សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៥,១៧-២៦
ពេលនោះ លោកមហាបូជាចារ្យ និងអស់អ្នកដែលនៅជាមួយលោកទាំងប៉ុន្មាន គឺពួកខាងគណៈសាឌូស៊ីមានចិត្តក្តៅក្រហាយជាខ្លាំង។ គេលើកគ្នាទៅចាប់ក្រុមគ្រីស្តទូត យកមកឃុំឃាំងនៅពន្ធនាគារសាធារណៈ។ លុះដល់យប់ មានទេវទូតរបស់ព្រះអម្ចាស់មកបើកទ្វារពន្ធនាគារឱ្យក្រុមគ្រីស្តទូតចេញទាំងពោលថា៖«សូមអញ្ជើញទៅឈរក្នុងព្រះវិហារ ហើយប្រកាសព្រះបន្ទូលទាំងអស់ដែលផ្តល់ជីវិតនេះឱ្យប្រជាជនស្តាប់ទៅ»។ កាលបានឮពាក្យទេវទូត ក្រុមគ្រីស្តទូតនាំគ្នាចូលទៅក្នុងព្រះវិហារតាំងពីព្រលឹម ហើយនាំគ្នាបង្រៀនប្រជាជន។ លោកមហាបូជាចារ្យ និងអស់អ្នកដែលនៅជាមួយលោក កោះហៅក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូល គឺព្រឹទ្ធសភានៃប្រជាជនអ៊ីស្រាអែលមកជួបជុំគ្នា រួចចាត់អ្នកយាមឱ្យទៅនាំក្រុមគ្រីស្តទូតពីពន្ធនាគារមក។ ពេលទៅដល់ទីឃុំឃាំង គេពុំឃើញក្រុមគ្រីស្តទូតទេ។ គេនាំគ្នាវិលមកវិញរាយការណ៍ ជម្រាបអង្គប្រជុំថា៖«យើងខ្ញុំឃើញទីឃុំឃាំងនៅបិទជិតល្អណាស់ ហើយពួកអ្នកយាមក៏ឈរយាមនៅខាងមុខទ្វារដែរ តែពេលយើងខ្ញុំបើកទ្វារ ពុំឃើញមាននរណាម្នាក់នៅក្នុងទីនោះសោះ»។ កាលមេកងរក្សាព្រះវិហារ និងពួកនាយកបូជាចារ្យឮដូច្នោះ គេមិនដឹងជាត្រូវគិតយ៉ាងណាអំពីក្រុមគ្រីស្តទូត និងអំពីហេតុការណ៍ដែលកើតឡើងនោះឡើយ។ ពេលនោះ មានម្នាក់ចូលមកជម្រាបអង្គប្រជុំថា៖ «ពួកអ្នកដែលអស់លោកបានចាប់ឃុំឃាំង កំពុងតែឈរបង្រៀនប្រជាជនក្នុងព្រះវិហារឯណោះ!»។ មេកងរក្សាព្រះវិហារក៏នាំទាហានចេញទៅចាប់ក្រុមគ្រីស្តទូតបណ្តើរមក តែឥតមានធ្វើបាបអ្វីទេ ព្រោះគេខ្លាចប្រជាជនយកដុំថ្មគប់។
ទំនុកតម្កើងលេខ ៣៤ (៣៣),២-៩ បទកាកគតិ
២ | ខ្ញុំអរព្រះគុណ | អម្ចាស់ពេកពន់ | គ្រប់ពេលវេលា | សូមលើកតម្កើង |
ព្រះអង្គគ្រប់គ្រា | ឥតមានរួញរា | ឈប់ឈរសោះឡើយ | ។ | |
៣ | ខ្ញុំខ្ពស់មុខព្រោះ | ព្រះម្ចាស់សង្រ្គោះ | ខ្ញុំមិនកន្តើយ | ចូរអ្នកទន់ទាប |
ស្តាប់កុំព្រងើយ | នឹងបានធូរស្បើយ | អំណរខ្លាំងក្លា | ។ | |
៤ | សូមមកប្រកាស | នឹងខ្ញុំឱ្យច្បាស់ | ដោយពោលឡើងថា | ព្រះម្ចាស់ថ្កុំថ្កើង |
រុងរឿងក្រៃណា | យើងនាំគ្នីគ្នា | តម្កើងព្រះអង្គ | ។ | |
៥ | ខ្ញុំបានស្វែងរក | ព្រះម្ចាស់តបមក | ឥតមានបង្អង់ | ទ្រង់បានរំដោះ |
ខ្ញុំអស់ទុក្ខផង | តក់ស្លុតមួរហ្មង | ឆ្លងផុតទាំងអស់ | ។ | |
៦ | អ្នកដែលសម្លឹង | ឆ្ពោះទៅព្រះអង្គ | បានសុខឥតមោះ | ផុតអស់ទុក្ខសោក |
វិយោគរងង្រ្គោះ | ពួកគេទាំងនោះ | មិនខកចិត្តឡើយ | ។ | |
៧ | អស់អ្នកកម្សត់ | និងមនុស្សទុរគត | គេស្រែកដង្ហោយ | ហៅរកព្រះម្ចាស់ |
ទ្រង់សណ្តាប់ហើយ | សង្រ្គោះគេឱ្យ | ផុតពីគ្រោះកាច | ។ | |
៨ | ទេវទូតរបស់ | ព្រះម្ចាស់ទាំងអស់ | ថែទាំអ្នកខ្លាច | រក្សាការពារ |
គេក្រោមអំណាច | រំដោះឱ្យរួច | ផុតពីទុក្ខភ័យ | ។ | |
៩ | ចូរអ្នកផ្អែកពឹង | ពិសោធន៍ឱ្យដឹង | ថាព្រះម្ចាស់ថ្លៃ | ទ្រង់មានមេត្តា |
សប្បុរសពេកក្រៃ | អស់ជនប្រុសស្រី | មានជ័យមង្គល | ។ |
អបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៣,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក
ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៣,១៦-២១
ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច គឺមិនឱ្យគេវិនាសឡើយ។ ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាងមកក្នុងលោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្រ្គោះមនុស្សលោកដោយសារព្រះបុត្រាវិញ។ អ្នកជឿលើព្រះបុត្រា មិនត្រូវទទួលទោសទេ រីឯអ្នកមិនជឿវិញ បានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។ ហេតុដែលបណ្តាលឱ្យមានទោសនោះ គឺពន្លឺបានយាងមកក្នុងពិភពលោក ប៉ុន្តែមនុស្សលោកចូលចិត្តភាពងងឹតជាងពន្លឺ ដ្បិតអំពើរបស់គេសុទ្ធតែអាក្រក់។ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ តែងតែស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺឡើយ ព្រោះខ្លាចគេឃើញអំពើដែលខ្លួនគេប្រព្រឹត្ត។ ផ្ទុយទៅវិញ អស់អ្នកដែលប្រព្រឹត្តតាមសេចក្តីពិត តែងតែចូលមករកពន្លឺ ដើម្បីឱ្យគេឃើញថា អំពើដែលខ្លួនប្រព្រឹត្តនោះ ស្របតាមព្រះជាម្ចាស់មែន។