ព្រះសហគមន៍ចំណោមមានអគារសាលាមត្តេយ្យថ្មី

អគារសាលាមត្តេយ្យសន្តីតេរេសា នៅព្រះវិហារសន្តីតេរេសា នៃព្រះកុមារយេស៊ូ ចំណោម ដែលស្ថិតនៅក្នុងភូមិរង្វានលិច ឃុំចំណោម ខេត្តបន្ទាយមានជ័យ ក្នុងភូមិភាគបាត់ដំបង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់លោកអភិបាលទេព ច័ន្ទពិសិដ្ឋ (គីគេ) ជាអភិបាលប្រចាំភូមិភាគបាត់ដំបង លោកបូជាចារ្យ វ៉ាំងសង់ ជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍កាតូលិកចំណោម លោកមេឃុំ ចៅ ម៉ី ជាមេឃុំប្រចាំឃុំចំណោម លោកមេភូមិ ចេង ផល ជាមេភូមិប្រចាំភូមិរង្វានលិច ព្រមទាំងលោកបូជាចារ្យ បព្វជិតនិងបព្វជិតា លោកគ្រូអ្នកគ្រូ កុមារាកុមារី និងគ្រីស្គបរិស័ទមកពីទីជិតឆ្ងាយក្នុងភូមិភាគបាត់ដំបង។
នៅក្នុងកម្មវិធីសម្ភោធអគារសាលាមត្តេយ្យសន្តីតេរេសានេះ លោកអភិបាលទេព ច័ន្ទពិសិដ្ឋ (គេគី) បានមានប្រសាសន៍ថា៖ “ព្រះសហគមន៍ចំណោមបានសាងសង់អគារថ្មីនេះសម្រាប់កូនៗកុមារា កុមារី ដែលរស់នៅក្នុងភូមិ ក៏ដូចជានៅជុំវិញព្រះសហគមន៍ ក្នុងគោលបំណងជួយជំរុញខាងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ជាពិសេសជួយអប់រំ និងជំរុញឲ្យកុមារតូចៗ បានចូលរៀនឲ្យបានសមរម្យ”។
ក្នុងនោះផងដែរ លោកមេឃុំ ចៅ ម៉ី បានមានប្រសាសន៍ថា៖ ” ក្នុងនាមជាថ្នាក់ដឹកនាំភូមិឃុំ សូមថ្លែងអំណរគុណព្រះសហគមន៍កាតូលិកចំណោមដែលតែងតែជ្រោមជ្រែង ជួយដល់ឃុំចំណោម នេះជាអំណរសប្បាយដែលយើងទទួលបានសម្រាប់កូនៗដែលនៅក្នុងភូមិ នេះជាទំនាក់ទំនងល្អរវាងព្រះសហគមន៍ និងរដ្ឋាភិបាល”។
សាលាមេត្តយ្យសន្តីតេរេសានេះមានចំនួន៤ថ្នាក់ មាន២កម្រិត គឺកម្រិតមធ្យម និងកម្រិតខ្ពស់ សិក្សាចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៣៖៣០នាទីរសៀល ដែលទទួលខុសត្រូវដោយលោកបូជាចារ្យ វ៉ាំងសង់ ច្រេចទៀន។
អ្នកគ្រូសោម រដ្ឋា បានលើកឡើងថា៖ “សាលាមេត្តយ្យនៅព្រះសហគមន៍ចំណោមបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ដែលមានសិស្សចូលរៀនដំបូងចំនួន៣០នាក់រហូតមកដល់ឆ្នាំ២០១៧-២០១៨ មានកូនសិស្សចំនួន១៥០នាក់ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ សាលាមេត្តយ្យបានកាត់បន្ថយទទួលកូនសិស្សនៅសល់ត្រឹម១០០នាក់ ទៅ៩៥នាក់ ដោយសារសាលាមេត្តយ្យមានតែ៤ថ្នាក់សម្រាប់ទទួលសិស្សប៉ុណ្ណោះ” ។
អ្នកគ្រូបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ សាលាមត្តេយ្យមានចំនួនគ្រូ៦នាក់ ក្នុងនោះមានគ្រូបង្គោល៤នាក់ គ្រូជំនួយម្នាក់ អ្នកជួយកម្មកវិធីទៅទូម្នាក់។ អ្នកគ្រូបានឲ្យដឹងថា សាលាមត្តយ្យរបស់ព្រះសហគមន៍គឺតម្រូវឲ្យមាតាបិតា ឬអាណាព្យាបាលរបស់សិស្សបង់ប្រាក់វិភាគទានតាមលទ្ធភាពដែលពួកគាត់អាចបង់បាន។
អ្នកគ្រូរដ្ឋាបានឲ្យដឹងទៀតថា សាលាក៏មានអាហារសម្រន់សម្រាប់កុមារព្រឹកនិងរសៀល អាហារថ្ងៃត្រង់ កន្លែងសម្រាកថ្ងៃត្រង់ ដើម្បីសម្រួលដល់ឪពុកម្តាយកុមារដែលយកកូនមកផ្ញើ ឲ្យមានពេលវេលាគ្រប់គ្រាន់ដើម្បីរកទទួលទានសម្រាប់ជីវភាពគ្រួសារ។

ស្របពេលជាមួយគ្នានោះដែរ អ្នកស្រីនឿម សុជា ជាអាណាព្យាបាលរបស់សិស្សដែលបានទទួលការអប់រំនៅសាលាមេត្តយ្យសន្តីតេរេសា បានបង្ហាញនៅចំណាប់អារម្មណ៍ថា៖ “ បានជានាងខ្ញុំឲ្យកូនចូលរៀននៅសាលាមេត្តយ្យសន្តីតេរេសានេះ ព្រោះសាលានេះជួយបង្ហាត់បង្រៀនកូននាងខ្ញុំបានល្អ ជួយឲ្យកូននាងខ្ញុំចេះសរសេរ ចេះអាន មានអាកប្បកិរិយាល្អ មានទាំងកន្លែងគេង និងអាហារ នាងខ្ញុំត្រេកអរណាស់ដែលបានឲ្យកូនមករៀននៅទីនេះ”។
អគាសិក្សាចាស់របស់សាលាមត្តេយ្យនេះ បច្ចុប្បន្នត្រូវបានទុកសម្រាប់បម្រើការងារដល់កម្មវិធី ផ្សេងៗរបស់ព្រះវិហារសន្តីតេរេសានៃព្រះកុមារយេស៊ូនៃព្រះសហគមន៍កាតូលិកចំណោម ជំនួសវិញ៕

Facebook
Twitter
LinkedIn