កាលពីថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ២០២១ វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានផ្ញើរនូវសារលិខិតមួយច្បាប់ជូនអគ្គនាយកនៃអង្គការកសិកម្មនិងស្បៀងអាហារនៃអង្គការសហប្រជាជាតិ ដោយនៅក្នុងសារនោះ ទ្រង់បានជំរុញឲ្យសហគមន៍អន្តរជាតិលុបបំបាត់ពលកម្មកុមារ ។
សម្តេចប៉ាប បានអំពាវនាវឱ្យអាជ្ញាធរជាតិ និងអន្តរជាតិទាំងអស់ជួយការពារកុមារងាយរងគ្រោះ ដែលភាគច្រើនជាទាសករក្នុងពលកម្មកុមារ ដែលពួកគេត្រូវបានដកហូតសិទ្ធិរបស់ខ្លួនពីការចូលរួមអភិវឌ្ឍប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុខដុមរមនារបស់មនុស្សជាតិ ។
សារនោះត្រូវបានចុះហត្ថលេខាដោយលោក កាឌីណាល់ ព្យែត្រូ ផារ៉ូលីន (Pietro Parolin) នាយករដ្ឋមន្រ្តីនៃបុរីវ៉ាទីកង់ នៅក្នុងនាមសម្តេចប៉ាប ហើយត្រូវបានផ្ញើដើម្បីចូលរួម នៅក្នុងវេទិការកដំណោះស្រាយសាកលដើម្បីលុបបំបាត់ពលកម្មកុមារនៅក្នុងវិស័យកសិកម្ម ដែលរៀបចំឡើងដោយ អង្គការកសិកម្មនិងស្បៀងអាហារ ដែលមានមូលដ្ឋាននៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
នៅក្នុងសារចូលរួមកម្មវិធីដែលរៀបចំឡើងពីថ្ងៃទី ០២ ដល់ ថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០២១ សម្តេចប៉ាប បានសម្ដែងនូវការភ្ញាក់ផ្អើលចំពោះការប៉ាន់ប្រមាណ អំពីការកើនឡើងនៃពលកម្មកុមារ ។
សម្តេចប៉ាបបានពណ៌នាអំពីបាតុភូតសង្គមនេះថាជា «ការវាយដំ ដែលបំផ្លាញយ៉ាងឃោរឃៅដល់អត្ថិភាពដ៏ថ្លៃថ្នូរ និងការអភិវឌ្ឍប្រកបដោយសុខដុមរមនារបស់កុមារនៅលើពិភពលោក»។
សម្តេចប៉ាបបានមានបន្ទូលកត់សម្គាល់ថា នៅក្នុងបរិបទនៃការរីករាលដាលដោយសារតែកូវីដ១៩ មានកុមារជាច្រើនដែលមិនបានទៅរៀន ប៉ុន្តែនោះមិនមែនមានន័យថា ពេលដែលពួកគេមិនទៅរៀន ឱកាសនោះត្រូវប្តូរទៅជាបញ្ហាប្រឈមសម្រាប់ពួកគេ នាពេលខាងមុខក្នុងពេលពេញវ័យនោះទេ៕