អត្ថបទទី ១
អត្ថបទរបស់ព្យាការីអេសាយ ៥៨ៈ ៦-១១
ការតមអាហារដែលគាប់ចិត្តយើង
គឺត្រូវដោះលែងអ្នកទោស
ដែលអ្នកយកមកដាក់ច្រវាក់ដោយអយុត្តិធម៌
ត្រូវដោះនឹមដែលអ្នកដាក់លើគេនោះចេញ
ត្រូវដោះលែងអ្នកដែលត្រូវគេសង្កត់សង្កិន
អោយមានសេរីភាពឡើងវិញ
ពោលគឺត្រូវបំបាក់នឹមគ្រប់យ៉ាង។
៧ ត្រូវចែកអាហារអោយអ្នកស្រេកឃ្លាន
ត្រូវទទួលជនក្រីក្រ ដែលគ្មានទីជំរក
អោយស្នាក់នៅជាមួយ។
បើឃើញនរណាម្នាក់គ្មានសម្លៀកបំពាក់
ត្រូវចែកអោយគ្នាស្លៀកពាក់ផង
ហើយមិនត្រូវគេចខ្លួនពីបងប្អូនណា
ដែលមកពឹងពាក់អ្នកឡើយ។
បើប្រព្រឹត្តដូច្នេះ ពន្លឺរបស់អ្នក
នឹងលេចចេញមកដូចថ្ងៃរះ
ស្នាមរបួសរបស់អ្នកនឹងបានជាយ៉ាងឆាប់រហ័ស
សេចក្ដីសុចរិតរបស់អ្នក
នឹងស្ថិតនៅពីមុខអ្នកជានិច្ច
ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់
ក៏ស្ថិតនៅពីក្រោយអ្នកដែរ។
៩ ប្រសិនបើអ្នកស្រែកអង្វរ
ព្រះអម្ចាស់នឹងព្រះសណ្ដាប់អ្នក។
បើអ្នកស្រែកហៅព្រះអង្គ
នោះទ្រង់នឹងមានព្រះបន្ទូលតបមកវិញថា
“យើងមកហើយ!”។
ប្រសិនបើអ្នកឈប់ជិះជាន់ ឈប់គំរាមកំហែង
ឈប់ចោទមួលបង្កាច់គេ
ប្រសិនបើអ្នកសុខចិត្តបេះអាហារពីមាត់ខ្លួន
យកទៅអោយអ្នកដែលស្រេកឃ្លាន
ប្រសិនបើអ្នកយកម្ហូបអាហារ
ទៅចំអែតមនុស្សទុគ៌ត
នោះពន្លឺរបស់អ្នកនឹងចែងចាំងក្នុងទីងងឹត
ហើយភាពងងឹតរបស់អ្នកនឹងប្រែទៅជាភ្លឺ
ដូចពន្លឺថ្ងៃត្រង់ដែរ។
ព្រះអម្ចាស់នឹងដឹកនាំអ្នកជានិច្ច
ទោះបីអ្នកដើរនៅក្នុងវាលហួតហែងក្ដី
ក៏ព្រះអង្គប្រទានអាហារដ៏បរិបូណ៌អោយអ្នក
និងប្រទានអោយអ្នកមានកម្លាំងមាំមួន។
អ្នកនឹងប្រៀបដូចជាសួនច្បារ
ដែលសម្បូណ៌ទៅដោយទឹក
ឬដូចជាប្រភពទឹកដែលមិនចេះរីង។
ទំនុកទំនុកតម្កើងលេខ ១ៈ ១-៤, ៦
១. អ្នកមិនប្រព្រឹត្ត តាមមនុស្សទុច្ចរិត មិនស្តាប់ទូន្មាន ហើយមិនចូលចិត្ត ដើរតាមស្នាដាន អ្នកនោះនឹងមាន មង្គលពេកក្រៃ ។
២. តែតាមការពិត ពួកគេចូលចិត្ត នឹងធម្មវិន័យ របស់ព្រះម្ចាស់ ទាំងយប់ទាំងថ្ងៃ សញ្ជឹងរំពៃ ឥមានភ្លេចភ្លឹក ។
៣. អ្នកនោះប្រៀបបាន ដើមឈើល្អថ្កាន ដុះក្បែរផ្លូវទឹក មិនស្លោកស្រពោន អោយផលផ្លែស្លឹក ចំរើនសន្ធឹក តាមកាលរដូវ ។
៤. រីមនុស្សអាក្រក់ មានចិត្តគំរក់ កេរ្តិ៍ឈ្នោះអាស្រូវ ពួកគេប្រៀបបាន អង្កាមដែលត្រូវ ខ្យល់ផាត់ប៉ើងទៅ បាចសាចខ្ចាត់ខ្ចាយ ។
៦. ដ្បិតព្រះអម្ចាស់ ស្គាល់ប្រាកដណាស មាគ៌ាប្រណីត នៃមនុស្សល្អ ស្មោះសរសុចរិត មាគ៌ាឧក្រិដ្ឋ នាំខ្លួនអន្តរាយ ។
ព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ ២៥ៈ ៣១-៤០
ការកាត់ទោសនៅគ្រាចុងក្រោយបង្អស់
«នៅពេលបុត្រមនុស្សយាងមក ជាមួយពួកទេវទូត*ប្រកបដោយសិរីរុងរឿង លោកនឹងគង់នៅលើបល្ល័ង្កដ៏រុងរឿង។ ពេលនោះ មនុស្សគ្រប់ជាតិសាសន៍នឹងមកផ្ដុំគ្នានៅមុខលោក លោកនឹងញែកគេចេញពីគ្នា ដូចអ្នកគង្វាលញែកចៀមចេញពីពពែ គឺអោយចៀមនៅខាងស្ដាំ ពពែនៅខាងឆ្វេង។ ពេលនោះ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកនៅខាងស្ដាំព្រះអង្គថា “អស់អ្នកដែលព្រះបិតាខ្ញុំបានប្រទានពរអើយ! ចូរនាំគ្នាមកទទួលព្រះរាជ្យ ដែលទ្រង់បានរៀបទុកអោយអ្នករាល់គ្នា តាំងពីកំណើតពិភពលោកមក ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានអោយអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានអោយទឹកយើងពិសា កាលយើងជាជនបរទេស អ្នករាល់គ្នាបានទទួលយើងអោយស្នាក់អាស្រ័យ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាបានយកសម្លៀកបំពាក់មកអោយយើង កាលយើងមានជំងឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខយើង ហើយកាលយើងជាប់ឃុំឃាំង អ្នករាល់គ្នាក៏បានមកសួរយើងដែរ”។ ពួកអ្នកសុចរិតទូល ព្រះអង្គវិញថាៈ “បពិត្រព្រះអម្ចាស់! តើយើងខ្ញុំដែលបានឃើញព្រះអង្គឃ្លាន ហើយយកម្ហូបអាហារមកថ្វាយព្រះអង្គសោយ ឬឃើញព្រះអង្គស្រេក ហើយយកទឹកមកថ្វាយព្រះអង្គសោយពីអង្កាល់?។ តើយើងខ្ញុំដែលបានឃើញព្រះអង្គជាជនបរទេស ហើយទទួលព្រះអង្គអោយស្នាក់អាស្រ័យ ឬឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ហើយយកសម្លៀកបំពាក់មកថ្វាយព្រះអង្គពីអង្កាល់?។ តើយើងខ្ញុំដែលបានឃើញព្រះអង្គប្រឈួន ឬជាប់ឃុំឃាំង ហើយមកសួរសុខទុក្ខព្រះអង្គពីអង្កាល់?”។ ព្រះមហាក្សត្រនឹងមាន ព្រះបន្ទូលតបទៅគេថា “យើងសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្តអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្តចំពោះយើងដែរ”។