លោកអភិបាល​៖តំបន់​ខាង​កើត​ទន្លេមេគង្គ​ជា​កន្លែង​មរណសាក្សី​និង​ទីសក្ការៈ

គ្រីស្តបរិស័ទជាច្រើនកុះករ​ បាន​នាំគ្នាប្រារព្ធខួប៧៦ឆ្នាំនៃមរណភាពរបស់លោកបូជាចារ្យ ទ្រឿង ប៊ូយៀប ក្រោមអធិបតីភាព លោកអូលីវីយ៉េ ជ្មីតហស្លេអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ នាថ្ងៃ ១២ មីនា ២០២២​ នៅព្រះវិហារព្រះបេះដូងព្រះយេស៊ូ នៃមណ្ឌលសកម្មភាពទន្លេមេគង្គ ស្ថិត​ក្នុងខេត្តកណ្ដាល។

ក្នុងធម្មទេសនានាឱកាសនេះ លោកអភិបាលអូលីវីយ៉េបានមានប្រសាសន៍ថា ទឹកដី​ផ្លូវ​ត្រី ជា​តំបន់មួយ​ដែល​ជា​ប្រវត្តិសាស្ត្រ​របស់​ព្រះសហគមន៍ ដែលមានគ្រីស្តបរិស័ទពីដើម​បានសាបព្រោះនៅលើទឹកដីនេះ ដើម្បីណែនាំឱ្យជីវិតបានរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងដើម្បីឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចមានផ្លែដ៏ពិតប្រាកដ។

លោកអភិបាលព្រះសហគមន៍រំឭកថា ព្រះសហគមន៍តំបន់ខាងកើតទន្លេមេគង្គ ជា​ទឹកដី​នៃ​មរណសាក្សី​ ដែល​នៅ​ផ្លូវ​ត្រី មាន​លោក​ប៊ូយៀប នៅ​ពោធិ៍ធំជាទឹកដីកំណើត​របស់​លោក​ឆ្មារ សាឡាស់ និង​ឆ្មារ សាឡឹម។ ជីវិតពួកគាត់គឺជាគ្រាប់ពូជធ្លាក់នៅក្នុងដីដើម្បីឲ្យមានផលផ្លែជាច្រើន។

ក្នុងឱកាសនេះដែរលោកអភិបាលរំឭកនិងផ្ដាំផ្ញើដល់គណ:កម្មការមរណសាក្សីថា «គួរគិតដល់កន្លែងពោធិ៍ធំ សូមឱ្យមានកន្លែងខ្លះដើម្បីនឹករឭកដល់មរណសាក្សីនៅខ្មែរយើង។»

តាម​ប្រសាសន៍​របស់​លោកអភិបាល​អូលីវីយ៉េ​បាន​ឲ្យដឹង​ទៀត​ថា លោកយៀបបានធ្វើការអស្ចារ្យជាច្រើនសម្រាប់ប្រជាជនមួយចំនួន ទាំងពុទ្ធបរិស័ទ ទាំងគ្រីស្តបរិស័ទ។

រូបភាពបន្ថែម

Facebook
Twitter
LinkedIn