អត្ថបទទី ១
អត្ថបទអេភេសូ ៤ៈ ១-៧, ១១-១៣
ការរួបរួមរបស់គ្រីស្ដបរិស័ទ
ហេតុនេះ ខ្ញុំដែលជាប់ឃុំឃាំង សូមដាស់តឿនបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់ថា ដោយព្រះជាម្ចាស់បានត្រាស់ហៅបងប្អូន ចូររស់នៅ អោយបានសមរម្យនឹងការត្រាស់ហៅនោះទៅ។ ចូរបន្ទាបខ្លួន មានចិត្តស្លូតបូត និងចេះអត់ធ្មត់ ព្រមទាំងទ្រាំទ្រគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។ ចូរយកចិត្តទុកដាក់រក្សាឯកភាពដែលមកពីព្រះវិញ្ញាណ ដោយយកសេចក្ដីសុខសាន្តធ្វើជាចំណងប្រាស្រ័យទាក់ទងគ្នា។
ព្រះកាយមានតែមួយ ហើយព្រះវិញ្ញាណក៏មានតែមួយ ដូចព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនអោយមានសេចក្ដីសង្ឃឹមតែមួយនោះដែរ។ ព្រះអម្ចាស់មានតែមួយ ជំនឿមានតែមួយ ពិធីជ្រមុជទឹក*មានតែមួយ។ ព្រះជាម្ចាស់មានតែមួយ ព្រះអង្គជាព្រះបិតារបស់មនុស្សទាំងអស់ ព្រះអង្គខ្ពង់ខ្ពស់លើសអ្វីៗទាំងអស់ ហើយព្រះអង្គធ្វើការតាមរយៈមនុស្សទាំងអស់ និងសណ្ឋិតនៅក្នុងមនុស្សទាំងអស់។ ព្រះអង្គបានប្រណីសន្ដោសយើងម្នាក់ៗ តាមកំរិតព្រះអំណោយទាន ដែលព្រះគ្រីស្ដប្រទានមកយើង។
គឺព្រះអង្គហើយ ដែលបានប្រទានអោយអ្នកខ្លះមានមុខងារជាគ្រីស្ដទូត អោយអ្នកខ្លះថ្លែងព្រះបន្ទូល អ្នកខ្លះផ្សាយដំណឹងល្អអ្នកខ្លះជាអ្នកគង្វាល និងអ្នកខ្លះទៀតជាអ្នកបង្រៀន ដើម្បីរៀបចំប្រជាជនដ៏វិសុទ្ធអោយបំពេញមុខងារបំរើ និងកសាងព្រះកាយរបស់ព្រះគ្រីស្ដឡើង រហូតដល់យើងទាំងអស់ រួមគ្នា មានជំនឿតែមួយ មានគំនិតតែមួយ ក្នុងការស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់ និងទៅជាមនុស្សពេញវ័យ ឡើងដល់កំពស់របស់ព្រះគ្រីស្ដដែលបំពេញអ្វីៗទាំងអស់។
ទំនុកទំនុកតម្កើងលេខ ១៩ៈ ២-៣, ៤-៥
២. ផ្ទៃមេឃថ្លាថ្លែង រុងរឿងស្ញប់ស្ញែង របស់ព្រះម្ចាស់ អាកាសវេហាស៍
ក៏បានប្រកាស ពីស្នាព្រះហស្ត របស់ព្រះអង្គ ។
៣. ថ្ងៃមួយពោលប្រាប់ ថ្ងៃមួយទៀតស្តាប់ មិននៅរេរង់ យប់មួយទៀតប្រាប់
យប់ផ្សេងអោយដឹង អំពីដំណឹង ល្បីល្បាញអស្ចារ្យ ។
៤. មិនប្រើសំដី មិនចារសេចក្តី ឬប្រើភាសា ហើយក៏មិនចេញ
សូរស័ព្ទវាចា បន្តិចឡើយណា អោយគេដឹងឮ ។
៥. ដំណឹងទាំងនោះ ឮឆ្ងាយសាយសុះ ពេញពាសរន្ទឺ លើភពផែនដី
ទីងងឹតភ្លឺ លាន់ល្បីរន្ទឺ គ្មានសល់ចន្លោះ ។
ព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ ៩ៈ ៩-១៣
ព្រះយេស៊ូត្រាស់ហៅលោកម៉ាថាយ
កាលព្រះយេស៊ូយាងពីទី នោះទៅមុខបន្តិច ព្រះអង្គទតឃើញបុរសម្នាក់ឈ្មោះម៉ាថាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ដើរតាមព្រះអង្គទៅ។ បន្ទាប់មក ព្រះអង្គសោយព្រះស្ងោយនៅផ្ទះលោកម៉ាថាយ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើនមកអង្គុយរួមតុជាមួយព្រះយេស៊ូ និងពួកសាវ័កដែរ។ ពួកខាងគណៈផារីស៊ី ឃើញដូច្នេះ គេនិយាយទៅកាន់សិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាប?»។ ព្រះយេស៊ូឮដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ចូរអ្នករាល់គ្នាទៅរិះគិតមើល សេចក្ដីដែលមានចែងទុកមកថាៈ “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែសេចក្ដីមេត្តាករុណាប៉ុណ្ណោះ” មានន័យដូចម្ដេច? ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប»។