សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល អគ ៤៧,១-៩.១២
ខ្ញុំយល់សុបិន្តនិមិត្តឃើញបុរសម្នាក់ដែលព្រះអម្ចាស់ចាត់ឱ្យខ្ញុំមករកខ្ញុំ។ បុរសនោះនាំខ្ញុំឆ្ពោះទៅកាន់ទ្វារព្រះដំណាក់វិញ។ នៅទីនោះខ្ញុំឃើញទឹកផុសចេញពីក្រោមមាត់ទ្វារ ហូរទៅខាងកើត ព្រោះព្រះដំណាក់បែរមុខទៅខាងកើត។ ទឹកហូរចុះទៅខាងស្តាំ ព្រះដំណាក់កាត់តាមខាងត្បូងអាសនៈ។ បុរសនោះនាំខ្ញុំចេញពីទីលានតាមខ្លោងទ្វារខាងជើង ហើយនាំខ្ញុំដើរវាងព្រះដំណាក់ រហូតដល់ខាងក្រៅទ្វារខាងកើត។ នៅទីនោះ ទឹកក៏ហូរចេញពីខាងស្តាំមកដែរ។ កាលបុរសនោះចេញទៅខាងកើត ទាំងកាន់ខ្សែរង្វាស់ លោកវាស់មួយពាន់ហត្ថ រួចឱ្យខ្ញុំដើរលុយទឹក ទឹកឡើងដល់ត្រឹមភ្នែកគោល។ លោកវាស់មួយពាន់ហស្ថទៀត ហើយឱ្យខ្ញុំដើរលុយទឹក លើកនេះទឹកឡើងដល់ក្បាលជង្គង់។ លោកវាស់មួយពាន់ហត្ថទៀតសាជាថ្មីទៀត រួចឱ្យខ្ញុំលុយទឹក លើកនេះឡើងដល់ត្រឹមចង្កេះ។ លោកវាស់ថែមមួយពាន់ហស្ថទៀត ពេលនោះទឹកហូរខ្លំាងដូចទឹកស្ទឹង ខ្ញុំលុយលែងកើត ត្រូវតែហែល ព្រោះទឹកឡើងខ្លាំងពេក ហើយជ្រៅផង។ លោកប្រាប់ខ្ញុំថា៖ «កូនមនុស្សអើយ! តើអ្នកឃើញឬទេ?» លោកក៏នាំខ្ញុំទៅមាត់ស្ទឹងវិញ។ កាលខ្ញុំមកដល់ មាត់ស្ទឹង ឃើញមានដើមឈើជាច្រើនដុះទាំងសងខាង។ លោកប្រាប់ខ្ញុំថា៖ «ទឹកនេះហូរទៅស្រុកខាងកើត ចុះទៅដល់តំបន់ទន្លេយ័រដាន់ រួចហូរចាក់ទៅសមុទ្រ ធ្វើឱ្យទឹកសមុទ្រប្រែជាទឹកសាប។ ស្ទឹងនេះហូរកាត់កន្លែងណា កន្លែងនោះមានសត្វគ្រប់ប្រភេទរស់នៅរវើកវ័ណ្ឌ ហើយមានត្រីដ៏ច្រើនឥតគណនា ដ្បិតទឹកនេះហូរចូលសមុទ្រ ធ្វើឱ្យទឹកសមុទ្រនោះប្រែទៅជាទឹកសាប។ ទឹកនេះហូរទៅកន្លែងណា ជីវិតនឹងកើតមាននៅកន្លែងនោះ។ នៅតាមមាត់ស្ទឹងទាំងសងខាង មានដើមឈើផ្លែគ្រប់មុខដុះស្លឹកវាមិនចេះស្រពោនឡើយ ហើយផ្លែក៏មិនចេះអស់ដែរ។ រៀងរាល់ខែ ដើមឈើទាំងនោះផ្តល់ផ្លែថ្មីមិនដាច់ ដ្បិតវាទទួលទឹកដែលហូរចេញពីសក្ការៈមក។ គេបេះផ្លែឈើនេះធ្វើអាហារ ហើយយកស្លឹកវាធ្វើជាថ្នាំសង្កូវ សម្រាប់កែរោគផង»។
ទំនុកតម្កើងលេខ ៤៦(៤៥),២-៣.៥-៦.៨-១០ បទពាក្យ ៧
២ | ព្រះអម្ចាស់ជាទីជម្រក | ឱ្យយើងចូលជ្រករាល់ខែឆ្នំា | |
ព្រះអង្គតែងតែប្រុងប្រៀបចាំ | មិនមើលបំណាំពេលអាសន្ន | ។ | |
៣ | ទោះបីផែនដីប្រេះរញ្ជួយ | ភ្នំប្រែរលួយដោយទាន់ហន់ | |
ទោះធ្លាក់សមុទ្រជ្រៅរាប់ពាន់ | ជាច្រើនរយជាន់ខ្ញុំមិនភ័យ | ។ | |
៥ | មានទន្លេមួយនាំអំណរ | សិរីបវរស្រោចបាចសាច | |
បុរីព្រះម្ចាស់មានអំណរ | វិសុទ្ធក្រៃពេកព្រះដំណាក់ | ។ | |
៦ | ព្រះម្ចាស់គង់ក្នុងបុរីណា | បានក្តីសុខាមិនអន់អាក់ | |
ព្រោះទ្រង់សង្គ្រោះមិនថ្នាំងថ្នាក់ | តាំងពីថ្ងៃរះព្រឹកព្រលឹម | ។ | |
៨ | ព្រះជាអម្ចាស់នៃពិភព | ទ្រង់គង់ប្រសព្វមិនឃ្លាតឆ្ងាយ | |
ព្រះលោកយ៉ាកុបមិនទន់ជ្រាយ | កំពែងមាំក្រៃនៃយើងខ្ញុំ | ។ | |
៩ | ចូរនាំគ្នាមើលស្នាព្រះហស្ត | របស់ព្រះម្ចាស់ដ៏ឧត្តម | |
កិច្ចការអស្ចារ្យទាំងតូចធំ | ដែលទ្រង់ខិតខំលើផែនដី | ។ | |
១០ | ទ្រង់បានប្រមូលធ្នូលំពែង | ខែលដាវខ្លីវែងគ្មានសល់អី | |
រទេះគ្រឿងក្រោះបោះទៅដី | ដុតខ្ទេចគ្មានស្តាយមិនស្រណោះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៥១,១៧.១៤
ប | បពិត្រព្រះអម្ចាស់យេស៊ូ! យើងសូមសរសើរលើកតម្កើងព្រះអង្គ។ |
គ | ឱ! ព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យខ្ញុំមានចិត្តបរិសុទ្ធ សូមប្រោសប្រទានឱ្យខ្ញុំមានអំណរព្រោះតែព្រះអង្គសង្គ្រោះខ្ញុំ។ |
ប | បពិត្រព្រះអម្ចាស់យេស៊ូ! យើងសូមសរសើរលើកតម្កើងព្រះអង្គ។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៥,១-១៦
នៅគ្រានោះ មានពិធីបុណ្យមួយរបស់ជនជាតិយូដា ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹម។ នៅក្រុងយេរូសាឡឹម ជិតខ្លោងទ្វារឈ្មោះ “ទ្វារចៀម” មានស្រះមួយដែលគេហៅជាភាសាហេប្រឺថា “ស្រះបេតសាថា”។ ក្បែរស្រះនោះមានថែវប្រាំ មានអ្នកជំងឺ មនុស្សខ្វាក់ មនុស្សខ្វិន មនុស្សខូចជើង និងមនុស្សស្លាប់ដៃស្លាប់ជើងជាច្រើន ដេកនៅតាមថែវទាំងនោះ។ នៅទីនោះ មានបុរសម្នាក់ពិការតាំងពីសាមសិបប្រាំបីឆ្នាំមកហើយ។ ព្រះយេស៊ូទតឃើញគាត់ដេកដូច្នេះ ព្រះអង្គជ្រាបថាគាត់នៅទីនោះជាយូរមកហើយ ទ្រង់មានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ជាឬទេ?»។ អ្នកនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! ពេលទឹកកម្រើក គ្មាននរណាយកខ្ញុំទៅដាក់ក្នុងស្រះសោះ។ ពេលណាខ្ញុំទៅដល់ មានម្នាក់ចុះទៅមុនខ្ញុំស្រេចទៅហើយ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកហើយដើរទៅចុះ»។ ពេលនោះស្រាប់តែបុរសនោះបានជាភ្លាម គាត់ក៏យកគ្រែស្នែងរបស់គាត់ដើរទៅ។ រីឯថ្ងៃនោះជាថ្ងៃសប្ប័ទ។ ជនជាតិយូដាស្តីឱ្យបុរសដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ អ្នកគ្មានសិទ្ធិលីគ្រែស្នែងរបស់អ្នកដូច្នេះឡើយ»។ គាត់ឆ្លើយទៅគេថា៖ «លោកដែលបានធ្វើឱ្យខ្ញុំជាប្រាប់ខ្ញុំថា ចូរយកគ្រែស្នែងរបស់អ្នកដើរទៅចុះ!» គេសួរគាត់ថា៖ «តើលោកណាប្រាប់អ្នកឱ្យយកគ្រែស្នែងដើរទៅដូច្នេះ?»។ ប៉ុន្តែបុរសដែលបានជា មិនដឹងថានរណាបានប្រោសគាត់ឱ្យជាឡើយ ដ្បិតព្រះយេស៊ូបានយាងចេញពីបណ្តាជនដែលនៅកន្លែងនោះផុតទៅហើយ។
ក្រោយមក ព្រះយេស៊ូជួបគាត់ក្នុងព្រះវិហារក៏មានព្រះបន្ទូលទៅគាត់ថា៖ «ឥឡូវនេះអ្នកបានជាហើយ កុំប្រព្រឹត្តអំពើបាបឱ្យសោះ ក្រែងលោកើតការអាក្រក់ដល់អ្នកលើសមុនទៅទៀត»។ បុរសនោះចេញទៅប្រាប់ជនជាតិយូដាឱ្យដឹងថា គឺព្រះយេស៊ូដែលបានប្រោសគាត់ឱ្យជា។ ហេតុនេះហើយ បានជាជនជាតិយូដានាំគ្នាបៀតបៀនព្រះយេស៊ូ ព្រោះព្រះអង្គធ្វើការនោះនៅថ្ងៃសប្ប័ទ។