ក្រោយពេលដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានអំពាវនាវនិងជំរុញឲ្យគ្រីស្តបរិស័ទនៅទូទាំងពិភពលោកអធិដ្ឋានសុំសន្តិភាពនៅអ៊ុយក្រែនរួចមក ក្រុមប្រឹក្សាលោកអភិបាលនៃព្រះសហគមន៍នៅទ្វីបនេះ ក៏បានអំពាវនាវឲ្យមានសន្តិភាពនៅប្រទេសនេះផងដែរ។
ប្រធានក្រុមប្រឹក្សាលោកអភិលនៃព្រះសហគមន៍នៅអឺរ៉ុប បានអំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តល់ការគាំទ្ររបស់ពួកគេដល់អ៊ុយក្រែន ដែលកំពុងតែប្រឈមមុខនឹងការភ័យខ្លាចកាន់តែខ្លាំងឡើងដោយសារតែការគំរាមកំហែងការវាយលុកខាងយោធារុស្ស៊ីដែលអាចកើតមាន។
ក្រុមលោកអភិបាលនៃព្រះសហគមន៍អឺរ៉ុបបានចេញការអំពាវនាវភ្លាមៗ សុំឲ្យគ្រប់ភាគីបង្កើនការចរចានិងសន្ទនាគ្នា ហើយពង្រឹងការគាំទ្រសម្រាប់ប្រជាជនអ៊ុយក្រែន ខណៈដែលការភ័យខ្លាចកើនឡើងជុំវិញការព្រួយបារម្ភអំពីការឈ្លានពានរបស់យោធារុស្ស៊ីក្រោយពេលដែលនៅព្រំដែនរុស្ស៊ីកំពុងតែបង្កើនកម្លាំងយោធានិងសព្វាវុធ។
រហូតមកដល់ពេលនេះ ទោះបីជាមានការទាមទារជាថ្មីឡើងវិញយ៉ាងទូលំទូលាយឱ្យរុស្ស៊ីដកថយក៏ដោយ ក៏វិមានក្រឹមឡាំងត្រូវបានគេរាយការណ៍ថាកំពុងបន្តបង្កើនចំនួនទាហានយ៉ាងច្រើននៅតាមព្រំដែន ជាមួយអ៊ុយក្រែន។ រុស្ស៊ីបានបដិសេធនូវចេតនា «ឈ្លានពាន» ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងដោយអ្នកការទូតអន្តរជាតិកំពុងបង្ហាញឱ្យឃើញនូវភាពឥតប្រយោជន៍។
វ៉ាទីកង់ញូវបានរាយការណ៍ថា ការចេញនូវសេចក្តីអំពាវនាវរបស់ក្រុមលោកអភិបាលនៃព្រះសហគមន៍នៅអឺរ៉ុបនៅពេលនេះជាការបង្ហាញពីភាពស្និទ្ធស្នាលរបស់ខ្លួនខាងវិញ្ញាណចំពោះគ្រីស្តបរិស័ទនិងប្រជាជននៅអ៊ុយក្រែន និងប្រជាជនទាំងអស់ ហើយអំពាវនាវរកដំណោះស្រាយដោយផ្អែកលើការសន្ទនា មិនមែននៅលើអាវុធ៕