សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប យក ៥,៩-១២
បងប្អូនជាទីស្រឡាញ់!
មិនត្រូវរអ៊ូរទាំនឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឱ្យមានទោស ដ្បិតព្រះជាម្ចាស់ដែលជាចៅក្រម ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ។ បងប្អូនអើយ! ចូរយកតម្រាប់តាមពួកព្យាការីដែលបានរងទុក្ខលំបាក និងមានចិត្តអត់ធ្មត់ ហើយថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអម្ចាស់។ យើងតែងតែសរសើរអស់អ្នកដែលចេះស៊ូទ្រាំថា ជាអ្នកមានសុភមង្គល។ បងប្អូនធ្លាប់ឮគេនិយាយស្រាប់ហើយថា លោកយ៉ូប ចេះស៊ូទ្រាំយ៉ាណាៗនោះហើយ បងប្អូនក៏ឃើញដែរថា នៅទីបំផុតព្រះអម្ចាស់ឱ្យគាត់បានទៅជាយ៉ាងណា ដ្បិតព្រះអម្ចាស់មានព្រះហប្ញទ័យអាណិតអាសូរ និងមេត្តាករុណាយ៉ាងក្រៃលែង។
បងប្អូនអើយ! ជាពិសេសកុំស្បថឱ្យសោះ គឺកុំយកមេឃ យកផែនដី ឬយកអ្វីផ្សេងទៀតមកធ្វើជាប្រធានសម្បថឡើយ។ បើថា“មែន”ឱ្យប្រាកដជាមែន “ទេ” ឱ្យប្រាកដជាទេ ដើម្បីកុំឱ្យមានទោស។
ទំនុកតម្កើងលេខ ១០៣ (១០២),១-៤.៨-៩.១១-១២ បទកាកគតិ
១ | ខ្ញុំសូមសរសើរ | ព្រះគ្មានអ្វីស្មើ | អស់ពីដួងចិត្ត | ខ្ញុំសូមតម្តើង |
នាមដ៏វិសុទ្ធ | ព្រះដ៏មានប្ញទ្ធិ | ផុតលើលោកា | ។ | |
២ | ខ្ញុំសូមតម្កើង | សរសើរលើកឡើង | អស់ពីចិន្តា | ខ្ញុំសូមរំលឹក |
ព្រះហស្តអស្ចារ្យ | សប្បុរសករុណា | មិនបំភ្លេចឡើយ | ។ | |
៣ | ព្រះអង្គអត់ទោស | នូវរាល់កំហុស | ដែលមានមកហើយ | ខ្ញុំបានប្រព្រឹត្ត |
ព្រះអង្គប្រោសឱ្យ | ខ្ញុំបានធូរស្បើយ | ផុតរោគសោកសៅ | ។ | |
៤ | ព្រះអង្គរំដោះ | ជីវិតឱ្យរស់ | ផុតពីរណ្តៅ | ព្រះអង្គអាណិត |
អាសូរពេកកូវ | ខ្ញុំផុតសោកសៅ | ដោយទ្រង់មេត្តា | ។ | |
៨ | ព្រះអម្ចាស់ថ្លៃ | មានព្រះហប្ញទ័យ | អាណិតករុណា | ប្រណីសន្តោស |
គ្រប់ពេលវេលា | ដល់មនុស្សគ្រប់គ្នា | មិនឱ្យមានភ័យ | ។ | |
៩ | ទ្រង់មិនបន្ទោស | ប្រើពាក្យបោកបោះ | ដាក់យើងរាល់ថ្ងៃ | ទ្រង់មិនពិរោធ |
មិនខេខឹងអ្វី | ហើយតែងប្រណី | ដល់យើងគ្រប់គ្នា | ។ | |
១១ | មេឃនៅខ្ពស់ឆ្ងាយ | សន្លឹមអន្លាយ | ពីភពផែនដី | ព្រះទ័យព្រះម្ចាស់ |
ដែលធ្លាប់ប្រណី | ក៏នៅខ្ពស់ឆ្ងាយ | យ៉ាងដូច្នោះដែរ | ។ | |
១២ | ទិសកើតទិសលិច | ឆ្ងាយគ្នាមិនតិត | ឥតមានកែប្រែ | ព្រះអង្គធ្វើឱ្យ |
អំពើបាបបែរ | ឆ្ងាយមិនជិតទេ | ពីយើងយ៉ាងនោះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៤,១៦
អលេលូយ៉ា! អាលេលូយ៉ា!
ប្រសិនបើយើងស្ថិតនៅក្នុងសេចក្តីស្រឡាញ់ យើងស្ថិតនៅជាប់នឹងព្រះជាម្ចាស់។ ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១០,១-១២
ព្រះយេស៊ូយាងមកដល់ស្រុកយូដា និងដល់ត្រើយខាងនាយទន្លេយ័រដាន់។ មហាជននាំគ្នាទៅរកព្រះអង្គសាជាថ្មី ព្រះអង្គក៏ចាប់ផ្តើមបងៀនគេតាមទម្លាប់របស់ព្រះអង្គ។ មានពួគខាងគណៈផារីស៊ីចូលមកជិត ក្នុងគោលបំណងល្បងលព្រះអង្គ។ គេទូលសួរព្រះអង្គថា៖ «តើស្វាមីមានសិទ្ធិលែងភរិយាបានឬទេ?»។ ព្រះអង្គមានព្រះបន្ទូលថា៖ «តើលោកម៉ូសេបង្គាប់អ្នករាល់គ្នាឱ្យធ្វើអ្វី?»។ គេទូលតបថា៖«លោកម៉ូសេអនុញ្ញាតឱ្យស្វាមីធ្វើលិខិតលែងលះប្រពន្ធបាន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេចែងវិន័យនេះឱ្យអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាមានចិត្តរឹងរូស។ ប៉ុន្តែ កាលដើមដំបូង នៅពេលដែលព្រះជាម្ចាស់បានបង្កើតពិភពលោកព្រះអង្គបង្កើតមនុស្សមក ជាបុរស ជាស្ត្រី។ ហេតុនេះហើយ បានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅរួមរស់នៅជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ។ គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ ពេលទៅដល់ផ្ទះ ក្រុមសាវ័កទូលសួរព្រះយេស៊ូអំពីរឿងនេះម្តងទៀត។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើស្វាមីណាលែងភរិយា ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត ស្វាមីនោះបានផិតក្បត់ភរិយារបស់ខ្លួន។ រីឯភរិយាណាដែលលែងស្វាមី ហើយទៅរៀបការនឹងបុរសម្នាក់ទៀត ស្រ្តីនោះក៏បានប្រព្រឹត្តអំពើផិតក្បត់ដែរ»។