) និងជា​ម្ចាស់​ជំនួយ​សម្រាប់​អគារ​សិក្សា​នេះ បាន​ឲ្យដឹងថា «វា​ជាព្រះពរណាស់ ​ដែល​គម្រោង​នេះ​បញ្ចប់​ទៅ​ដោយគ្មាន​បញ្ហា ទោះ​ស្ថិត​ក្នុង​ពេល​កូវីដយ៉ាងណាក៏ដោយ ហើយ​សង្ឃឹម​ថា កុមារ​ទាំងនេះ នឹង​ទទួល​បាន​ការ​សិក្សា​ល្អ និង​មាន​អនាគត​ប្រសើរ​នាពេល​ខាង​មុខ។»

ជាមួយគ្នានេះដែរ លោកអេនរីគេ ហ្វីការេដូ អភិបាល​ព្រះសហគមន៍កាតូលិក ភូមិភាគបាត់ដំបង មាន​ប្រសាសន៍ថា ​«ខ្ញុំសូមអរគុណបងស្រីឧបការៈគុណដែលមានសកម្មភាពរហូត ដែលបានចេញពីកន្លែងទៅកាន់ភូមិ ទៅកាន់កន្លែងដែលមានសេចក្ដីត្រូវការ។ ខ្ញុំអរមែនទែនដែលបងស្រីមានរបៀបនេះ ដើម្បីប្រកាសដំណឹងល្អ និងរួមជាមួយរដ្ឋាភិបាលដើម្បីកសាងសន្តិភាពយ៉ាងពេញលេញ។»

លោកអភិបាល​បន្ថែមថា សាលារៀននេះ ជាសញ្ញាសម្គាល់ដែលបងស្រីយកចិត្តទុកដាក់អំពីកូនក្មេងដែលមិនសូវមានសមត្ថភាព និងឪពុកម្តាយដែលមានការខ្វះខាត។

ឱកាសនោះ លោកអភិបាល​អេនរីគេ ស្នើ​សុំ​ឲ្យ​កុមារតូចៗ​នូវចំណុច​បី គឺ​ ត្រូវ​ខំមករៀនរាល់ថ្ងៃនិងស្ដាប់អ្នកគ្រូបង្រៀន។ ពេលនៅផ្ទះកុំភ្លេចសៀវភៅ ត្រូវ​យក​មក​រៀន​អោយប៉ាម៉ាក់ឃើញ ដើម្បី​ឲ្យ​គាត់​លើកទឹក​ចិត្ត។ និង​ចុងក្រោយគឺ កុំឲ្យមានត្រឹមតែចំណេះដឹង គឺត្រូវតែធ្វើជាប្រជារាស្ត្រដ៏ល្អដែលមានចិត្តស្មោះត្រង់ មានចិត្តមេត្តាករុណា​សម្រាប់អ្នកដទៃ ដោយគិតពីប្រយោជន៍រួម។

លោកអភិបាល​បន្តថា «ខ្ញុំសូមជូនពរឲ្យកូនកូនរៀនពូកែ ដើម្បីឲ្យយើងទាំងអស់គ្នារួមគ្នាកសាងប្រទេសជាតិ ឲ្យមានសន្តិភាពពិតប្រាកដ និងឲ្យសកម្មភាពព្រះសហគមន៍ចូលរួមអភិវឌ្ឍប្រទេសឲ្យរីកចម្រើនក្នុងសន្តិភាពនៅក្នុងប្រទេសខ្មែរ។»

មុន​ពេល​មាន​សង្គ្រាមស៊ីវិល​ក្នុង​ឆ្នាំ​១៩៧៥ ក្រុម​ដូនជី​ឧបការគុណ មាន​សាលា​ធំៗជាច្រើនពីកម្រិត​ទាប​រហូត​ដល់​វិទ្យាល័យ​ ដែលមានដូចជា រាជធានីភ្នំពេញ កែប កំពត និង​បាត់ដំបងជាដើម។ ប៉ុន្តែ​ដោយសារ​របប​ប្រល័យពូជសាសន៍ អ្វីៗដែល​បាន​អភិវឌ្ឍទាំង​អស់នោះ ត្រូវ​បាន​បំផ្លាញ​ចោល រួមទាំង​ក្រុម​ដូនជី​មួយ​ចំនួនក៏ត្រូវ​បាន​ស្លាប់​និង​សម្លាប់​ផងដែរ។

បច្ចុប្បន្ន​ ក្រុម​ដូនជី បាន​កំពុង​ចាប់​ផ្តើម​សកម្មភាព​របស់​ក្រុម​ឡើងវិញ ដែលមានផ្ទះស្នាក់​សម្រាប់​កុមារ​សិក្សាដល់កម្រិត​ធម្យមសិក្សា ផ្ទះ​សម្រាប់​ទទួល​កុមារ​មានពិការភាព សាលា​មត្តេយ្យសិក្សា និង​បឋម​សិក្សា​ជាដើម៕

ដោយ​កែវ កញ្ញា

Facebook
Twitter
LinkedIn