លោកដាមីញ៉ាំង ហ្វានឺ “សន្ត សន្តី ជា Idol សម្រាប់គ្រីស្តបរិស័ទ”

«គ្រីស្តបរិស័ទនីមួយៗត្រូវមាន Idol របស់ខ្លួន ដោយសារជីវិតរបស់សន្តបុគ្គលជួយណែនាំយើងឱ្យស្គាល់ និងឱ្យចួបជាមួយនឹងព្រះយេស៊ូដោយផ្ទាល់» នេះជា​សម្តី​របស់​លោក​បូជាចារ្យ​ដាមីញ៉ាំង​ ហ្វារនឺ អ្នកទទួលខុសត្រូវព្រះសហគមន៍មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ត្បូង មាន​ប្រសាសន៍​ក្នុង​ថ្ងៃបុណ្យ​រំលឹក​ដល់សន្តបុគ្គលទាំងឡាយ នាថ្ងៃទី៣១ តុលា ២០២១ ​នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកបូជាចារ្យដាមីញ៉ាំង​ មានប្រសាសន៍ថា នៅក្នុងជីវិតរបស់យើងសព្វថ្ងៃមានមនុស្សមួយចំនួនដែលយើងហៅថា Idol ដែលមានឥទ្ធិពលនៅក្នុងជីវិតរបស់យើង ទាក់ទង​ទៅនឹងសោភណ្ឌ មិនថាមនុស្ស ឬសំណង់អគារនោះទេ។ លោក​បន្ថែម​ថា «ខ្ញុំគិតថាជីវិតរបស់យើងត្រូវតែមានសោភណ្ឌភាព ហើយនេះជាអ្វីដែលព្រះសហគមន៍គោរពគុណធម៌របស់សន្តបុគ្គល ដោយសារសន្តបុគ្គលជាតារាល្បី ជាIdol របស់គ្រីស្តបរិស័ទយើង»។

លោកបូជាចារ្យដាមីញ៉ាំង បានបញ្ជាក់ទៅកាន់គ្រីស្តបរិស័ទទាំងអស់ ឱ្យចេះសម្លឹងមើលសោភណ្ឌភាពដែលជារបៀបរស់នៅនៃសន្តបុគ្គលដែលជាគំរូរបស់យើង ជាពិសេសគឺសម្លឹងមើលព្រះយេស៊ូដែលជាមហាសន្តបុគ្គលទាំងឡាយ។

តាមប្រពៃណីព្រះសហគមន៍កាតូលិក ជនដែលត្រូវបានប្រកាសតែងតាំងជាសន្តបុគ្គលត្រូវមានលក្ខណៈពិសេសដោយឆ្លងកាត់៣ដំណាក់កាលគឺ៖ ១) ត្រូវស្រាវជ្រាវអំពីជីវិតរបស់គាត់ ដែលបានរស់នៅស្របតាមព្រះបន្ទូលដំណឹងល្អ ក៏ដូចជាអំពីកេរ្ដ៍ឈ្មោះរបស់គាត់ ហើយត្រូវបានលោកអភិបាលតាមភូមិភាគ ប្រកាសថាជាអ្នកបម្រើ​របស់ព្រះជាម្ចាស់។ ២) ព្រះសហគមន៍ត្រូវប្រកាស​អំពីការអស្ចារ្យមួយ​ដែល​បាន​កើត​ឡើង ដោយ​វិទ្យាសាស្ត្រមិន​ចេះ​ពន្យល់ ហើយព្រះសហគមន៍​ប្រកាសថាអ្នកមានសុភមង្គល។ ៣) ត្រូវបាន​សម្ដេចប៉ាប​ប្រកាសជាសាធារណៈក្នុង​នាមព្រះសហគមន៍​ទាំងមូល​បប្រកាសថាព្រះជាម្ចាសសព្វព្រះហឫទ័យនឹងបញ្ចូលឈ្មោះគាត់ក្នុងបញ្ជីធម៌អង្វរសន្តបុគ្គល។

លោកបូជាចារ្យដាមីញ៉ាំង ក៏បានប្រកាសស្នើដល់គ្រីស្តបរិស័ទទាំងអស់ បន្តការអធិដ្ឋានដល់ដំណើរការ​មរណសាក្សីនៅប្រទេសកម្ពុជាផងដែរ៕

ដោយ៖ ដាលីស

Facebook
Twitter
LinkedIn