កាតូលិកភូមិភាគភ្នំពេញ ទូលសូមសន្តិភាពសម្រាប់ពិភពលោកតាមរយៈព្រះនាងម៉ារី

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដឹកនាំដោយលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ ទូលអង្វរព្រះជាម្ចាស់តាមរយៈព្រះនាងម៉ារីសម្រាប់សុខសន្តិភាពប្រទេសអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងពិភពលោកទាំងមូល ដោយសូត្រផ្គាំ(អធិដ្ឋានតាមមាលា) រួមជាមួយសម្ដេចប៉ាបហ្វ្រង់ស៊ីស្កូក្នុងថ្ងៃបុណ្យទេវទូតជូនដំណឹងអំពីកំណើតព្រះយេស៊ូដល់ព្រះនាងម៉ារី នារសៀលថ្ងៃទី២៥ មីនា ២០២២។

នៅក្នុងការណែនាំពិធីសូត្រផ្គាំដែលធ្វើឡើងនៅព្រះវិហារព្រះមាតានៃសន្តិភាព អរិយក្សត្រ ក្នុងខេត្តកណ្តាល លោកអភិបាលមានប្រសាសន៍ថា ថ្ងៃនេះ សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ អញ្ជើញព្រះសហគមន៍នីមួយៗក្នុងពិភពលោក ចួបជុំគ្នានៅវិសាលវិហារឬកន្លែងដែលគោរពព្រះនាងម៉ារី ដើម្បីអធិដ្ឋានសូមសុខសន្តិភាពនៅក្នុងពិភពលោក និងដើម្បីថ្វាយប្រទេសអ៊ុយក្រែន និងរុស្ស៊ីក៏ដូចជាប្រទេសនានាក្នុងពិភពលោកដែលកំពុងមានសង្គ្រាម ទៅក្នុងព្រះបេះដូងដ៏និមលរបស់ព្រះនាងម៉ារី ដែលជាម្ចាស់ក្សត្រីយ៍នៃសន្តិភាព។
ក្រោយបញ្ចប់ពិធីសូត្រផ្គាំ ព្រះសហគមន៍បានបន្តដោយមានអភិបូជា។ នៅក្នុងធម្មទេសនា លោកអភិបាលរំលឹកបន្ថែមថា ថ្ងៃនេះយើងនឹករឮកថ្ងៃព្រះយេស៊ូចាប់កំណើតនៅក្នុងផ្ទៃពោះព្រះនាងម៉ារី។ ទេវទូតនិយាយទៅកាន់ព្រះនាងម៉ារីថា «គ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតឡើយ។»
លោកអភិបាលបន្ថែមថា ព្រះនាងម៉ារីនៅលើផែនដីនេះជាសញ្ញាសម្គាល់នៃស្ថានបរមសុខ ដោយព្រះនាងម៉ារីណែនាំឱ្យមានសុខដុមរនាដែលយើងត្រូវការ នាំឱ្យអំពើហិង្សា ការស្អប់គ្នារលត់បាត់ និងកាត់បន្ថយការសងសឹកនិងចេះលើកលែងទោស។ លើសពីនេះព្រះនាងម៉ារីរំដោះ និងថែរក្សាពិភពលោកពីសង្គ្រាម។
លោកអភិបាលអូលីវីយ៉េ បន្តថា នៅពេលដែលយើងអធិដ្ឋានផ្គាំ ឬអធិដ្ឋានតាមមាលា នាំឲ្យយើងមើលឃើញនូវអាថ៌កំបាំងរបស់ព្រះនាងម៉ារីនិងព្រះយេស៊ូ ដោយចូលនៅក្នុងជីវិតរបស់ព្រះជាម្ចាស់ទាំងអំណរសប្បាយ ពន្លឺ សិរីរុងរឿងនិងទុក្ខលំបាក ដែលនាំឱ្យយើងមើលឃើញផ្លូវដើម្បីទទួលស្គាល់ថា ពិតមែនយើងជាបងប្អូនគ្នា និងជាព្រះមហាក្សត្រីយ៍នៃក្រុមគ្រួសារទាំងមូលនៅក្នុងពិភពលោក។ «ព្រះនាងម៉ារីជាម្ចាស់ក្សត្រីនៃសុខសន្តិភាព»។
លោកអភិបាលបន្ថែមថា ទាំងនេះនាំឱ្យយើងយល់ថា គ្មានការណ៍អ្វីដែលព្រះជាម្ចាស់ធ្វើមិនបាននោះទេ និងគម្រោងការនោះកើតមានឡើងលុះត្រាតែយើងទុកចិត្តលើព្រះជាម្ចាស់។

ដោយ៖ ដាលីស

រូបភាពបន្ថែមទៀត

Facebook
Twitter
LinkedIn