ព្រះវិហារគង្វាលដ៏សប្បុរស កំពង់រទេះ ខេត្តកំពង់ធំ នៃព្រះសហគមន៍ភូមិភាគបាត់ដំបង បានរៀបចំកម្មវិធីណែនាំដល់ក្រុមយុវជន ក្រោមប្រធានបទ «តើយើងត្រូវធ្វើអីខ្លះក្នុងរដូវអប់រំពិសេស? និង រិះគិតអំពីមហាសន្និបាតព្រះសហគមន៍សកល២០២១-២០២៣» ក្រោមការដឹកនាំដោយ កញ្ញា ម៉ារី ភ័ក្រ្ត កាលពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០២២។
កញ្ញា ម៉ារីភ័ក្រ្ត ជាប្រធានយុវជនសម្រាប់ភូមិភាគបាត់ដំបងបានណែនាំអំពីរដូវអប់រំពិសេសដោយលើក យកអំពីសារសម្តេចប៉ាប និងសារលើកទឹកចិត្តពីលោកអភិបាល ព្រមទាំងរិះគិតទាក់ទងទៅនឹងពិធីបុណ្យក្នុងរដូវអប់រំពិសេស។
ចំពោះកម្មវិធីនេះផងដែរ តាមរយៈសារលិខិតសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ម៉ារីភ័ក្រ្តបានថ្លែងថា សម្តេចប៉ាបចង់ឮពីព្រះសហគមន៍ទាំងមូលអំពីអ្វីៗដែលកើតក្នុងព្រះសហគមន៍ និងតាមតំបន់នីមួយៗ តើយើងទាំងអស់គ្នាគួរធ្វើអ្វី ដើម្បីជួយឱ្យព្រះសហគមន៍កាន់តែប្រសើរ និងរីកចម្រើន?
អ្នកណែនាំ ម៉ារីភ័ក្រ បាន្យដឹងថា ក្នុងឱកាសយើងជួបជុំនេះ យើងស្តាប់ និងចែករំលែកបទពិសោធជាមួយគ្នា អំពីតួនាទីក្នុងការរៀបចំខ្លួននារដូវអប់រំពិសេសនេះ។ ក្នុងនោះដែរ ប្រធានយុវជនភូមិភាគរូបនេះ បន្ថែមថា អង្គពិធីគឺចង់ឲ្យ យុវជន ត្រិះរិះពិចារណា ពីរបៀបរស់នៅដើម្បីផ្សារភ្ជាប់ជាមួយព្រះយេស៊ូ តាមរយៈការរៀបចំចិត្តគំនិត ប្រុងស្មារតីដើម្បីបង្កើនទំនាក់ទំនងជាមួយព្រះជាម្ចាស់តាមការអធិដ្ឋាន និងធ្វើអំពើល្អ ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ យុត្តិធម៌ និងសាមគ្គីភាព។
យុវជន យុវនារី ទាំងនេះមកពី ព្រះសហគមន៍កំពង់គោ ព្រះសហគមន៍កំពង់រទេះ និងព្រះសហគមន៍ព្រែកស្បូវ។ នេះជាការប្រជុំតាមតំបន់ជាលើកទី២ ក្រោយពេលមានជំងឺកូវីដ-១៩រាតត្បាតនៅក្នុងប្រទេសកម្ពុជា ដែលលើកទី១បានធ្វើតាមរយៈអនឡាញកាលពីអំឡុងខែកក្កដា ឆ្នាំ២០២១នេះ។
តាមការឱ្យដឹងពីយុវនារី យួន ណៃយ៉ាង ដែលសព្វថ្ងៃជាអ្នកឈ្វេងយល់ និងរៀនអប់រំជំនឿនៅព្រះវិហារគង្វាលដ៏សប្បុរស កំពង់រទេះ បានឱ្យដឹងថា «អ្វីដែលខ្ញុំទទួលបានក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ ខ្ញុំនឹងយកមកអនុវត្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្របតាមការណែនាំក្នុងសារលិខិតសម្ដេចប៉ាបនោះ គឺត្រូវអធិដ្ឋានឱ្យបានច្រើន ប្រព្រឹត្តិអំពើល្អទៅកាន់អ្នកដទៃ និងមនុស្សជុំវិញខ្លួន ដោយកែប្រែទម្លាប់ មិនល្អឱ្យក្លាយទៅជាទម្លាប់ល្អឱ្យបានច្រើន។»
ណៃយ៉ាងបន្ថែមថា មួយទៀតយើងមិនត្រូវនឿយណាយក្នុងការប្រព្រឹត្តអំពើល្អដោយប្រឆាំងនឹងកាមតណ្ហា មិនត្រូវនឿយណាយនឹងការអធិដ្ឋាន និងទទួលអគ្គសញ្ញាស្រាយបាប។
ស្រដៀងគ្នានេះដែរ កញ្ញា ឈុំ គឹមអាន អាយុ១៨ឆ្នាំ ជាអ្នកឈ្វេងយល់ជំនឿដែរនោះបានរៀបរាប់ថា «អ្វីដែលខ្ញុំចាប់អារម្មណ៍នោះគឺពាក្យ “នឿយណាយ” ដែលមានន័យចំពោះខ្ញុំ ដោយមិនត្រូវនឿយណាយក្នុងការអត់ធ្មត់ មិននឿយណាយក្នុងការស្រឡាញ់និងជួយអ្នកដទៃ ហើយនិងអធិដ្ឋានឱ្យបានច្រើន។»
គឹមអាន បន្ថែមថា «ខ្ញុំនឹងអនុវត្តនៅថ្ងៃព្រហស្បត្តិ៍ដោយចូលរួមតាំងព្រះកាយនិងអធិដ្ឋាន ដើរផ្លូវឈើឆ្កាងនៅថ្ងៃសុក្រ និងថ្ងៃអាទិត្យចូលរួមអភិបូជា ព្រមទាំងអធិដ្ឋានខ្លួនឯងមុនពេលចូលគេង និងធ្វើល្អទៅកាន់អ្នកដទៃ លើកលែងទោសឱ្យអ្នកដទៃ ហើយនិងចែករំលែកសម្ភារខ្លះៗ ឬក៏អ្វីផ្សេងទៀតទៅដល់អ្នកដទៃផងដែរ»។
ក្នុងពិធីជួបជុំរយៈពេលបីថ្ងៃនេះ លោកអភិបាល ទេព ច័ន្ទពិសិដ្ឋ អភិបាលព្រហសហគមន៍កាតូលិកភូមិភាគបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតី នៅពេលរសៀលថ្ងៃអាទិត្យទី១៣ ផងដែរ ដើម្បីបិទកម្មវិធីអធិដ្ឋាន ដោយប្រោះទឹកព្រះពរ។ លោកអភិបាលក៏បាននិយាយលើកទឹកចិត្តដល់យុវជនទាំងអស់ក្នុងរដូវអប់រំពិសេស ដោយមាន៤ចំណុចសំខាន់ៗគឺ៖ ចូលរួមអធិដ្ឋាន ធ្វើទាន តមអាហារ និងចូលរួមជាមួយព្រះសហគមន៍គ្រប់សកម្មភាព៕
ដោយ កក ស្រីនិ