អត្ថបទព្រះគម្ពីរថ្ងៃអង្គារ ទី២២ ខែកុម្ភៈឆ្នាំ២០២២

សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប យក ៤១,១-១០

បងប្អូនជាទីស្រាឡាញ់!
តើការទាស់ទែងឈ្លោះប្រកែកគ្នាក្នុងចំណោមបងប្អូន កើត​មកពីអ្វី? តើមិនមែនមកពីចិត្តស្រើបស្រាលដែលប្រទាញប្រទង់គ្នា នៅក្នងសរីរាង្គ​របស់បងប្អូនទេឬ?។ បងប្អូនមានចិត្តលោភលន់ តែមិនបានដូចការប៉ងប្រាថ្នាទេ បង​ប្អូនក៏សម្លាប់នឹងឈ្នានីសគេ ហើយនៅតែគ្មានបានផលអ្វី បងប្អូនឈ្លោះប្រកែកនិងទាស់ទែងគ្នា ក៏នៅតែពុំបានទទួលអ្វីដែរ ព្រោះបងប្អូនមិនទូលសូមពីព្រះជាម្ចាស់។ បងប្អូន​ទូលសូមដែរ តែឥតបានទទួល ព្រោះបងប្អូនទូលសូមដោយបំណងអាក្រក់ គឺបងប្អូនចង់បានសម្រាប់តែបំពេញចិត្តស្រើបស្រាលរបស់ខ្លួនប៉ុណ្ណោះ។

មនុស្សក្បត់ចិត្តអើយ! បងប្អូនមិនជ្រាបទេឬថា ការស្រឡាញ់លោកកីយ៍ ធ្វើឱ្យខ្លួនទៅជាសត្រូវនឹងព្រះជាម្ចាស់?។ អ្នកណាចង់ធ្វើជាមិត្តសំឡាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់!។ តើបងប្អូនស្មានថា សេចក្តីដែលមានចែងទុក​ក្នុងគម្ពីរ ឥតបានការអ្វីទេឬ គឺថាព្រះជាម្ចាស់មានព្រះហប្ញទ័យស្រឡាញ់វិញ្ញាណដែលព្រះអង្គប្រទានឱ្យមកគង់ក្នុងបងប្អូន រហូតដល់ប្រច័ណ្ឌ។ ក៏ប៉ុន្តែ ព្រះអង្គមានព្រះហប្ញទ័យប្រណីសន្តោសខ្លាំងជាងនេះទៅទៀតដ្បិតមានចែងទុកក្នុងគម្ពីរថា “ព្រះជាម្ចាស់ប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ប្រណីសន្តោសអស់អ្នកដែលដាក់ខ្លួន។

ដូច្នេះ សូមបងប្អូនគោរពចុះចូលព្រះជាម្ចាស់ ហើយប្រឆាំងនឹងមារ នោះវាមុខជារត់ចេញឆ្ងាយពីបងប្អូនមិនខាន។ សូមចូលទៅជិតព្រះជាម្ចាស់ នោះព្រះអង្គនឹងយាង​មកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ! ចូរជម្រះខ្លួនឱ្យបានបរិសុទ្ធទៅ! មនុស្ស​ចិត្ដពីរអើយ! ចូរជម្រះចិត្ដគំនិតឱ្យបានស្អាតឡើង!។ ចូរទទួលស្គាល់ថា ខ្លួនធ្លាក់ដល់កម្រិត ណាហើយ ចូរកាន់ទុក្ខ និងសោកសង្រេង ព្រមទាំងធ្វើឱ្យសំណើចក្អាកក្អាយរបស់អ្នករាល់គ្នា ប្រែទៅជាទុក្ខសោក ហើយឱ្យអំណរសប្បាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខព្រួយវិញ។ ចូរបន្ទាបខ្លួននៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ នោះព្រះអង្គនឹងលើកតម្កើងអ្នករាល់គ្នាជាមិនខាន់។

ទំនុកតម្កើងលេខ ៥៥ (៥៤),៧-១១.២៣ បទពាក្យ ៧

ទូលបង្គំតែងនឹកគិតថាបើខ្ញុំនេះណាប្រែមានស្លាប
ខ្ញុំនឹងហោះហើររៀងដរាបរកទីសម្រាប់ជ្រកលាក់ខ្លួន
ខ្ញុំនឹងហោះហើរទៅឱ្យឆ្ងាយទៅឯទីនាយសំងំពួន
ដេកទាំងយប់ថ្ងៃឱ្យបាត់សូន្យក្នុងរហោស្ថានស្មសានស្ងាត់
ខ្ញុំនឹងភៀសខ្លួនទៅឱ្យឆ្ងាយមិននៅរៀងអាយទៅឱ្យបាត់
បើទៅយ៉ាងឆាប់ល្អពេកក្តាត់ជៀសឱ្យរួចផុតព្យុះសង្ឃរា
១០ឱព្រះអម្ចាស់ថ្លៃខ្ញុំអើយសូមជួយកុំឱ្យពួកបច្ចា
និយាយស្តាប់បានគ្រប់អាត្មាព្រោះតែពួកវាចិត្តអប្រីយ៍
១១ទាំងយប់ទាំងថ្ងៃមានសុទ្ធតែទាស់ទែងឥតល្ហែមិនដឹងអី
អពពើពាលាកាប់ប្រល័យសាហាវពេកក្រៃទាំងក្រៅក្នុង
២៣ចូរផ្ញើជីវិតលើព្រះម្ចាស់នោះមិនប្រទះក្តីតក់ស្លុត
ព្រះអង្គគាំទ្រអ្នកឱ្យផុតពីភ័យរន្ធត់មានសេរី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម កាឡា ៦,១៤

អលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំអួតអាងតែលើឈើឆ្កាងរបស់ព្រះអម្ចាស់! ដោយសារឈើឆ្កាងនេះ អ្វីៗក្នុងពិភពលោក
លែងមានទាក់ទាមនឹងខ្ញុំ​ទៀតហើយ ហើយខ្ញុំក៏លែងមានទាក់ទាមអ្វីនឹងពិភពលោកទៀតដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៩,៣០-៣៧

ព្រះយេស៊ូ និងក្រុមសាវ័កយាងកាត់តាមស្រុកកាលីឡេ។ ព្រះអង្គមិនសព្វព្រះ​ហប្ញទ័យឱ្យនរណាដឹងឡើយ។ ព្រះអង្គបង្រៀនក្រុមសាវ័កដោយមានព្រះបន្ទូលថាបុត្រមនុស្ស ត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃមនុស្សលោក គេនឹងធ្វើគុតព្រះអង្គ ប៉ុន្តែ​ បីថ្ងៃក្រោយពីគេសម្លាប់ ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។ ក្រុមសាវ័កពុំបានយល់ព្រះបន្ទូលនេះឡើយ តែគេមិនហ៊ានទូលសួរព្រះអង្គទេ។

ព្រះយេស៊ូ និងក្រុមសាវ័កធ្វើដំណើរមកដល់ក្រុងកាផានុម។ កាលព្រះអង្គគង់នៅ​ក្នុងផ្ទះ ព្រះអង្គមានព្រះបន្ទូលសួរក្រុមសាវ័កថា៖ «ពេលដើរតាមផ្លូវ តើអ្នករាល់គ្នា​និយាយអំពីរឿងអ្វី?»។ ក្រុមសាវ័កនៅស្ងៀម ដ្បិតកាលធ្វើដំណើរតាមផ្លូវ គេ​ប្រកែកគ្នា ចង់ដឹងថា ក្នុងចំណោមពួកគេ អ្នកណាធំជាងគេ។ ព្រះយេស៊ូគង់ចុះ ទ្រង់​ត្រាស់​ហៅសាវ័កទាំងដប់ពីរនាក់មក ហើយមានព្រះបន្ទូលថា៖«អ្នកណាចង់ធ្វើមេគេ​អ្នកនោះ ត្រូវដាក់ខ្លួនជាកូនគេ ព្រមទាំងបម្រើគេទាំងអស់គ្នាផង»។ បន្ទាប់មក​ព្រះអង្គយក ក្មេងម្នាក់ឱ្យមកឈរនៅកណ្តាលក្រុមសាវ័ក។ ព្រះអង្គឱបក្មេងនោះ​រួចមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«អ្នកណាទទួលក្មេងណាម្នាក់ ដូចក្មេងនេះក្នុង​នាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ មិនត្រឹមតែទទួលខ្ញុំប៉ុណ្ណោះទេគឹ​ទទួលព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកនោះដែរ»​។

Facebook
Twitter
LinkedIn