បព្វជិតកាតូលិក និងព្រះសង្ឃពុទ្ធសាសនា​ រួមគ្នាធ្វើពិធីដាំដើមឈើ និងបំបួសដើមពោធិ៍ចំនួន២ដើម

បាត់ដំបង៖ ព្រះសហគមន៍កាតូលិកបាត់ដំបងបានរៀបចំកម្មវិធីដាំដើមឈើ និងបំបួសដើមពោធិ៍២ដើម ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលទេព ច័ន្ទពិសិដ្ឋ លោកបូជាចារ្យ ព្រះសង្ឃ សមណនិសិ្សត និងគ្រីស្តបរិស័ទមួយចំនួន នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងពិធីនោះ លោកអភិបាលទេព ច័ន្ទពិសិដ្ឋ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបងបានមានប្រសាសន៍ថា ៖ «យើងរួមគ្នានៅថ្ងៃនេះ នៅក្នុងទ្វារអន្តរជាតិ អធិដ្ឋាន និងការពារថែរក្សាបរិស្ថាន នេះជាឆ្នាំទី៥ហើយដែលយើងរួមគ្នាជាមួយព្រះសង្ឃ បូជាចារ្យកាតូលិក និងបងប្អូនសហការី ដើម្បីលើកទឹកចិត្តគ្នានិងមានសកម្មភាពរួម»។

លោកអភិបាលបានបន្តថា ៖ «យើងមានអំណរសប្បាយដោយព្រះសង្ឃ និងសហការី នៅពុទ្ធិកសកវិទ្យាល័យសីហនុរាជ បានចូលរួមដាំដើមឈើ និងបំបួសដើមពោធិ៍២ដើម ដែលមាននៅក្នុងបរិវេណព្រះសហគមន៍កាតូលិក ដែលនេះជានិមិត្តរូបមួយ នាំឲ្យយើងមានកម្លាំងច្រើន»។

លោកអភិបាលទេព ច័ន្ទពិសិដ្ឋ បានបន្ថែមទៀតថា ការដាំដើមឈើ បច្ចុប្បន្ននេះ ត្រូវថែរក្សាការពារសម្រាប់អនាគត និងបង្ហាញសេចក្តីស្រលាញ់រួមគ្នា ហើយការបំបួសដើមពោធិ៍ ដែលព្រះសង្ឃជួយបំបួស គឺឲ្យគ្រប់គ្នាស្រលាញ់បរិស្ថាន ស្រលាញ់ដើមឈើដែលមាន។

លោកអភិបាលមានប្រសាសន៍ថា ៖ «នេះជាសញ្ញាមួយដែលលើកទឹកចិត្តយើង ឲ្យយើងវាយតម្លៃច្បាស់អំពីបរិស្ថានដែលយើងត្រូវការពារថែរក្សា  និងស្រលាញ់ ដោយសារនេះជាព្រះអំណោយទានដែលយើងបានទទួល យើងនៅកណ្តាលបរិស្ថាន យើងស្រលាញ់ជីវិតយើង ដូច្នេះយើងត្រូវថែរក្សា ស្រលាញ់បរិស្ថានដែលយើងមាន»។

ស្របពេលជាមួយគ្នានោះដែរ ព្រះតេជគុណ វី សុវិជ្ជា ជានាយកពុទ្ធិកសកលវិទ្យាល័យសីហនុរាជ ក៏បានមានសង្ឃដីកាដែរថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ការប្រារព្ធកម្មវិធីនានាមិនបានធំទូលាយទេ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩  ប៉ុន្តែទោះជាយ៉ាងនេះក្តី ខាងពុទ្ធិកសកលវិទ្យាល័យសីហនុរាជ ក៏ដូចជាព្រះសហគមន៍កាតូលិកបាត់ដំបង តែងតែមានសកម្មភាពរួមគ្នា ជានិមិត្តរូបនៃមិត្តភាព សន្តិភាព សាមគ្គីភាព ភាតរភាព នៅក្នុងនាមជាប្រជាពលរដ្ឋនៃពិភពលោក។

ព្រះអង្គបានបន្តថា ៖ «ទោះយើងមានជំនឿខុសគ្នាយ៉ាងណា  យើងមានសញ្ជាតិខុសគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែយើងជាមនុស្សដូចគ្នាដែលកើតឡើងនៅក្នុងភពផែនដីនេះ យើងត្រូវតែហៅរកគ្នាដើម្បីឲ្យមានការឯកភាព សាមគ្គីភាព ជានិមិត្តរូបដែលយើងជាថ្នាក់ដឹកនាំសាសនា យើងអាចគិតថាជាផ្នែកមួយដ៏សំខាន់ នៅក្នុងការធ្វើឲ្យបរិស័ទនៃសាសនានីមួយៗ មានការស្រលាញ់គ្នាទៅវិញទៅមក»។ 

ព្រះតេជគុណ វី សុវិជ្ជា មានសង្ឃដីកាបន្តថា ថ្ងៃនេះ សាសនាទាំងពីរបានធ្វើសកម្មភាពរួមគ្នាដូចជាការដាំដើមឈើ និងបំបួសដើមពោធិ៍បែបអន្តរសាសនា។ សកម្មភាពនេះ ធ្វើឡើងសម្រាប់បង្ហាញប្រាប់ប្រជាពលរដ្ឋថា ដើមឈើគឺជាជីវិតទាំងអស់គ្នា ទាមទារឲ្យមានការគោរព។

ព្រះតេជគុណ វី សុវិជ្ជា បានបញ្ជាក់ថា ៖ «នៅក្នុងតម្លៃនៃព្រះពុទ្ធសាសនា នៅក្នុងម្លប់មួយនៃម្លប់ទាំងប្រាំមួយ គឺរុក្ខឆ័យា ការយកម្លប់ជាទីពឹង ទីរលឹកយើងចាំបាច់ត្រូវតែថែទាំដើមឈើ ឲ្យបានគង់វង្សមិនមែនតែដើមឈើនៅតាមគេហដ្ឋានទេ ប៉ុន្តែយើងត្រូវចងចាំថាដើមឈើគឺជាម្លប់នៃជីវិតរបស់យើងទាំងអស់គ្នា ជានិមិត្តរូបនៃពិភពលោក»។

ព្រះតេជគុណបន្តថា ៖ «សូមឲ្យយើងគិតគូរយកដើមឈើជាទីពឹង ជាទីពំនាក់របស់យើង និងថែរក្សាដើមឈើដើម្បីជាប្រយោជន៍រួមរបស់មនុស្សជាតិ ព្រោះដើមឈើមានប្រយោជន៍ណាស់ សម្រាប់អាយុជីវិតរបស់យើង និងផ្តល់អ្វីគ្រប់យ៉ាងឲ្យយើង ។ ដូច្នេះសូមបងប្អូនគ្រប់និនាការទាំងអស់ យើងរួបរួមគ្នាដើម្បីការពារថែរក្សាដើមឈើ និងបរិស្ថានធម្មជាតិ»។

គួរបញ្ជាក់ផងដែរថា ព្រះសហគមន៍កាតូលិកបាត់ដំបង តែងតែរៀបចំកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ ជាកម្មវិធីផ្នែកអន្តរសាសនា រួបរួមគ្នាថែរក្សាការពារបរិស្ថាន ហើយនេះជាលើកទី៥ហើយ ដែលព្រះសហគមន៍ និងពុទ្ធិកសកលវិទ្យាល័យសីហនុរាជ សាខាខេត្តបាត់ដំបងបានរួមគ្នាដាំដើមឈើនេះ៕

Facebook
Twitter
LinkedIn