លោកអភិបាល៖កិច្ចការបម្រើនិងទំនាក់ទំនងគឺសំខាន់ដូចគ្នា

“ការងារនិងទំនាក់ទំនងមានតម្លៃ។”នេះជាប្រសាសន៍របស់លោកអភិបាល ទេព ច័ន្ទ ពិសិដ្ឋ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបងនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការការីតាសកម្ពុជា នៅក្នុងកម្មវិធីសំណាក់ធម៌នៃអង្គការការីតាសកម្ពុជា នៅមណ្ឌលគ្រាប់ (CROAP) ស្ថិតនៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃម្សិលមិញនេះ។

លោកអភិបាលពិសិដ្ឋ មានប្រសាសន៍ទៅកាន់អង្គប្រជុំទៀតថា “ក្នុងពេលបីថ្ងៃ អោយយើងមានទស្សនៈរស់នៅសាមញ្ញ និងតាមធម្មជាតិ មានទឹកចិត្ត មានបទពិសោធ ទៅមុខ នាំអោយយើងមានអំណរនិងកំលាំង”។

កម្មវិធីសំណាក់ធម៌របស់អង្គការការីតាសកម្ពុជាធ្វើឡើងពីថ្ងៃទី១៥-១៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលធ្វើដំណើរទស្សនកិច្ចផងនិងរិះគិតផងអំពីកិច្ចការងារប្រចាំឆ្នាំរបស់ខ្លួនក្នុងការបម្រើជនក្រីក្រនៅក្នុងសង្គម ក្រោមប្រធានបទ រួមគ្នាលើកកម្ពស់វប្បធម៌នៃការយកចិត្តទុកដាក់ និងភាពជាបងប្អូន។

ក្នុងធម្មទេសនាបើកកម្មវិធីសំណាក់ធម៌នេះ លោកអភិបាលទេពច័ន្ទ ពិសិដ្ឋ មានប្រសាសន៍ទៀតថា ការងារនិងការទំនង ទាំងពីរមានតម្លៃ យើងត្រូវបម្រើ ស្តាប់ រិះគិត ស្ងៀមស្ងាត់និងមានសកម្មភាព។

លោកប្រធានក្រុមប្រឹក្សាភិបាល បន្តថា ក្នុងសំណាក់ធម៌ប្រចាំឆ្នាំនេះ អោយយើងប្រមូលកំលាំងស្តាប់ ទាំងការលំបាក និងឧបសគ្គ ហើយយើងក៏មិនភ្លេចការចូលរួម និងធ្វើសកម្មភាពអោយបានច្រើន។ អោយមានទំនាក់ទំនងល្អចេះស្តាប់ពីបងប្អូន ទាំងការលំបាកនិងបទពិសោធដែលពួកគេមាន។

លោកអភិបាលបន្ថែមថា សម្តេចប៉ាបអោយយើងចេះស្តាប់គ្នាទៅវិញទៅមក ស្តាប់អ្នកក្រីក្រ និងអ្នកដទៃ ដែលប្រៀបដូចជាព្រះសូរសៀងរបស់ព្រះជាម្ចាស់មានបន្ទូលមកកាន់យើង។ សូមព្រះជាម្ចាស់ប្រទានអោយយើងចេះស្តាប់ ចេះអធិដ្ឋាន និងចេះបម្រើបងប្អូន។

លោកអភិបាលស្នើសុំអោយអ្នកចូលរួមទាំងអស់ប្រមាណជាង១៥០នាក់ អធិដ្ឋានសម្រាប់មនុស្សទាំងអស់ដែលបាននិងកំពុងឆ្លងកូវីដ-១៩និងសម្រាប់ការងាររបស់អង្គការការីតាសកម្ពុជាក្នុងកិច្ចបម្រើសម្រាប់អ្នកក្រីក្រក្នុងសង្គមកម្ពុជា៕

Facebook
Twitter
LinkedIn