ព្រះសហគមន៍កាតូលិកបាត់ដំបង ផ្តល់សម្ភារថែទាំសុខភាពនិងទឹកបរិសុទ្ធ ដល់មណ្ឌលចត្តាឡីស័កស្រុករតនៈមណ្ឌល

នាព្រឹកថ្ងៃទី០៧ ខែកក្កដា នេះ ព្រះសហគមន៍កាតូលិកបាត់ដំបង ដឹកនាំដោយបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍កាតូលិកបាត់ដំបង និងក្រុមការងារ បាននាំយកសម្ភារមួយចំនួនដែលមាន ម៉ាស់ចំនួន៥០០០ម៉ាស់, ទឹកបរិសុទ្ធចំនួន៥០យួរ និងទឹកអាល់កុលចំនួន២កាន ជូនដល់មណ្ឌលចត្តាឡីសក័ស្រុករតនៈមណ្ឌល តាមរយៈមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង។

ក្នុងពិធីប្រគល់នេះ លោកម៉ានុច កុមារឯកា ជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍កាតូលិកបាត់ដំបង បានលើកឡើងថា អំណោយទាំងនេះត្រូវបានផ្តល់ជូន តាមការស្នើពីមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង ហើយក្នុងនាមព្រះសហគមន៍បាត់ដំបងក៏បានរៀបចំជូនដល់មន្ទីរដើម្បីចាត់ចែក សម្រាប់ប្រើប្រាស់នៅក្នុងមណ្ឌលចត្តាឡីស័កដែលកំពុងខ្វះខាតផងដែរ។

ស្របពេលជាមួយគ្នានោះដែរ លោកគុណ សម្បត្តិមុនីរតន៍ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង ក៏បានមានប្រសាសន៍ថា៖ «ក្នុងនាមមន្ទីរដែលតែងតែយកជំនួយទាំងឡាយ ចុះទៅដល់មូលដ្ឋានមណ្ឌលចត្តាឡីស័ក ហើយជំនួយដែលបានមកពីព្រះសហគមន៍កាតូលិកបាត់ដំបងនេះ គឺបំរុងយកទៅខាងមណ្ឌលចត្តាឡីស័កស្រុករតនៈមណ្ឌល»។

នៅមណ្ឌលចត្តាឡីស័កស្រុករតនៈមណ្ឌល មានពលករ អ្នកចំណាកស្រុក ត្រឡប់មកពីប្រទេសថៃ ដែលត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កជាច្រើននាក់។

បើតាម លោក គុណ សម្បត្តិមុនីរតន៍ ក្នុងស្រុករតនៈមណ្ឌលនេះ ក៏ត្រូវបានរៀបចំជាទីតាំងដាក់បូជាសពអ្នកស្លាប់ដោយជំងឺកូវីដ១៩ផងដែរ ដូច្នេះហើយកន្លែងនោះជាតំបន់ដែលមានហានិភ័យច្រើន និងកំពុងខ្វះខាតផងដែរ។

លោកបានមានប្រសាសន៍ថា ៖ «នៅកន្លែងបូជាសព ក្រុមការងារកំពុងខ្វះខាតម៉ាស់ និងទឹកអាល់កុល និងខាងមណ្ឌលចត្តាឡីស័កវិញតម្រូវការចាំបាច់ជារៀងរាល់ថ្ងៃនោះគឺទឹកបរិសុទ្ធសម្រាប់ប្រើប្រាស់»។

លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបងរូបនេះ បានថ្លែងអំណរគុណចំពោះព្រះសហគមន៍កាតូលិកបាត់ដំបង ដែលតែងតែចូលរួមចំណែកជួយ និងឧបត្ថម្ភដល់មន្ទីររបស់លោកនាពេលកន្លងមក។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលព្រះសហគមន៍កាតូលិកបាត់ដំបងបានផ្តល់អំណោយជាម៉ាស់ និងទឹកអាល់ជូនដល់ខាងមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង៕

Facebook
Twitter
LinkedIn