កម្មវិធីសម្ភោធអគារសាលាមត្តេយ្យសន្តីតេរេសា នៅព្រះវិហារសន្តីតេរេសា នៃព្រះកុមារយេស៊ូ ចំណោម ដែលស្ថិតនៅក្នុងភូមិរង្វានលិច ឃុំចំណោម ខេត្តបន្ទាយមានជ័យ ក្នុងភូមិភាគបាត់ដំបង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់លោកអភិបាលទេព ច័ន្ទពិសិដ្ឋ (គីគេ) ជាអភិបាលប្រចាំភូមិភាគបាត់ដំបង លោកបូជាចារ្យ វ៉ាំងសង់ ជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍កាតូលិកចំណោម លោកមេឃុំ ចៅ ម៉ី ជាមេឃុំប្រចាំឃុំចំណោម លោកមេភូមិ ចេង ផល ជាមេភូមិប្រចាំភូមិរង្វានលិច ព្រមទាំងលោកបូជាចារ្យ បងប្រុសបងស្រី លោកគ្រូអ្នកគ្រូ កុមារាកុមារី និងបងប្អូនគ្រីស្គបរិស័ទមកពីទីជិតឆ្ងាយក្នុងភូមិភាគបាត់ដំបង។
នៅក្នុងកម្មវិធីសម្ភោធអគារសាលាមត្តេយ្យសន្តីតេរេសានេះ លោកអភិបាលទេព ច័ន្ទពិសិដ្ឋ (គេគី) បានមានប្រសាសន៍ថា៖ “ព្រះសហគមន៍ចំណោមបានសាងសង់អគារថ្មីនេះសម្រាប់កូនៗកុមារា កុមារី ដែលរស់នៅក្នុងភូមិ ក៏ដូចជានៅជុំវិញព្រះសហគមន៍ ក្នុងគោលបំណងជួយជំរុញខាងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ជាពិសេសជួយអប់រំ និងជំរុញឲ្យកុមារតូចៗ បានចូលរៀនឲ្យបានសមរម្យ”។ ក្នុងនោះផងដែរ លោកមេឃុំ ចៅ ម៉ី បានមានប្រសាសន៍ថា៖ ” ក្នុងនាមជាថ្នាក់ដឹកនាំភូមិឃុំ សូមថ្លែងអំណរគុណព្រះសហគមន៍កាតូលិកចំណោមដែលតែងតែជ្រោមជ្រែង ជួយដល់ឃុំចំណោម នេះជាអំណរសប្បាយដែលយើងទទួលបានសម្រាប់កូនៗដែលនៅក្នុងភូមិ នេះជាទំនាក់ទំនងល្អរវាងព្រះសហគមន៍ និងរដ្ឋាភិបាល”។
គួរបញ្ជាក់ផងដែរថាសាលាមេត្តយ្យសន្តីតេរេសានេះមានចំនួន៤ថ្នាក់ មាន២កម្រិត គឺកម្រិតមធ្យម និងកម្រិតខ្ពស់ សិក្សាចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៣៖៣០នាទីរសៀល ហើយមានសិស្សចំនួន៩៥នាក់ និងគ្រូចំនួន៦នាក់ ដែលទទួលខុសត្រូវដោយលោកបូជាចារ្យ វ៉ាំងសង់ ។
អ្នកគ្រូសោម រដ្ឋា បានលើកឡើងថា៖ “សាលាមេត្តយ្យនៅព្រះសហគមន៍ចំណោមបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ដែលមានសិស្សចូលរៀនដំបូងចំនួន៣០នាក់រហូតមកដល់ឆ្នាំ២០១៧-២០១៨ មានកូនសិស្សចំនួន១៥០នាក់ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ សាលាមេត្តយ្យបានកាត់បន្ថយទទួលកូនសិស្សនៅសល់ត្រឹម១០០នាក់ ទៅ៩៥នាក់ ដោយសារសាលាមេត្តយ្យមានតែ៤ថ្នាក់សម្រាប់ទទួលសិស្សប៉ុណ្ណោះ” ។
ស្របពេលជាមួយគ្នានោះដែរ អ្នកស្រីនឿម សុជា ជាអាណាព្យាបាលរបស់សិស្សដែលបានទទួលការអប់រំនៅសាលាមេត្តយ្យសន្តីតេរេសា បានបង្ហាញនៅចំណាប់អារម្មណ៍ថា៖ “ បានជានាងខ្ញុំឲ្យកូនចូលរៀននៅសាលាមេត្តយ្យសន្តីតេរេសានេះ ព្រោះសាលានេះជួយបង្ហាត់បង្រៀនកូននាងខ្ញុំបានល្អ ជួយឲ្យកូននាងខ្ញុំចេះសរសេរ ចេះអាន មានអាកប្បកិរិយាល្អ មានទាំងកន្លែងគេង និងអាហារ នាងខ្ញុំត្រេកអរណាស់ដែលបានឲ្យកូនមករៀននៅទីនេះ”។