ព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ១១ៈ ១៩-២៧
ក្រោយមក ព្រះអង្គមានព្រះបន្ទូលទៅគេថែមទៀតថា៖ «ឡាសារជាមិត្តសំឡាញ់របស់យើងសំរាន្តលក់ទៅហើយ ខ្ញុំត្រូវតែទៅដាស់គាត់ឲ្យភ្ញាក់ឡើងវិញ»។ ក្រុមសាវ័កទូលព្រះអង្គថា៖«បពិត្រព្រះអម្ចាស់ ប្រសិនបើគាត់សំរាន្តលក់ដូច្នេះ គាត់នឹងបានជាវិញមិនខាន»។ តាមពិតព្រះយេស៊ូចង់មានព្រះបន្ទូលថា លោកឡាសារស្លាប់បាត់ទៅហើយ ប៉ុន្តែក្រុមសាវ័កស្មានថាព្រះអង្គមានព្រះបន្ទូលថា គាត់សំរាន្តលក់ធម្មតា។ ហេតុនេះហើយ បានជាព្រះអង្គមានព្រះបន្ទូលបញ្ជាក់ យ៉ាងច្បាស់ថា៖ «ឡាសារស្លាប់ទៅហើយ បើគិតពីប្រយោជន៍អ្នករាល់គ្នា ខ្ញុំសប្បាយចិត្តដោយខ្ញុំមិនបាននៅទីនោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ។ ឥឡូវនេះយើងនាំគ្នាទៅផ្ទះគាត់»។ ពេលនោះ សាវ័កថូម៉ាស់ ហៅឌីឌីម ពោលទៅសាវ័កឯទៀតថា៖ «មក !យើងនាំគ្នាទៅរួមស្លាប់ជាមួយព្រះអង្គដែរ!»។ ព្រះយេស៊ូជាអ្នកផ្តល់ជីវិតរស់ឡើងវិញ កាលព្រះយេស៊ូយាងទៅដល់ ព្រះអង្គក៏ជ្រាបថា គេបានដាក់សពលោកឡាសារក្នុងផ្នូរបួនថ្ងៃហើយ។ ភូមិបេថានីមានចម្ងាយប្រមាណបីគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។ មានជនជាតិយូដាជាច្រើន នាំគ្នាមកជួយរំលែកទុក្ខនាងម៉ាថា និង នាងម៉ារីក្នុងពេលប្អូនស្លាប់។ កាលនាងម៉ាថាបានដឹងថា ព្រះយេស៊ូយាងមកដល់នាងក៏ចេញទៅទទួលព្រះអង្គ រីឯនាងម៉ារីវិញនាងអង្គុយនៅក្នុងផ្ទះ។ នាងម៉ាថាទូលព្រះយេស៊ូថា៖ «លោកម្ចាស់ ! ប្រសិនបើលោកបាននៅទីនេះប្អូននាងខ្ញុំមិនស្លាប់ទេ។ ប៉ុន្តែឥឡូវនេះ នាងខ្ញុំដឹងថា បើលោកសុំអ្វីពីព្រះជាម្ចាស់ក៏ដោយ ព្រះអង្គមុខជានឹងប្រទានឲ្យមិនខាន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ប្អូននាងនឹងរស់ឡើងវិញ»។ នាងទូលទៅព្រះអង្គវិញថា៖ «នាងខ្ញុំដឹងហើយ នៅថ្ងៃចុងក្រោយបំផុត កាលណាមនុស្សស្លាប់នឹងរស់ឡើងវិញ ប្អូននាងខ្ញុំក៏នឹងរស់ឡើងវិញដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំហ្នឹងហើយ ដែលប្រោសមនុស្សឲ្យរស់ឡើងវិញខ្ញុំនឹងផ្តល់ឲ្យគេមានជីវិត។ អ្នកណាជឿលើខ្ញុំទោះបីស្លាប់ទៅហើយក៏ដោយក៏នឹងបានរស់ជាមិនខាន។ រីឯអស់អ្នកដែលកំពុងតែមានជីវិត នៅរស់ហើយជឿលើខ្ញុំមិនស្លាប់សោះឡើយ តើនាងជឿសេចក្តីនេះឬទេ?»។ នាងម៉ាថាទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ខ្ញុំម្ចាស់ជឿថា ព្រះអង្គពិតជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះអង្គដែលត្រូវយាងមកក្នុងពិភពលោកនេះមែន!»។