គ្រីស្តបរិស័ទរៃថវិកាសង់ផ្ទះ១ខ្នងជូនស្ត្រីចំណាស់បន្ទាប់ពីភ្លើងឆេះ

លោក ផាន បូរ៉ាជាគ្រីស្តបរិស័ទ សហការជាមួយមិត្តភក្តិរបស់លោក បានប្រមូលថវិកាផ្ទាល់ខ្លួនដើម្បីជួយសាងសង់ផ្ទះមួយខ្នងជូនស្ត្រីរស់នៅម្នាក់ឯងម្នាក់ឈ្មោះញឹក ស្រីវុន់ អាយុ៦៧ឆ្នាំ បន្ទាប់ពីត្រូវបានភ្លើងឆេះកាលពីថ្ងៃទី១៥ ធ្នូ ២០២១កន្លងទៅ ដែលស្ថិតនៅភូមិ កោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។


បើតាមឲ្យដឹងពីលោក ផាន បូរ៉ាបានឲ្យដឹងថា ដូនចាស់រូបនេះ គ្មានលទ្ធភាពសាងសង់ផ្ទះដោយខ្លួនឯងទេ ព្រោះសព្វថ្ងៃនេះ គាត់គ្មានការងារធ្វើ ហើយត្រូវពឹងលើអ្នកដទៃជួយជារឿយៗ។ លោកបន្តថា កន្លងមកដូនចាស់ជរារូបនេះក៏ត្រូវបានក្រុមវំាងសង់ដឺប៉ូល និង ព្រះសហគមន៍កោះរកា ជួយជាស្បៀងអាហារនិងខោវអាវជាញឹកញាប់ដល់រូបគាត់ផងដែរ។


ផ្ទះកំពុងសាងសង់ថ្មី មានទំហំ៣x៣.៥០ម៉ែត្រ សាងសង់ដោយដែកប្រក់ស័ង្កសី និងចំណាយទឹកប្រាក់អស់១.១៧០ដុល្លារ។ លោកបូរ៉ាបានបញ្ជាក់ ប្រាក់ទាំងអស់នេះ បានមកពីការរៃអង្គាសពីកិច្ចការមនុស្សធម៌ ដូចជា ការជិះកង់ និងការប្រមែរប្រមូលដោយផ្ទាល់ខ្លួនជាមួយមិត្តភក្តិរបស់គាត់។
លោកបូរ៉ាបានឲ្យដឹងទៀតថា បន្ទាប់ពីត្រូវបានភ្លើងឆេះដូនចាស់រូបនេះបានទទួលជំនួយពីខាងរដ្ឋាភិបាល និង ចៅហ្វាយខេត្តកំពង់ចាម ដើម្បីចាត់ចែងចំណាយប្រចាំថ្ងៃរបស់គាត់។


លោកបូរ៉ាបានបន្ថែមថា កិច្ចការងារសម្រាប់អ្នកក្រីក្រ គឺជាតួនាទីរបស់គ្រីស្តបរិស័ទ «ជួបឬជួយអ្នកក្រីក្រម្តងស្នើនឹងជួបព្រះគ្រីស្តម្តង ព្រោះថាអ្នកក្រីក្រជារូបតំណាងឲ្យព្រះគ្រីស្ត ព្រោះថាពេលយើងទៅជួបអ្នកក្រីក្រយើងឃើញអ្វីពិសេសនៅក្នុងគាត់និងយើងមើលឃើញព្រះភ័ក្រព្រះយេស៊ូនៅក្នុងអ្នកក្រីក្រ»។


លោកបញ្ជាក់ថា កិច្ចការនេះជាបេសកកម្មរបស់គ្រីស្តបរិស័ទដែលជាអ្នកដឹកនាំត្រូវជួយអ្នកក្រីក្រ និងផ្នែកមួយទៀត គឺគ្រីស្តបរិស័ទមានមុខងារជាព្យាការី គឺប្រកាសដំណឹងល្អទៅដល់សហគមន៍ផ្សេងៗ។


គ្រីស្តបរិស័ទរូបនេះបានបញ្ជាក់ថា កន្លងទៅក្នុងឆ្នាំ២០២១ លោកបានផ្តល់ជាអណ្តូងទឹកស្អាតចំនួន០១គ្រួសារ តអគ្គិសនីជូនគ្រួសារក្រីក្រចំនួនមួយ ជួយធ្វើចង្កា្រនបាយឲ្យចាស់ជរាចំនួនមួយ និងជួយសាងសង់ផ្ទះចំនួន២ខ្នង ដែលខ្នងទីមួយមានទំហំ៣x៣.៣០ម៉ែត្រស្ថិតនៅ ភូមិអូឈ្លើង ឃុំកោះរការ ស្រុកកំពង់សៀម និងខ្នងទី២ទំហំ៣x៣ម៉ែត្រក្រាលការ៉ូ ស្ថិតនៅភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម៕

Facebook
Twitter
LinkedIn