កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ ក្រុមគ្រូអប់រំជំនឿចំនួន៩នាក់ មកពីកន្លែង៣គឺព្រះសហគមន៍ក្រចេះ ខ្សឹម និងក្តុលលើ បានចូលរួមកម្មវិធីសិក្ខាសាលាមួយ នៅព្រះវិហាក្រចេះ ស្ថិតក្នុងភូមិ១ ឃុំរការកណ្តាល ស្រុកក្រចេះ ខេត្តក្រចេះ។
បងស្រីអាញែស ស្រី សុជាតិ ជាអ្នករៀបចំ និងធ្វើបទបង្ហាក្នុងសិក្ខាសានេះ បានផ្តល់បទសម្ភាសន៍ជាមួយ វិទ្យុ វើរីតាស អាស៊ី តាមសារអេឡិចត្រូនិចថា កម្មវិធីសិក្ខាសាលាគ្រូអប់រំជំនឿនេះ មានរយៈពេលពេញមួយថ្ងៃ ក្រោមប្រធានបទ «លក្ខណៈ និងតួនាទីរបស់អ្នកអប់រំជំនឿ» ។
បងស្រី សុជាតិ បន្តថា ក្នុងប្រធានបទធំមួយនេះ យើងបានចែកចេញជា៣ផ្នែកតូចៗទៀត៖ ១. រិះគិតអំពីសារៈសំខាន់នៃការអប់រំជំនឿ ២.សារៈសំខាន់របស់អ្នកអប់រំជំនឿ និងទី៣. ដំណាក់កាលផ្សេងៗនៃការអប់រំជំនឿ។
ដូនជីខ្មែររូបនេះបានបន្ថែមថា គោលដៅដែលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមរៀបចំ ជាក្រុមតូចៗ សម្រាប់គ្រូអប់រំជំនឿតាមតំបន់ផ្សេងៗ ព្រោះតែមានការបារម្ភ ពីការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។ ហើយកម្មវិធីសិក្ខាសាលានេះ គឺរំលឹកពីគរុកោសល្យ ដែលលោកគ្រូអ្នកគ្រូអប់រំជំនឿចាស់ៗបានទទួល និងពង្រឹងជំនឿបន្ថែមដល់គ្រូថ្មីៗ ឲ្យពួកគាត់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ និងតួនាទីរបស់ខ្លួនជាគ្រូអប់រំជំនឿ ឲ្យស្របទៅតាមគោលដៅ និងគម្រោងការដែលព្រះសហគមន៍បានណែនាំ។
បងប្រុស ប្រាក់ ប៊ុនហុង ជាសិក្ខាកាមម្នាក់ដែលបានចូលរួមក្នុងកម្មវិធីសិក្ខាសាលានេះ បានលើកឡើងថា «ខ្ញុំបានទទួលបទពិសោធថ្មីបន្ថែម ទាំងខាងជំនឿខ្លួន និងចំណេះដឹងថ្មី ក្នុងការបន្តជំនឿ ទៅបងប្អូនជំនាន់ក្រោយដែលចង់ដឹងពីព្រះយេស៊ូ»។
បងប្រុស ហុង បន្ថែមទៀតថា «កម្មវិធិសិក្ខាសាលានេះ បានជាជួយលើកទឹកចិត្តដល់គ្រូអប់រំជំនឿទាំងអស់ ដែលបានចំណាយពេលវេលាច្រើន ក្នុងប្រកាសដំណឹងល្អតាមរយៈការបង្រៀន ឲ្យបន្ត យកចិត្តទុកដាក់ និងពោរពេញដោយអំណរសប្បាយ ក្នុងបេសកកម្មដែលខ្លួនកំពង់តែបំពេញកន្លងមក»។
ព្រះសហគមន៍ភូមិភាគកំពង់ចាម បានរៀបចំកម្មវិធីនេះរៀងរាល់ ២ ឬ៣ខែម្តង ជារៀងរាល់ឆ្នាំ តែដោយសាយវិបត្តិកូវីដ១៩ សកម្មភាពជាច្រើនរបស់ព្រះសហគមន៍ក៏ត្រូវបានផ្អាកមួយរយៈ។ ហើយកម្មវិធីសិក្ខាសាលាកាលពីថ្ងៃទី១៦កន្លងទៅ រៀបចំដោយគណៈកម្មាអប់រំជំនឿភូមិភាគកំពង់ចាម ដែលធ្វើជាលើកទី៣ ក្នុងឆ្នាំនេះ ក្រោមវត្តមាន បងស្រី អាញែស ស្រី សុជាតិ ជាអ្នកពន្យល់ និងណែនាំ៕