ដោយសារតែវិបត្តជម្ងឺកូវីដ-១៩ លោកបូជាចារ្យ ទទួលខុសត្រូវ ព្រះសហគមន៍ប៊ូស្រា បានផ្អាក និងលើកពេល ធ្វើអគ្គសញ្ញាជ្រមុជទឹកជូន បងប្អូនដែលបានត្រៀមជាយូរឆ្នាំ គឹបានខកខានពីមួយឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែកាលពីពេលថ្មីៗនេះការទន្ទឹងរង់ចាំរបស់បងប្អូនបានមកដល់ គឺ បេក្ខជនជាមនុស្សពេញវ័យ និងកុមារមួយចំនួនតូចបានទទួលអគ្គសញ្ញាជ្រមុជទឹក និងលាបថ្ងាសយ៉ាងស្ងៀមស្ងាត់។ អ្នកចូលរួម មានតែបេក្ខជន បងធម៌ និងលោកបូជាចារ្យតែប៉ុណ្ណោះ។
ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍ ទី ០១ ខែ កក្កដា ឆ្នាំ ២០២១ ដោយលោកបូជាចារ្យហ្រ្វង់ស័រ អេមេល្សដាល បូជាចារ្យទទួលខុសត្រូវនៅព្រះសហគមន៍កាតូលិកប៊ូស្រា ស្ថិតនៅក្នុងភូមិ ឡាំមេះ ឃុំ ប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។
លោកហ្រ្វង់ស័រ អេមេល្សដាល បានឲ្យដឹងថា៖”បេក្ខជនទាំងនោះបានរៀនអប់រំជំនឿ គេត្រៀមចិត្តត្រៀមកាយ ដើម្បីក្លាយជាគ្រីស្តបរិស័យូរហើយ ប្រមាណជិត២ឆ្នាំ ក្នុងនោះក៏មានបងប្អូនថ្មីៗជាច្រើននាក់ផងដែរ កំពុងរងចាំអគ្គសញ្ញាជ្រមុជទឹកនេះ”។
លោកបូជាចារ្យបន្តថា ដោយមានការយល់ព្រម និងអនុញ្ញាត្តពីលោកអភិបាល តាមការស្នើសុំជាច្រើនខែកន្លងមកទើបលោក និងគណៈកម្មការព្រះសហគមន៍ សម្រេចចិត្ត រៀបចំឲ្យបងប្អូនបានទទួលអគ្គសញ្ញាជ្រមុជទឹក ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺធ្វើម្តងតែ៤ទៅ៥នាក់តែប៉ុណ្ណោះ។
លោកបន្ថែមថា សព្វថ្ងៃបងប្អូនដែលត្រៀមទទួលអគ្គសញ្ញាជ្រមុជទឹកចំនួន៣៧នាក់ក្នុងឆ្នាំ២០២១។ បេក្ខជនចំនួន១២នាក់ហើយបានទទួលអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាលាបថ្ងាសនៅព្រះសហគមន៍កាតូលិកប៊ូស្រា អ្នកទាំងនោះជាបងប្អូនជនជាតិដើមភាគតិចពូណង(ព្នង)។
លោកបូជាចារ្យហ្រ្វង់ស័រ អេមេល្សដាល បានដាស់តឿន ដល់គ្រីស្តបរិស័ទាំងអស់ កុំឲ្យអស់សង្ឃឹម! កុំធ្លាក់ទឹកចិត្ត! ក្រោកឡើងខំតស៊ូជាមួយស្ថានភាពដែលយើងកំពុងជួប កុំឲ្យយើងរស់ក្នុងសភាពភ័យខ្លាចខ្លាំងពេក តែត្រូវមានរបៀបក្នុងការការពាខ្លួន។
លោកសង្កត់ធ្ងន់ថា៖”ទោះជាយ៉ាងណាសូមបងប្អូនកុំភ្លេចខ្លួន ថាយើងជានណា? ត្រូវរក្សាជំនឿយ៉ាងណា? សូមរកវិធីដើម្បីអាចចូលរួមអភិបូជាថ្ងៃអាទិត្យបាន ដោយដាក់វេនគ្នា ដើម្បីកុំឲ្យមានគ្នាច្រើន។ កុំរសាយចិត្ត ត្រូវអត់ធ្មត់ អធិដ្ឋាន បន្តសកម្មកាពធម៌មេត្តាករុណា ជាពិសេសសូមទុកចិត្តទៅលើព្រះជាម្ចាស់ និងផ្ញើជីវិតទាំងស្រុងទៅព្រះអង្គ កុំឲ្យយើងរស់នៅក្នុងប្រអប់ដែលពោពេញដោយភាពភ័យខ្លាច”។
គិតរហូតមកដល់ពេលនេះគ្រីស្តបរិស័ទ ក្នុងព្រះសហគមន៍កាតូលិកប៊ូស្រា មានចំនួនជាង២៥០នាក់។ បងប្អូនដែលកំពុងស្វែងរកយល់ ជំនឿ ទាំងមនុស្សពេញវ័យ និងកុមារ មានប្រមាណជាង៥០នាក់៕
ដោយ៖ ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកភូមិភាគកំពង់ចាម