សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ៣០,១៥-២០
លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖«ថ្ងៃនេះ ខ្ញុំឱ្យអ្នកជ្រើសរើសយកជីវិតឬសេចក្តីស្លាប់ អំពើល្អឬអំពើអាក្រក់ ដ្បិតនៅថ្ងៃនេះ ខ្ញុំបង្គាប់អ្នកឱ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ កាន់តាមបទបញ្ជា ក្រឹត្យវិន័យ និងច្បាប់របស់ព្រះអង្គ។ ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត និងកើនចំនួនឡើង ហើយព្រះអម្ចាស់ជាព្រះរបស់អ្នកប្រទានពរដល់អ្នកនៅក្នុងស្រុកដែលអ្នកចូលទៅកាន់កាប់។ ប៉ុន្តែ បើអ្នកបែរចិត្តចេញពីព្រះអង្គ មិនព្រមស្តាប់បង្គាប់ព្រះអង្គ ដោយបណ្តោយខ្លួនទៅក្រាបថ្វាយបង្គំ និងគោរពបម្រើព្រះឯទៀតៗ នៅថ្ងៃនេះ ខ្ញុំប្រាប់ឱ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាមុខជាវិនាសសូន្យ គឺអ្នកពុំអាចមានអាយុយឺនយូរនៅក្នុងស្រុកដែលអ្នកត្រូវឆ្លងទន្លេយ័រដាន់ ចូលទៅកាន់កាប់នោះឡើយ។ ថ្ងៃនេះ ខ្ញុំសូមយកមេឃ និងដីធ្វើជាសាក្សីទាស់នឹងអ្នករាល់គ្នា គឺខ្ញុំឱ្យអ្នកជ្រើសរើសយក ជីវិតឬសេចក្តីស្លាប់ ព្រះពរឬបណ្តាសា។ ចូរជ្រើសរើសយកជីវិតចុះ ដើម្បីឱ្យអ្នក និងពូជពង្សរបស់អ្នកបានរស់រាន។ ចូរស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ចូរស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ និងជំពាក់ចិត្តលើព្រះអង្គ។ ព្រះអង្គជាជីវិតរបស់អ្នក ព្រះអង្គប្រទានឱ្យអ្នកមានអាយុយឺនយូរ ដើម្បីឱ្យអ្នករស់នៅលើទឹកដីដែលទ្រង់បានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានឱ្យលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក»។
ទំនុកតម្កើងលេខ ១,១-៦ បទកាកគតិ
១ | អ្នកមិនប្រព្រឹត្ត | តាមមនុស្សទុច្ចរិត | មិនស្តាប់ទូន្មាន | ហើយមិនចូលចិត្ត |
ដើរតាមស្នាមដាន | អ្នកនោះនឹងមាន | មង្គលពេកក្រៃ | ។ | |
២ | តែតាមការពិត | ពួកគេចូលចិត្ត | នឹងធម្មវិន័យ | របស់ព្រះម្ចាស់ |
ទាំងយប់ទាំងថ្ងៃ | សញ្ជឹងរំពៃ | ឥតមានភ្លេចភ្លឹក | ។ | |
៣ | អ្នកនោះប្រៀបបាន | ដើម្បីឈើល្អថ្កាន | ដុះក្បែរផ្លូវទឹក | មិនស្លោកស្រពោន |
ឱ្យផលផ្លែស្លឹក | ចម្រើនសន្ធឹក | តាមកាលរដូវ | ។ | |
៤ | រីមនុស្សអាក្រក់ | មានចិត្តគម្រក់ | កេរ្តិ៍ឈ្មោះអាស្រូវ | ពួកគេប្រៀបបាន |
អង្កាមដែលត្រូវ | ខ្យល់ផាត់ប៉ើងទៅ | បាចសាចខ្ចាត់ខ្ចាយ | ។ | |
៥ | ថ្ងៃព្រះអម្ចាស់ | វិនិច្ឆ័យទោស | ជនពាលទាំងឡាយ | ព្រមទាំងមនុស្សបាប |
មិនស្ថិតស្ថេរឡើយ | ត្រូវតែឃ្លាតឆ្ងាយ | ពីអ្នកសុចរិត | ។ | |
៦ | ដ្បិតព្រះអម្ចាស់ | ស្គាល់ប្រាកដណាស់ | មាគ៌ាប្រណីត | នៃមនុស្សល្អ |
ស្មោះសរសុចរិត | មាគ៌ាឧក្រិដ្ឋ | នាំខ្លួនអន្តរាយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,១៧
ប | បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត ធម្មវិន័យរបស់ព្រះអង្គរំដោះយើងខ្ញុំ។ |
គ | ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ចូរប្រែចិត្តគំនិត! ដ្បិតព្រះរាជ្យនៃស្ថានបរមសុខមកជិតបង្កើយហើយ»។ |
ប | បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត ធម្មវិន័យរបស់ព្រះអង្គរំដោះយើងខ្ញុំ។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,២២-២៥
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖«បុត្រមនុស្សត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ និងពួកធម្មាចារ្យនឹងបោះបង់លោកចោល ថែមទាំងសម្លាប់លោកទៀតផង។ ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងទទួលជីវិតថ្មីហើយ»។
បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេទាំងអស់គ្នាថា៖«បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួនរៀងរាល់ថ្ងៃ ហើយមកតាម ខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន ប៉ុន្តែ អ្នកណាបាត់បង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងបានរួចជីវិតវិញ។ បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែត្រូវស្លាប់បាត់បង់ជីវិត នោះមានប្រយោជន៍អី?»។