ឬសន្តសិលាកានីស្ស ជាបូជាចារ្យ
និងជាគ្រូបាធ្យាយ
លោកសិលាកានីស្ស កើតនៅក្រុងនិមែក (ប្រទេសឡូឡង់ដ៏សព្វថ្ងៃ) នាឆ្នាំ ១៥២១ ហើយទទួលអគ្គសញ្ញាជាបូជាចារ្យក្នុងក្រុមគ្រួសារ “សហជិវិនរបស់ព្រះយេស៊ូ”។ លោកខិតខំបង្កើតសាលារៀនជាច្រើនសម្រាប់អប់រំយុវជន។ លោកនិពន្ធសៀវភៅជាច្រើនដែរ ដើម្បីថែរក្សាការពារជំនឿដ៏ពិតប្រាកដនៃព្រះសហគមន៍កាតូលិក។ លោកទទួលមរណភាពនៅឆ្នាំ ១៥៩៧។
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរបទចំរៀងរបស់ព្រះបាទសាឡូម៉ូន បច ២,៨-១៤
នាងខ្ញុំឮសំនៀងម្ចាស់ជីវិតខ្ញុំ។ គាត់កំពុងតែមកទាំងលោតផ្លោះនៅលើភ្នំតូចធំ។ ម្ចាស់ជីវិតរបស់ខ្ញុំរត់លឿនដូចក្តាន់ ឬដូចប្រើសស្ទាវ មើល៍គាត់ឈរនៅខាងក្រៅផ្ទះ គាត់ អើតតាមបង្អួច ហើយពិនិត្យមើលតាមចម្រឹង។ ម្ចាស់ជីវិតខ្ញុំបំន្លឺសំឡេងមកខ្ញុំថា៖«អូនសម្លាញ់មាសបងអើយ! ចូរក្រោកឡើង! ស្រីស្រស់ស្អាតអើយ! ចូរចេញមក! ដ្បិតរដូវរងារកន្លងផុតទៅហើយ! រីឯភ្លៀងក៏ឈប់បង្អុរមកទៀតដែរ។ បុប្ផារីកស្គុះស្គាយពាសពេញស្រុក ដល់ពេលដែលបក្សាបក្សីយំខ្ញៀវខ្ញារ លលកបូលលាន់ឮពេញក្នុងស្រុកយើង។ ដើមស្វាយចាប់ផ្តើមផ្លែ ដើមទំពាំងបាយជូរមានផ្កាសាយក្លិនក្រអូប។ អូនសម្លាញ់មាសបងអើយ! ចូរក្រោកឡើង! ស្រីស្រស់ស្អាតអើយ! ចូរចេញមក! ព្រលឹងមាសបងប្រៀបដូចជាព្រាបលាក់ខ្លួននៅតាមក្រហែងថ្ម។ សូមបង្ហាញមុខអូនឱ្យបងឃើញផង! សូមបន្លឺសំឡេងឱ្យបងឮផង ដ្បិតសំឡេងអូនពីរោះ ហើយមុខរបស់អូនស្អាតណាស់»។
ទំនុកតម្កើងលេខ ៣៣ ,២-៣.១១-១២.២០-២១ បទព្រហ្មគីតិ
២. | ដេញពិណលើកតម្កើង | ព្រះនៃយើងគ្មានអ្វីស្មើ |
លេងចាប៉ីបណ្តើរ | ដេញបង្ហើរខ្សែដប់ថ្វាយ ។ | |
៣. | ចូរច្រៀងទំនុកថ្មី | ទាំងតន្រ្តីកុំជិនណាយ |
សូរសៀងពិរោះក្រៃ | ពេលសប្បាយអបអរទ្រង់ ។ | |
១១. | ឯផែនការព្រះអង្គ | ស្ថិតនៅគង់មិនអន្តរាយ |
គម្រោងការទាំងឡាយ | មិនរលាយនៅស្ថិតស្ថេរ ។ | |
១២. | ប្រជាដែលគោរព | បម្រើគ្រប់គ្មានទំនេរ |
ទុកជាព្រះឥតប្រែ | នោះជួបតែសុខគ្រប់គ្រា ។ | |
ជនដែលព្រះអង្គជ្រើស | ឥតមានឃ្នើសជាទ្រព្យា | |
ជារាស្ត្រផ្ទាល់អង្គា | នោះមុខជារួចផុតទុក្ខ ។ | |
២០. | យើងសូមផ្ញើជីវិត | លើព្រះពិតឥតខកខាន |
ជាខែលដ៏ចំណាន | សង្គ្រោះប្រាណផុតភិតភ័យ ។ | |
២១. | យើងខ្ញុំសែនរីករាយ | ចិត្តសប្បាយអរពេកក្រៃ |
សូមផ្ញើជីវិតថ្លៃ | លើព្រះទ័យល្អបំផុត ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អលេលូយ៉ា! អាលេលូយ៉ា!
ឱ អេម៉ានូអែលអើយ! សូមយាងមក! ព្រះអង្គបានប្រទានធម្មវិន័យឱ្យយើងខ្ញុំ!
ព្រះអង្គជាព្រះមហាក្សត្ររបស់យើងខ្ញុំ! ព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំ! សូមយាងមកសង្គ្រោះយើងខ្ញុំផង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១,៣៩-៤៥
នៅគ្រានោះ នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយនៅតំបន់ភ្នំ ក្នុងស្រុកយូដា។ នាងចូលទៅក្នុងផ្ទះលោកសាការី ហើយជម្រាបសួរនាងអេលីសាបិត។ ពេលនាងអេលីសាបិតឮនាងម៉ារីជម្រាបសួរ ទារកនៅក្នុងផ្ទៃនាងបំរះឡើង ហើយគាត់ក៏ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ រួចបន្លឺសំឡេងឡើងថា៖«ព្រះជាម្ចាស់បានប្រទានពរដល់នាងលើសស្ត្រីនានា ព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរ។ តើរូបខ្ញុំនេះមានឋានៈអ្វីបានជាមាតានៃព្រះអម្ចាស់របស់ខ្ញុំមកសួរសុខទុក្ខខ្ញុំដូច្នេះ?។ កាលខ្ញុំឮពាក្យជម្រាបសួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃបំរះឡើងដោយអំណរសប្បាយ។ នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿថា ព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់នាង។ មុខជានឹងសម្រេចមិនខាន»។